(ហ្ស៊េរុយសាឡឹម)៖ កាលពីដើមខែមិថុនាកន្លងទៅ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានបើកកិច្ចប្រជុំជាមួយក្រុមមន្ត្រីសន្តិសុខកំពូលៗរបស់ លោកនៅក្នុងលេណដ្ឋានមួយកន្លែង ដែលនេះប្រៀបដូចជាកិច្ចប្រជុំក្នុងពេលមានសង្គ្រាម។ ផ្នែកមួយចំនួនស្ថិតនៅភាគខាងជើងអ៉ីស្រាអែល បាន និងកំពុងត្រៀមលក្ខណៈ សម្រាប់សង្រ្គាមអស់រយៈពេលជាយូរមកហើយ រីឯយោធាអ៉ីស្រាអែលវិញក៏កំពុងដុតដៃដុតជើងអភិវឌ្ឍប្រព័ន្ធអាវុធឡាស៊ែរថ្មីមួយ ដើម្បីកម្ទេចគ្រាប់រ៉ុក្កែតផងដែរ ខណៈ​កំពុងផ្តោតទៅលើអ៉ីរ៉ង់ និងមហិច្ឆតានុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។

ជាច្រើនសិបឆ្នាំមកនេះ អ៉ីស្រាអែលបានចាត់ទុកអ៉ីរ៉ង់ដែលក្នុងករណីផលិតបានអាវុធនុយក្លេអ៊ែរ ជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខជាតិរបស់ខ្លួនទាំងមូល ស្របពេល អ៉ីរ៉ង់កំពុងបញ្ជាសម្ព័ន្ធមិត្តរបស់ខ្លួនទាំងក្នុងប្រទេសស៊ីរី លីបង់ និងផ្នែកខ្លះនៃដែនដីប៉ាឡេស្ទីន ងើបប្រឆាំងនឹងអ៉ីស្រាអែល។ ប៉ុន្តែ អ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះទៅទៀត នោះគឺ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អ៉ីរ៉ង់បានងើបចេញពីភាពឯកោ តាមរយៈការពង្រឹងទំនាក់ទំនងយោធាជាមួយរុស្ស៉ី និងបានស្ដារទំនាក់ទំនងការទូតឡើងវិញ ជាមួយអារ៉ាប៊ីសាអូឌីត ព្រមទាំងត្រូវបានគេរាយការណ៍ផងដែរថាបានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិតគ្រប់គ្រាន់អាចផលិតគ្រាប់បែកនុយក្លេអ៊ែរមួយគ្រាប់ បើទោះជាទីក្រុងតេហេរ៉ង់បដិសេធថាខ្លួនគ្មានគម្រោងផលិតអាវុធនុយក្លេអ៊ែរក៏ដោយ។ ការប្រែប្រួលស្ថានការណ៍ទាំងនេះ រួមទាំងវិបត្តិនយោបាយក្នុងប្រទេសអីស្រាអែល បង្កឡើងដោយការប៉ុនប៉ងធ្វើកំណែទម្រង់ប្រព័ន្ធតុលាការរបស់លោក Netanyahu បានជំរុញឱ្យរដ្ឋាភិបាលរបស់លោកឈរលើគោលជំហរមួយ ដែលកំពុងធ្វើឱ្យគេគ្រប់គ្នា ដឹងថាលោកនឹងមិនស្ទាក់ស្ទើរឡើយក្នុងការធ្វើសកម្មភាព ប្រសិនបើលែងអាចអត់ធ្មត់បានចំពោះអ៉ីរ៉ង់។

