(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងត្រូវទទួលស្វាគមន៍នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី អំឡុងការបំពេញទស្សនកិច្ច ផ្លូវការមួយទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងសប្ដាហ៍នេះ ខណៈប្រទេសទាំង២ កំពុងពង្រឹងទំនាក់ទំនងនឹងគ្នា ដោយសម្លឹងឃើញផលប្រយោជន៍រួម ក្នុងការខ្ទប់ការកើនឡើងឥទ្ធិពលចិន ដែលជាគូជម្លោះទឹកដីជាមួយនឹងឥណ្ឌាស្រាប់។

សេតវិមាននឹងរៀបចំពិធីលាងសាយភោជន៍សម្រាប់លោក ម៉ូឌី នៅថ្ងៃទី២២ ខែមិថុនា (ម៉ោងនៅវ៉ាស៊ីនតោន) ជាសញ្ញាមួយបង្ហាញពីការកើនឡើង នៃទំនាក់ទំនងស្អិតល្មួតរវាងមហាអំណាចទាំង២ ដែលបាន និងកំពុងបង្កើនកិច្ចសហប្រតិបត្តិការសឹងតែគ្រប់វិស័យរាប់ចាប់ពីពាណិជ្ជកម្ម រហូតដល់ ការលក់សព្វាវុធ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ រដ្ឋបាលលោក បៃដិនបាននិយាយថាដំណើរទស្សនកិច្ចរបស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan ទៅកាន់ទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានគូសបញ្ជាក់ពីថាមពលនៃភាពជាដៃគូ នៅក្នុងការសម្របសម្រួល ដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី ទៅកាន់សហរដ្ឋអាមេរិក។

ក៏ប៉ុន្តែ ក្រុមអង្គការ និងសកម្មជនការពារសិទ្ធិមនុស្ស យល់ថាការរៀបចំពិធីលាងសាយភោជន៍ គឺមានន័យស្មើនឹងការទទួលស្គាល់ដោយប្រយោល​របស់សហរដ្ឋអាមេរិកចំពោះអ្វីដែលពួកគេហៅថាជាការប្រែក្លាយឥណ្ឌាទៅជាប្រទេសស្ដាំនិយមជ្រុល នៅក្រោមការដឹកនាំរបស់លោក ម៉ូឌី ក៏ដូចជា នឹងបំផ្លាញផងដែរដល់ «គុណតម្លៃ» របស់រដ្ឋបាលលោក បៃដិន ដែលតែងតែអះអាងពេញមាត់ៗថាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាអាទិភាព នៅក្នុងគោលនយោបាយការបរទេសអាមេរិក។

នៅក្រោមការដឹកនាំរបស់លោក ម៉ូឌី ប្រជាជនកាន់សាសនាអ៉ីស្លាម និងសាសនាភាគតិចដទៃទៀតបានទទួលរងការគាបសង្កត់ និងអំពើហិង្សាប្រព្រឹត្តិ ដោយអាជ្ញាធរឥណ្ឌា ស្របពេលរដ្ឋាភិបាលរបស់លោក ម៉ូឌី មានគោលដៅបង្កើតទម្រង់ដឹកនាំបែបអ្នកជាតិនិយមហិណ្ឌូ ឬគេស្គាល់ថា Hindutva ជាទ្រឹស្តីមួយដែលលោក ម៉ូឌី លើកតម្កើង និងផ្តល់តម្លៃឲ្យតែអ្នកកាន់សាសនាហិណ្ឌូតែប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ លោក ម៉ូឌី ក៏ទទួល រងការថ្កោលទោសផងដែរពាក់ព័ន្ធនឹងការពង្រឹងអំណាចតាមរយៈការបង្ក្រាបលើអ្នកនយោបាយប្រឆាំង និងសារព័ត៌មានដែលហ៊ានរិះគន់ការដឹកនាំ របស់លោក។

