(វ៉ាស៊ីនតោន)៖ ឧបទ្ទវហេតុដ៏គ្រោះថ្នាក់ដំបូងបង្អស់ នៅលើនាវាទេសចរណ៍ទឹកជ្រៅ គឺប្រាកដថានឹងជំរុញឱ្យមានការអំពាវនាវ ឱ្យមានបទប្បញ្ញត្តិសុវត្ថិភាពបន្ថែម ប៉ុន្តែអ្នកជំនាញក្នុងឧស្សាហកម្មនិយាយថា វិធានការថ្មីណាមួយប្រហែលជាមិនអាចអនុវត្តបានឡើយ ដោយសារលក្ខណៈអន្តរជាតិនៃអាជីវកម្ម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣។
លើសពីនេះ ពួកគេបាននិយាយថា សោកនាដកម្មនៃនាវាមុជទឹក Titan ដែលបានផ្ទុះក្នុងអំឡុងពេលបេសកកម្មរបស់ខ្លួន ទៅកាន់ខ្មោចកប៉ាល់ទីតានិក គឺជារឿងមិនប្រក្រតីមួយ ដោយសារតែក្រុមហ៊ុនផលិតនាវានេះ បានជ្រើសរើសមិនបញ្ជាក់ពីស្តង់ដារសុវត្ថិភាពនាវានេះទេ ដែលផ្ទុយទៅនឹងអនុសញ្ញាឧស្សាហកម្ម។
អ្នកជំនាញផ្នែកឧស្សាហកម្មបាននិយាយថា ពួកគេគឺជាជនរងគ្រោះដែលគេស្គាល់ដំបូងគេក្នុងរយៈពេលជាង ៦០ឆ្នាំ នៃជនស៊ីវិលដែលត្រូវបានលិចនៅក្នុងសមុទ្រជ្រៅ។
ក្រុមអ្នកជំនាញបានបន្ថែមទៀតថា ទោះបីជាមានការពង្រឹងបន្ថែមលើបទប្បញ្ញត្តិសុវត្ថិភាពបន្ថែមក៏ដោយ ប៉ុន្តែការអនុវត្តជាក់ស្តែងមិនដឹងបានប៉ុណ្ណានោះទេ ពីព្រោះថានៅលើសមុទ្រជ្រៅដែលកូននាវា Titan និងនាវាមុជទឹកផ្សេងទៀតដំណើរការ វាមិនមានបទប្បញ្ញត្តិ និងគ្មានរដ្ឋាភិបាលគ្រប់គ្រងដែនទឹកអន្តរជាតិទាំងនោះទេ។
យោងតាមលោក Will Kohnen ប្រធានសមាគមបច្ចេកវិទ្យាសមុទ្រ (MTS) បានឱ្យដឹងថា ក្នុងចំណោមនាវាមុជទឹកប្រហែល ១០គ្រឿងនៅលើពិភពលោកដែលមានសមត្ថភាពអាចមុជទឹកជ្រៅដល់ខ្មោចកប៉ាល់ទីតានិកបាន (ជិត ៤,០០០ម៉ែត្រពីផ្ទៃខាងលើ) មានតែនាវាTitan របស់ក្រុមហ៊ុន OceanGate ប៉ុណ្ណោះដែលមិនត្រូវបានបញ្ជាក់ពីសុវត្ថិភាព។
នៅឆ្នាំ ២០១៨ លោក Kohnen ក៏បានសរសេរលិខិតព្រមាននាយកប្រតិបត្តិក្រុមហ៊ុន OceanGate លោក Stockton Rush ថា ការបោះបង់ការបញ្ជាក់ពីភាគីទីបី សម្រាប់នាវា Titan អាចបណ្តាលឱ្យមានលទ្ធផល «មហន្តរាយ»។
គួរបញ្ជាក់ថា លោក Stockton Rush គឺជាស្ថាបនិក និងជា CEO ក្រុមហ៊ុន OceanGate មានមូលដ្នានក្នុង សហរដ្ឋអាមេរិក ហើយលោកគឺជាអ្នកបើកនាវាមុជទឹក Titan តែម្ដង។ នាវាមុជទឹក Titan បានបាត់ខ្លួនកាលពីព្រឹកថ្ងៃអាទិត្យសប្ដាហ៍ ក្រោយដាច់ការ ទំនាក់ទំនងជាមួយនាវាគាំទ្រនៅលើផ្ទៃទឹក នៅឯតំបន់ឆ្នេរភាគអាគ្នេយ៍ នៃប្រទេសកាណាដា ខណៈកំពុងនាំភ្ញៀវទេសចរ ៤នាក់ ទៅទស្សនាបំណែកខ្មោច កប៉ាល់ Titanic។ កប៉ាល់យក្ស Titanic បានលិចចូលសមុទ្រ ក្នុងឆ្នាំ១៩១២ អំឡុងការធ្វើដំណើរកម្សាន្តមួយ ក្រោយបុកទង្គិចទៅនឹងផ្ទះទឹកកក ដោយបណ្ដាលឱ្យមនុស្សច្រើនជាង ១,៥០០នាក់បានស្លាប់៕