* ចាំកាន់តែយូរ អ៉ីរ៉ង់កាន់តែខ្លាំង?
លោក Dennis Ross ជាអតីតបេសកជនទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក បាននិយាយថាសព្វថ្ងៃ អ៉ីរ៉ង់កំពុងពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន កាន់តែខ្លាំង ដែលនេះមានន័យថាអ៉ីស្រាអែលអាចនឹងមានជម្រើសតិចតួចបំផុត ដើម្បីបើកការវាយប្រហារ។ លោក Dennis Ross បានគូសបញ្ជាក់ដូច្នេះថា «ដោយសារតែ បានធ្វើការលើកិច្ចការនេះ និងបានជជែកជាមួយក្រុមមន្ត្រីអ៉ីស្រាអែលអស់រយៈពេលជាច្រើនឆ្នាំ រឿងមួយដែលខ្ញុំអាចជឿជាក់បាន នោះគឺពួកគេ (អ៉ីស្រាអែល) មិនដែល បណ្ដោយឱ្យខ្លួនឯងបាត់បង់ជម្រើសនោះទេ...»។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Bloomberg TV ក្នុងទីក្រុងញូវយ៉ក កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីសេដ្ឋកិច្ចអ៉ីស្រាអែល លោក នៀ បាកាត់ (Nir Barkat) បានលើកឡើងថា «អ៉ីរ៉ង់កំពុងគំរាមកំហែងដល់ពិភពលោកទាំងមូល។ ពួកគេចង់ផលិតគ្រាប់បែកនុយក្លេអ៊ែរដើម្បីប្រើប្រាស់។ យើងប្រហែលជាគោលដៅទីមួយរបស់ពួកគេ ប៉ុន្តែយើងក៏មិនមែនជាគោលដៅតែមួយគត់នោះដែរ»។ តែទោះយ៉ាងណាក៏ដោយ ថាតើអ៉ីស្រាអែលអាចសម្រេចចិត្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ដែរ ឬក៏យ៉ាងណា វានៅតែស្ថិត នៅក្នុងការសង្ស័យនៅឡើយ ជាពិសេសក្នុងករណីដែលអ៉ីស្រាអែលធ្វើការសម្រេចចិត្តធ្វើសកម្មភាពតែម្នាក់ឯង ដោយមិនមានសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកបានបញ្ជាក់ ជារឿយៗថាខ្លួនចង់ដោះស្រាយជាមួយអ៉ីរ៉ង់ លើកម្មវិធីនុយក្លេអ៊ែរ តាមមធ្យោបាយការទូត។ ប៉ុន្តែ លោក Netanyahu បានជំទាស់ចំពោះគោលជំហរសព្វថ្ងៃ របស់សហរដ្ឋអាមេរិក ចំពោះអ៉ីរ៉ង់ ដោយសង្កត់ធ្ងន់ថា «ការទូតអាចដំណើរការទៅបាន លុះត្រាតែវាដើរទន្ទឹមគ្នានឹងយោធា»។

* ចលាចលផ្ទៃក្នុង
សម្រាប់ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយក្នុងប្រទេសអ៉ីស្រាអែល វាមានការសង្ស័យកាន់តែខ្លាំងឡើងថាលោក Netanyahu អាចនឹងបញ្ជាឱ្យមានការបើក ការវាយប្រហារលើអ៉ីរ៉ង់។ លោកស្រី ឌីណា អេសហ្វានដាយរី (Dina Esfandiary) ជាទីប្រឹក្សាជាន់ខ្ពស់ម្នាក់ខាងកិច្ចការមជ្ឈិមបូព៌ា មកពីអង្គការ International Crisis Group យល់ថាលោក Netanyahu អាចនឹងប្រើប្រាស់ជម្លោះជាមួយអ៉ីរ៉ង់ដើម្បីបង្វែរការចាប់អារម្មណ៍របស់ប្រជាជនអ៉ីស្រាអែល ចេញពីវិបត្តិនយោបាយនៅក្នុងស្រុក ដែលបង្កឡើងដោយការប៉ុនប៉ងធ្វើកំណែទម្រង់ប្រព័ន្ធតុលាការរបស់លោកផ្ទាល់។ «នៅពេលដែលមានចលាចលផ្ទៃក្នុង មធ្យោបាយមួយដ៏ល្អដើម្បីស្ដារស្ថានការណ៍ នោះគឺ អ្នកត្រូវប្រាប់ប្រជាជនរបស់អ្នកថាប្រទេសជាតិកំពុងរងការគំរាមកំហែងពីសត្រូវខាងក្រៅ»។ នេះជាការកត់សម្គាល់របស់លោកស្រី អេសហ្វានដាយរី។

គួររំលឹកថា កាលពីឆ្នាំ១៩៨១ យន្ដហោះចម្បាំងអ៉ីស្រាអែលបានដឹកនាំការវាយប្រហារលើរ៉េអាក់ទ័រនុយក្លេអ៊ែរមួយក្នុងប្រទេសអ៉ីរ៉ាក់ និងវាយប្រហារលើមូលដ្ឋានមួយ ក្នុងប្រទេសស៊ីរីដែលយោធាអ៉ីស្រាអែលសង្ស័យថាជារ៉េអាក់ទ័រនុយក្លេអ៊ែរ ហើយបច្ចុប្បន្នក៏មានការពិភាក្សាពីជម្រើសវាយប្រហារបែបនេះប្រឆាំងនឹងអ៉ីរ៉ង់ផងដែរ។ នៅក្រោម ការដឹកនាំរបស់លោក Netanyahu អ៉ីស្រាអែលប៊ិះនឹងដឹកនាំការវាយប្រហារបែបនេះដល់ទៅ ២លើកប្រឆាំងអ៉ីរ៉ង់ ដោយក្នុងឆ្នាំ២០១០ ការសម្រេចចិត្តបែបនេះរបស់លោក ត្រូវបានក្រុមមន្ត្រីជំនិតបញ្ចុះបញ្ចូលឱ្យបោះបង់ចោល និងក្នុងឆ្នាំ២០១២ ត្រូវបានជំទាស់ដោយសហរដ្ឋអាមេរិក។ តែសព្វថ្ងៃ គណៈរដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាលលោក Netanyahu ភាគច្រើនជាអ្នកស្ដាំនិយមជ្រុល និងប្រឆាំងអ៉ីរ៉ង់ពេញទំហឹង។

