(វ៉ាស៉ីនតោន)៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន ដ្រាម៉ូឌី (Narendra Modi) បានបដិសេធថាមិនមានឡើយ ការរើសអើងប្រឆាំងនឹងជនជាតិភាគតិច នៅក្រោមរដ្ឋាភិបាលរបស់លោក ក្នុងអំឡុងសន្និសីទកាសែតកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បើទោះបីជា ក្រុមសិទ្ធិមនុស្ស និងក្រសួងការបរទេសអាមេរិក កន្លងមកធ្លាប់បានរាយការណ៍អំពីការរំលោភបំពានបែបនេះក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងកិច្ចពិភាក្សានៅឯសេតវិមាន លោក បៃដិន និយាយថាលោកបានពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្ស និងតម្លៃលទ្ធិប្រជាធិបតេយ្យជាមួយលោក ម៉ូឌី។ នៅពេលដែល ត្រូវបានអ្នកសារព័ត៌មានសួរថាតើលោកមានឆន្ទៈបែបណា ក្នុងការធ្វើឲ្យប្រសើរឡើងនូវសិទ្ធិរបស់ប្រជាជនមូស្លីម និងជនជាតិភាគតិចផ្សេងទៀត នៅក្នុងប្រទេស ឥណ្ឌា និងដើម្បីលើកកម្ពស់សេរីភាពនៃការបញ្ចេញមតិនោះ លោក ម៉ូឌី ឆ្លើយតបថា «មិនចាំបាច់ត្រូវធ្វើឲ្យប្រសើរឡើងនោះទេ»។
លោក ម៉ូឌី បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «រដ្ឋធម្មនុញ្ញរបស់យើង និងរដ្ឋាភិបាលរបស់យើងបានបង្ហាញហើយថាលទ្ធិប្រជាធិបតេយ្យត្រូវបានផ្តល់ ឲ្យគ្រប់គ្នា។ នៅពេលដែលខ្ញុំនិយាយដល់ការផ្តល់នោះមានន័យថា វណ្ណៈ ជំនឿ សាសនា យេនឌ័រ គឺគ្មានការរើសអើងណាមួយទេនៅក្នុងរដ្ឋាភិបាលរបស់ខ្ញុំ»។
គួរបញ្ជាក់ថា មានការប្រមូលផ្តុំគ្នានៅក្បែរសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ក្រុមអ្នកតស៊ូមតិ និងសមាជិកសភារាប់សិបនាក់មកពី គណបក្សប្រជាធិបតេយ្យ បានជំរុញឲ្យលោក បៃដិន លើកយកបញ្ហានេះមកពិភាក្សាជាសាធារណៈជាមួយលោក ម៉ូឌី៕