(វ៉ាស៊ីនតោន)៖ បេសកកម្មស្វែងរកកូននាវាមុជទឹកផ្ទុកមនុស្ស៥នាក់ បានបញ្ចប់ក្រោយការសន្មតថា អ្នកទាំង ៥បានបាត់បង់ជីវិតអស់ទៅហើយ។ ក្រុមបេសកកម្មសង្គ្រោះកាលពីថ្ងៃព្រហស្បតិ៍បានរក ឃើញបំណែកកូននាវាដែលបាត់ដំណឹងក្នុងទឹកនោះ ដែលស្ថិតនៅមិនឆ្ងាយពីខ្មោចកប៉ាល់ Titanic ឡើយ។
មនុស្ស៥នាក់ដែលស្ថិតក្នុងកូននាវាមុជទឹក Titan ត្រូវគេជឿថាបានបាត់ជីវិតអស់ទៅហើយ ក្រោយការប្រទះឃើញបំណែកមួយចំនួនក្នុងបាតសមុទ្ទដែលគេជឿថាកូននាវាមុជទឹកផ្ទុក មនុស្ស៥នាក់បានផ្ទុះ។ យានបញ្ជាពីចម្ងាយរបស់នាវាកាណាដា បានស្វែងរកឃើញបំណែក របស់កូននាវាមុជទឹក Titan នោះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅបាតសមុទ្រជម្រៅប្រមាណ ៤ គីឡូម៉ែត្រពីផ្ទៃខាងលើស្ថិតនៅក្នុងមហាសមុទ្រអាត្លង់ទិកខាងជើង។ ក្រុមសង្គ្រោះបានថ្លែង ចូលរួមការរំលែកទុក្ខក្នុងគ្រោះថ្នាក់ដ៏អណោចអធមនោះ។
បញ្ជាការកងកម្លាំងទ័ពល្បាតជើងទឹកលោក John Mauger បានថ្លែងក្នុងសន្និសីទកាសែតថា «ក្នុងនាមជាក្រុមល្បាតនៃឆ្នេរសមុទ្ទ របស់សហរដ្ឋអាមេរិក និងក្នុងនាមជាបញ្ជាការដ្ឋានរួម ធ្វើកិច្ចការទាំងអស់គ្នា ខ្ញុំសូមចូលរួមការរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារ»។
កូននាវាមុជទឹកTitan ដែលមានប្រវែង៦ម៉ែត្រកន្លះ បានបាត់ទំនាក់ទំនងពេលធ្វើដំណើរចូល ទៅកាន់បាតសមុទ្រនា វេលាព្រឹកថ្ងៃអាទិត្យទី១៨មិថុនា ក្រោយការទើបធ្វើដំណើរអស់រយៈ ពេល១ម៉ោងនិង៤៥នាទី សម្តៅធ្វើការស្រាវជ្រាវខ្មោចកប៉ាល់Titanic ដែលបានលិចអស់ រយៈ ពេល១១១ឆ្នាំនៅក្រោមបាតសមុទ្ទអត្លង់ទិក។ ក្រុមស្រាវជ្រាវនេះជាប្រតិបត្តិការរបស់ក្រុម ហ៊ុន Ocean Gate Expedition ចាប់តាំងពីឆ្នាំ ២០២១ ដើម្បីកត់ត្រាពីការពុកផុយរបស់ នាវា Titanic និងប្រព័ន្ធអេកូឡូស៊ីនៅក្រោមទឹក ដែលបានលេចរូបរាងឡើងព័ទ្ធនៅជុំវិញខ្មោច កប៉ាល់ក្រោមទឹកនោះ ។ គេបានរកឃើញបំណែកធំៗចំនួន ៥ នៅចំណុចក្បែរខ្មោចកប៉ាល់ នោះដែលគេជឿថា ជាបំណែកដោយសារការផ្ទុះនៃកូននាវាស្រាវជ្រាវ Titan ដែលបានផ្ទុក អ្នកដំណើរទាំង៥នាក់។ មូលហេតុដែលជាប់ពាក់ព័ន្ធនឹងការសង្ស័យផ្ទុះនោះ មិនទាន់មាន ការធ្វើអត្ថាធិប្បាយលំអិតនោះឡើយ។ មន្ត្រីឆ្មាំសមុទ្រ មិនបានបញ្ជាក់ថាតើគេបានរកឃើញសាកសពរបស់អ្នកជិះនាវាផ្សងព្រេងទាំង ៥ នាក់នោះដែរ ឬ យ៉ាងណា។
លោក John Mauger បានថ្លែងបន្តថា «យានបញ្ជាពីចម្ងាយ ROV Remotely Operated Vehicle នៃកប៉ាល់ Horizon Artic បានរកឃើញបំណែកកូននាវាមុជទឹកTitan ដែលស្ថិតនៅ ចម្ងាយប្រមាណ១ពាន់៦០០ហ្វីតឬជិត៥០០ម៉ែត្រពីខ្មោចកប៉ាល់ Titanic ក្រោមបាតសមុទ្ទ»។ លោកបន្តថាយានបញ្ជាពីចម្ងាយ នៅបានរកឃើញបំណែកច្រើនជាបន្ថែមទៀត និងជាមួយ កិច្ចពិភាក្សារបស់ក្រុមជំនាញដែលចូលរួមក្នុងបញ្ជាការដ្ឋានរួមគ្នានេះ, បំណែកដែលរកឃើញ នោះ គឺមានលក្ខណៈដូចគ្នានឹងកូននាវាដែលបានបាត់ក្នុងសមុទ្ទនោះ។