* សង្រ្គាមក្នុងតំបន់ទាំងមូល?
ការវាយប្រហារណាមួយលើអ៉ីរ៉ង់ នឹងធ្វើឱ្យទីផ្សារប្រេងសកលរង្គោះរង្គើរ ហើយអាចនឹងរុញច្រានឱ្យតំបន់ទាំងមូលធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្រ្គាម ក៏ដូចជាបង្កផលប៉ះពាល់ ដល់ប្រទេសក្នុងតំបន់ តួយ៉ាងដូចជាអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមជាដើម ព្រមទាំងផ្លូវដឹកជញ្ជូនប្រេងឆ្លងកាត់តាមសមុទ្រ។ ដ្បិតបើសង្រ្គាមផ្ទុះឡើង នោះវាក៏អាច នឹងបង្កឱ្យមានការងើបឡើងប្រឆាំងនឹងអ៉ីស្រាអែលទ្រង់ទ្រាយធំ ពីសំណាក់កងជីវពលហេសប៊ូលឡានៅលីបង់ ហាម៉ាស់ នៅប៉ាឡេស្ទីន រួមទាំងកងជីវពលនិកាយស៊ីអីត ក្នុង ប្រទេសអ៉ីរ៉ាក់ និងស៊ីរី ដែលសុទ្ធសឹងតែជាខ្សែរយៈរបស់អ៉ីរ៉ង់ក្នុងតំបន់។

មើលទៅ ចង់យកឈ្នះអ៉ីស្រាអែលប្រហែលជាពិបាកនឹងទៅរួច តែអ៉ីរ៉ង់ និងសម្ព័ន្ធស៊ីអីតរបស់ខ្លួនអាចបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់អ៉ីស្រាអែល។ បើតាមលោក ប្រេតលី បូវមែន (Bradley Bowman) ជាអតីតមន្ត្រីយោធាអាមេរិកម្នាក់ កងជីវពលហេសប៊ូលឡានៅលីបង់ត្រូវបានគេរាយការណ៍ថាមានមីស៊ីលច្រើនជាង ១០០,០០០គ្រាប់ ដែលអាចបើកការសងសឹកលើអ៉ីស្រាអែល ព្រោះថាបើមីស៊ីលទាំងនេះត្រូវបានបាញ់ចេញក្នុងពេលតែមួយ នោះប្រព័ន្ធការពារដែនអាកាសអ៉ីស្រាអែល អាចនឹងត្រូវទម្លុះ។ មិនតែប៉ុណ្ណោះ ការពង្រឹងទំនាក់ទំនងយោធារបស់អ៉ីរ៉ង់ជាមួយរុស្ស៉ី ក៏ជាសារអាសន្នមួយសម្រាប់អ៉ីស្រាអែលផងដែរ។ អ៉ីរ៉ង់បានផ្ដល់យន្ដហោះដ្រូនឱ្យ រុស្ស៉ីយកទៅប្រើ ក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន ជាថ្នូរនឹងការទទួលបានការជួយពីរុស្ស៉ីក្នុងការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស និងមីស៊ីល។ ចំណែក អ៉ីស្រាអែលបានបញ្ជូនមន្ត្រីជាន់ខ្ពស់ របស់ខ្លួនទៅកាន់ទីក្រុងមូស្គូកាលពីខែឧសភាកន្លងទៅ ដើម្បីបញ្ចុះបញ្ចូលរុស្ស៉ីកុំឱ្យធ្វើដូច្នេះ។

គួរបញ្ជាក់ថា ចាប់តាំងពីអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់កាលពីឆ្នាំ២០១៨ ទីក្រុងតេហេរ៉ង់ ត្រូវបានគេរាយការណ៍ថាបានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដល់កម្រិត ៨៤ភាគរយ ខណៈកម្រិតអាចផលិតគ្រាប់បែកនុយក្លេអ៊ែរគឺ៩០ភាគរយ។ លោក Netanyahu បានរិះគន់ថាទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA បានទទួលបរាជ័យ ហើយថាអ៉ីរ៉ង់និយាយកុហក៕