(កៀវ)៖ កងកម្លាំងការពារដែនអាកាសអ៊ុយក្រែន នៅថ្ងៃសុក្រនេះ បានបាញ់ទម្លាក់មីស៉ីលគ្រូសជាង១០គ្រាប់ ដែលរុស្ស៉ីបានបាញ់សំដៅមករក មូលដ្ឋានទ័ពអាកាសមួយកន្លែង នៅឯតំបន់ក្មេលនីតស្គី (Khmelnytskyi) ភាគខាងលិចប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣។
កងទ័ពអាកាសអ៊ុយក្រែន បានអះអាងក្នុងសេចក្តីថ្លែងការណ៍ថា កងកម្លាំងការពារដែនអាកាសអ៊ុយក្រែន បានបាញ់ស្កាត់ដោយជោគជ័យ នូវមីស៉ីលគ្រូសរុស្ស៉ីសរុបចំនួន១៣គ្រាប់ ដែលហោះសំដៅមករកមូលដ្ឋានយោធាជើងអាកាសរបស់អ៊ុយក្រែន ស្ថិតក្នុងតំបន់ក្មេលនីតស្គី ខណៈមីស៉ីលទាំងនោះ ត្រូវបានបាញ់ដោយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត របស់យោធារុស្ស៉ី ចេញពីតំបន់សមុទ្រកាសព្យាន (Caspian Sea)។
គួរបញ្ជាក់ថា កាលពេលវេលាទាបភ្លឺថ្ងៃសុក្រនេះ សំឡេងស៉ីរ៉ែនប្រកាសអាសន្នអំពីការវាយប្រហារតាមផ្លូវអាកាស ត្រូវបានបន្លឺឡើងនៅពាសពេញប្រទេសអ៊ុយក្រែន។ អាជ្ញាធរតាមមូលដ្ឋានរបស់អ៊ុយក្រែន បានរាយការណ៍ពីហេតុការណ៍ផ្ទុះ នៅតាមតំបន់មួយចំនួន ចាប់តាំងពីតំបន់លីវ (Lviv) នៅភាគខាងលិច ដែលនៅឆ្ងាយពីសមរភូមិមុខ រហូតដល់តំបន់ខឺសុន (Kherson) នៅភាគខាងត្បូង៕