មនុស្សទាំង៥នាក់នៅក្នុងកូននាវាមុជទឹកនោះ រួមមានលោក Stockton Rush អាយុ ៦១ ឆ្នាំ ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ocean Gate, មហាសេដ្ឋីអាយុ៥៨ឆ្នាំលោក Harmish Harding ដែលលោកគឺជាអ្នកចូលចិត្តធ្វើដំណើរផ្សងព្រេងរុករកការស្រាវជ្រាវទាំងក្នុងសមុទ្ទ និងលំហអវកាស, អ្នកជំនួញដើមកំណើតប៉ាគីស្ថានលោក Shahzada Dawood អាយុ៤៨ឆ្នាំ និងកូនប្រុសអាយុ១៩ឆ្នាំឈ្មោះ Suleman ។ អ្នកទាំងពីរមានសញ្ជាតិអង់គ្លេស។ ចំណែក មនុស្សម្នាក់ដទៃទៀតគឺជាបុរសអាយុ៧៧ឆ្នាំជនជាតិបារាំងលោក Paul Henri Nargeolet ដែលជាអតីតអ្នកមុជទឹកនិងអ្នកស្រាវជ្រាវផ្នែកជីវចម្រុះក្រោមបាតសមុទ្ទ Oceanographer និង បុរសស្រាវជ្រាវជាតិបារាំងម្នាក់នោះធ្លាប់ចុះទៅស្រាវជ្រាវខ្មោចកប៉ាល់ Titanic នោះជា ច្រើន ដងរួចមកហើយ។
លោក John Mauger បានថ្លែងបន្តថា «នេះជាករណីដែលស្មុគស្មាញមួយនិងគេកំពុងតែធ្វើ កិច្ចការនេះដោយលំអិតច្បាស់លាស់ដើម្បីចង់ដឹងថាតើហេតុការណ៍ដែលផ្ទុះនេះ បានជាប់ ពាក់ព័ន្ធនឹងអ្វីខ្លះ?
កូនាវាមុជទឹកនោះ បានបំពាក់ខ្យល់អុកស៊ីហ្សែនរយៈពេល៩៦ម៉ោងដែលស្មើនឹង៤ថ្ងៃក្នុង ពេលធ្វើដំណើរចុះស្រាវជ្រាវខ្មោចកប៉ាល់ Titanic ក្រោមបាតសមុទ្ទនោះ។ ដើម្បីធ្វើទស្សនកិច្ចខ្មោកប៉ាល់ក្រោម បាតសមុទ្ទនោះ, គេត្រូវធ្វើដំណើរតាមនាវាពីប្រទេស កាណាដាទៅកាន់កន្លែងលើផ្ទៃទឹកដែលកប៉ាល Titanic បានលិចចម្ងាយ៦៤០គីឡូម៉ែត្រសិន និងបន្តការធ្វើដំណើរតាមកូននាវាTitan ដែលមានសមត្ថភាពលិបចូលក្នុងទឹកជម្រៅ៣ពាន់ ៨០០ម៉ែត្រ។
កូននាវាTitan ត្រូវការពេលវេលា២ម៉ោងដើម្បីទៅដល់ខ្មោចកប៉ាល់ក្រោមបាតសមុទ្ទ ប៉ុន្តែទំនាក់ទំនងរវាងកូននាវាTitan និងកប៉ាល់ដែលស្ថិតលើផ្ទៃសមុទ្ទខាងលើបានដាច់ទំនាក់ ទំនងគ្នាបន្ទាប់ពីបានប្រើពេលវេលាអស់រយៈពេល១ម៉ោងនិង៤៥នាទី។ ក្រុមសង្គ្រោះបាន ស្វែងរកកូននាវាមុជទឹកនោះ ចាប់តាំងពីពេលបាត់ទំនាក់ទំនងនោះភ្លាម ប៉ុន្តែក្រុមបេសកកម្ម ស្វែងរកបាននិយាយថាពួកគេមានការលំបាកជាខ្លាំងដោយសារការមិនអាចមើលឃើញ ក្រោមផ្ទៃទឹកបានឆ្ងាយដោយសារតែអាកាសធាតុមិនល្អ រីឯការបញ្ចាំងភ្លើងក៏មិនទម្លុះឃើញ ទៅទីឆ្ងាយ បានឡើយ និងម្យ៉ាងទៀតតំបន់ដែលកូននាវា Titan បានបាត់នោះ មានស្ថានភាពមិនសូវល្អ ថែមទៀត រហូតដល់វេលាចុងក្រោយទើបគេបានទទួលសញ្ញាផ្ទុះនៅក្រោមទឹក ទើបអាចស្វែង រកឃើញបំណែកនាវាទាំងនេះបាន តាមរយៈយានបញ្ជាពីចម្ងាយ ROV Remotely Operated Vehicle៕