(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយក្នុងបទសម្ភាសន៍មួយថា អាវុធរបស់លោកខាងលិចសម្រាប់ផ្គត់ផ្គង់ដល់អ៊ុយក្រែន ត្រូវបានរកឃើញថាបញ្ជូនមករួចហើយនៅជិតព្រំដែនរបស់អ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣។

នៅពេលត្រូវបានស្នើឲ្យធ្វើការអត្ថាធិប្បាយលើគោលជំហររបស់រដ្ឋាភិបាលចំពោះសង្រ្គាមអ៊ុយក្រែន លោក ណេតាន់យ៉ាហ៊ូ និយាយថា អ៉ីស្រាអែលស្ថិតក្នុងស្ថានភាពពិសេសមួយ។ លោក ណេតាន់យ៉ាហ៊ូ បានគូសបញ្ជាក់ថា «យើងមានព្រំដែនយោធាជាប់ជាមួយរុស្ស៉ី។ ក្រុមពីឡុតរបស់យើងកំពុងហោះហើរក្បែរពីឡុតរុស្ស៉ី លើនៅដែនអាកាសនៃប្រទេសស៉ីរី។ ហើយខ្ញុំគិតថា វាជារឿងសំខាន់ដែលយើងរក្សានូវសេរីភាពនៃការធ្វើសកម្មភាពរបស់យើង ប្រឆាំងនឹងរាល់ការប៉ុនប៉ងណាមួយរបស់អ៉ីរ៉ង់ នៅឯព្រំដែនភាគខាងជើងរបស់យើង»

លោក ណេតាន់យ៉ាហ៊ូ បានបន្ថែមថា «យើងក៏មានការព្រួយបារម្ភថាប្រព័ន្ធអាវុធណាមួយដែលយើងផ្តល់ឲ្យអ៊ុយក្រែន នឹងត្រូវបានប្រើប្រាស់សម្រាប់ប្រឆាំងនឹងយើងវិញ ពីព្រោះអាវុធទាំងនោះអាចធ្លាក់ទៅក្នុងដៃអ៉ីរ៉ង់។ ឥឡូវនេះយើងឃើញមានអាវុធប្រឆាំងរថក្រោះរបស់លោកខាងលិចដែលត្រូវផ្តល់ដល់អ៊ុយក្រែន នៅជាប់ព្រំដែនរបស់យើង។ ដូច្នេះយើងត្រូវតែមានការប្រុងប្រយ័ត្ន»

គួរបញ្ជាក់ថា ចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៉ី នាខែកុម្ភៈ ឆ្នាំ ២០២២មក អ៊ុយក្រែនបានស្នើសុំម្តងហើយម្តងទៀតឲ្យអ៊ីស្រាអែលផ្តល់អាវុធផ្សេងៗ រួមទាំងប្រព័ន្ធការពារដែនអាកាស ប៉ុន្តែអ៊ីស្រាអែលបានបដិសេធ ដោយបារម្ភខ្លាចអាវុធទាំងត្រូវបានប្រើប្រាស់ប្រឆាំងខ្លួនវិញ៕