(ប៉ារីស)៖ ប្រធានាធិបតីប្រេស៉ីល លោក លូអ៉ីស អ៉ីនណាស៉ីយ៉ូ លូឡា ដាស៉ីលវ៉ា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍និយាយនេះថា លោកបានពិភាក្សាអំពីសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន និងផែនការនៃកិច្ចប្រជុំកំពូល BRICS ជាមួយមេដឹកនាំអាហ្វ្រិកខាងត្បូង លោក ស៉ីរីល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) នៅពេលជួបគ្នាក្នុងទីក្រុងបារីស។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣។
ថ្មីៗនេះ ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក រ៉ាម៉ាហ្វូសា បានដឹកនាំគណៈប្រតិភូនៃមេដឹកនាំប្រទេសក្នុងតំបន់អាហ្រ្វិកធ្វើដំណើរទៅកាន់ប្រទេសរុស្ស៉ី និងទីក្រុងកៀវ ដើម្បីចែករំលែកទស្សនវិស័យលើការស្វែងរកសន្តិភាពនៅអ៊ុយក្រែន ខណៈដែល លោក លូឡា ក៏បានតាំងខ្លួនជាអ្នកសម្របសម្រួលដើម្បីបញ្ចប់សង្រ្គាមនេះ ចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៉ីមកម្ល៉េះ។
លោក លូឡា និងលោក រ៉ាម៉ាហ្វូសា កំពុងស្ថិតនៅក្នុងទីក្រុងប៉ារីសសម្រាប់កិច្ចប្រជុំកំពូលហិរញ្ញវត្ថុសកល។ បន្ទាប់ពីជួបគ្នា លោក លូឡា បានឲ្យដឹងតាមរយៈសារមួយនៅលើ Twitter យ៉ាងដូច្នេះថា «យើងបាននិយាយគ្នាអំពីកិច្ចប្រជុំ BRICS អំពីដំណើរទស្សនកិច្ចរបស់ លោក រ៉ាម៉ាហ្វូសា ទៅកាន់ទីក្រុងកៀវ ទីក្រុងសាំង ផេតធឺបឺគ ក៏ដូចជាកិច្ចពិភាក្សារបស់ លោក រ៉ាម៉ាហ្វូសា ជាមួយលោក ហ្សេលេនស្គី និងលោក ពូទីន»។
គួរបញ្ជាក់ថា ប្រេស៉ីល អាហ្រ្វិកខាងត្បូង និងរុស្ស៉ី សុទ្ធតែជាសមាជិករបស់ BRICS ដែលជាក្រុមប្រទេសកំពុងរីកចម្រើន ហើយគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលក្នុងប្រទេសអាហ្វ្រិក នាខែសីហាខាងមុខនេះ។ ក្រុមនេះក៏មានប្រទេសឥណ្ឌា និងចិនផងដែរ៕