(បែរឡាំង)៖ នៅថ្ងៃសុក្រនេះ អង្គការណាតូ (NATO) បានបិទបញ្ចប់ទៅវិញ នូវការធ្វើសមយុទ្ធយោធាផ្លូវអាកាសធំបំផុត មិនធ្លាប់មានរបស់ខ្លួន ដែលមានគោលដៅបង្ហាញពីសាមគ្គីភាព ក៏ដូចជាអានុភាពរបស់បក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ ក្នុងគ្រាដែលការ​ប្រឈមមុខបានកើនឡើងជាមួយរុស្ស៉ី ជុំវិញវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣។

សមយុទ្ធយោធាហៅថា Air Defender 23 ដែលដឹកនាំដោយអាល្លឺម៉ង់ និងត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី១២ ខែមិថុនា បានប្រមូលផ្តុំ​យន្តហោះយោធាចម្រុះប្រភេទសរុប ២៥០គ្រឿង មកពីប្រទេសចំនួន២៥ ដែលជាសមាជិកនិងជាដៃគូរបស់ NATO។ បុគ្គលិកយោធារហូតដល់១០,០០០នាក់ បានចូលរួមក្នុងការធ្វើលំហាត់យោធាផ្លូវអាកាសនេះ ដែលត្រូវបានរៀបចំឡើង ដើម្បីពង្រឹងបន្ថែម នូវសមត្ថភាព​ធ្វើប្រតិបត្តិការរួមនិងការត្រៀមលក្ខណៈ ប្រឆាំងទប់ទល់ជាមួយដ្រូននិងមីស៉ីលគ្រូស ក្នុងករណីមានការវាយប្រហារ នៅក្នុងទឹកដី NATO។

គួរបញ្ជាក់ថា សមយុទ្ធ Air Defender ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៨ ដែលជាផ្នែកមួយនៃចំណាត់ការឆ្លើយតបរបស់ NATO ចំពោះការដែលរុស្ស៉ីក្រសោបយក ឧបទ្វីបគ្រីមៀពីអ៊ុយក្រែន កាលពី៤ឆ្នាំមុននោះ។ សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន បានបង្កឱ្យ​បក្សសម្ព័ន្ធយោធាមួយនេះ កើនឡើងក្តីព្រួយបារម្ភជាខ្លាំង ខណៈ NATO បានចាប់កំណើតដំបូងកាលពីឆ្នាំជិត៧៥ឆ្នាំមុន ដើម្បីប្រឈមមុខ​ជាមួយសហភាពសូវៀត។

សង្រ្គាមនេះក៏បានជំរុញឱ្យហ្វាំងឡង់និងស៊ុយអែត ដែលធ្លាប់តែប្រកាន់ជំហរអព្យាក្រឹត ជាយូរមកហើយ ដើម្បីបញ្ចៀសជម្លោះជាមួយរុស្ស៉ី បានដាក់ពាក្យចូលជាសមាជិករបស់ NATO ផងដែរ។ ហ្វាំងឡង់បានក្លាយជាសមាជិក​ជាផ្លូវការរួចរាល់ហើយ កាលពីខែមេសា ឆ្នាំនេះ ស្របពេលដែលសមាជិកភាពរបស់ស៊ុយអែត កំពុងបន្តស្ថិតក្រោមការរង់ចាំអនុម័តពីហុងគ្រីនិងតួកគី៕