(យូអិន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អង្គការសហប្រជាជាតិ (UN) បានកត់ឈ្មោះកងកម្លាំងយោធារបស់ប្រទេសរុស្ស៉ី ចូលទៅក្នុង​បញ្ជីខ្មៅអន្តរជាតិរបស់ខ្លួន សម្រាប់ការធ្វើឱ្យកុមារសរុបរាប់រយនាក់បាត់បង់ជីវិតនិងពិការ ក្នុងសង្រ្គាមនៅអ៊ុយក្រែនកាលពីឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ​ ទី២៣ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីការប្រព្រឹត្តទង្វើទៅលើកុមារ នៅតាមតំបន់ដែលមានសង្រ្គាម UN បានផ្ទៀងផ្ទាត់ឃើញថា កងកម្លាំងយោធា​របស់រុស្ស៉ី ហើយនិងក្រុមប្រដាប់អាវុធដទៃទៀតដែលជាសម្ព័ន្ធមិត្ត បានសម្លាប់កុមារចំនួន១៣៦នាក់ បង្កឱ្យពិការ៥១៨នាក់ ហើយបាន​ធ្វើសកម្មភាពវាយប្រហារចំនួន៤៨០លើក ទៅលើសាលារៀននិងមន្ទីរពេទ្យ កាលពីឆ្នាំ២០២២។ មិនតែប៉ុណ្ណោះ កងកម្លាំងយោធារុស្ស៉ី ក៏បាន​យកកុមារ៩១នាក់ ធ្វើជាខែលការពារខ្លួនថែមទៀតផង។ របាយការណ៍ដដែល ក៏បានផ្ទៀងផ្ទាត់ឃើញផងដែរថា កងកម្លាំងយោធា​របស់អ៊ុយក្រែន បានសម្លាប់កុមារ៨០នាក់ បង្កឱ្យពិការ១៧៥នាក់ ហើយធ្វើសកម្មភាពវាយប្រហារ២១២លើក លើសាលានិងមន្ទីរពេទ្យ ប៉ុន្តែយោធាអ៊ុយក្រែន មិនត្រូវបានកត់ឈ្មោះចូលបញ្ជីខ្មៅរបស់ UN ទេ។

នៅក្នុងរបាយការណ៍នោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតឺរេស (Antonio Guterres) បាននិយាយថា រូបលោកមានអារម្មណ៍តក់ស្លុតជាខ្លាំង ដោយសារចំនួនដ៏ខ្ពស់ នៃកុមារដែលត្រូវបានសម្លាប់និងជួបពិការភាព ព្រមទាំងចំនួននៃការវាយប្រហារ​​លើសាលារៀននិងមន្ទីរពេទ្យ ធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធរុស្ស៉ី ហើយទន្ទឹមគ្នាលោកក៏មិនស្រួលក្នុងចិត្តផងដែរ អំពីតួលេខខ្ពស់គួរសមមួយ នៃបទល្មើសទាំងនេះ ដែលត្រូវបានប្រព្រឹត្តប្រឆាំងនឹងកុមារ ក្រោមស្នាដៃកងកម្លាំងយោធាអ៊ុយក្រែន។

គួរបញ្ជាក់ថា របាយការណ៍ខាងលើ ត្រូវបានរៀបចំដោយលោកស្រី វើជីនា ហ្កាំបា (Virginia Gamba) ដែលជាអ្នកតំណាងពិសេស​របស់លោក Guterres ទទួលបន្ទុកកុមារនិងជម្លោះប្រដាប់អាវុធ។ កាលពីខែឧសភា លោកស្រី Gamba បានធ្វើទស្សនកិច្ចទៅកាន់អ៊ុយក្រែននិងរុស្ស៉ី ជាទីដែលលោកស្រីបានជួបជាមួយ បេសកជនទទួលបន្ទុកសិទ្ធិកុមាររបស់ទីក្រុងមូស្គូ គឺលោកស្រី ម៉ារៀ ឡូវ៉ាបេឡូវ៉ា (Maria Lvova-Belova) ដែលស្ថិតក្រោមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពាក់ព័ន្ធឧក្រិដ្ឋកម្មសង្រ្គាម ពោល​គឺដូចគ្នាទៅនឹងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែរ៕