* ប្រយោជន៍រួម
ខណៈក្រុមអង្គការ និងសកម្មជនការពារសិទ្ធិមនុស្សអំពាវនាវឱ្យមានការស៊ើបអង្កេតពីកំណត់ត្រារំលោភបំពានសិទ្ធិមនុស្សនៅក្នុងប្រទេសឥណ្ឌា ក្រុមអ្នកជំនាញគោលនយោបាយការបរទេសឯណោះវិញ និយាយថារដ្ឋបាលលោក បៃដិន គឺសម្លឹងឃើញជាចម្បងតែទៅលើសក្តានុពលរបស់ឥណ្ឌា តែប៉ុណ្ណោះនៅក្នុងការប្រជែងជាមួយចិន ដែលសហរដ្ឋអាមេរិកចាត់ទុកថាជាគូប្រជែងធំបំផុតរបស់ខ្លួនក្នុងស.វទី២១នេះ។

បើតាមលោក Sarang Shidore ជានាយកផ្នែកសិក្សា និងស្រាវជ្រាវជាន់ខ្ពស់មកពីវិទ្យាស្ថាន Quincy Institute មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន ទំនាក់ទំនងសហរដ្ឋអាមេរិក និងឥណ្ឌា នឹងបន្តរីកចម្រើនធំធាត់ទៅមុខ ដរាបណាប្រទេសទាំង២ នៅតែមានកង្វល់រួមចំពោះចិន។ លោក Shidore បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិក មិនបានដឹកនាំគោលនយោបាយការបរទេសដោយផ្អែកលើមូលដ្ឋានប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នោះទេ តែគឺដឹកនាំគោលនយោបាយការបរទេស ផ្អែកលើមូលដ្ឋានផលប្រយោជន៍របស់ខ្លួនឯង ដូចដែលបណ្ដាប្រទេសទូទៅកំពុងធ្វើដូច្នោះដែរ»។

ការកើនឡើងនៃឥទ្ធិពលយោធាចិន និងការទាមទារចំណែកទឹកដីក្នុងតំបន់ បានក្លាយជាប្រភពនៃក្ដីបារម្ភដ៏ធំសម្រាប់បណ្ដាប្រទេសដែលនៅក្បែរខាង ចិន ដូចជាហ្វីលីពីន វៀតណាម ជប៉ុន រួមទាំងឥណ្ឌា ដែលកំពុងមានជម្លោះទឹកដីនៅតាមតំបន់ជួរភ្នំហិរម៉ាឡៃជាមួយចិនស្រាប់។ ការណ៍នេះបានផ្ដល់ ឱកាសឱ្យសហរដ្ឋអាមេរិកបង្កើតសម្ព័ន្ធភាពជាមួយបណ្ដាប្រទេសទាំងនេះ ក្នុងគោលបំណងខ្ទប់ការពង្រីកឥទ្ធិពលរបស់ចិន។ «ជាការពិតណាស់ វាពិតជាមានការកើនឡើងគំនិតជាតិនិយមចិន ហើយចិនក៏មើលឃើញដែរថាឥណ្ឌាជាបញ្ហាប្រឈមមួយកំពុងកើនឡើងជាលំដាប់ ដោយសារតែ ទំនាក់ទំនងរបស់ទីក្រុងញូវដេលីជាមួយសហរដ្ឋអាមេរិក»។ នេះជាការបន្ថែមរបស់លោក Shidore។

* ឥណ្ឌាមានផ្លូវសម្រាប់ខ្លួនឯង
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងឥណ្ឌា មានភាពរីកចម្រើនខ្លាំងគួរកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែ ក្រុមអ្នកវិភាគ ជាច្រើនយល់ថាឥណ្ឌាមានមហិច្ឆតា និងមានផ្លូវសម្រាប់ខ្លួនឯងដើរនៅក្នុងគោលនយោបាយការបរទេស។ កាលពីអំឡុងសម័យសង្រ្គាមត្រជាក់ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងឥណ្ឌា តែងតែមានភាពរកាំរកូសជារឿយៗ។ ឥណ្ឌា នៅពេលនោះបានសាងទំនាក់ទំនងជិតស្និទ្ធជាមួយ អតីតសហភាពសូវៀត ព្រមទាំងបានចូលរួមចំណែកបង្កើត «ចលនាមិនចូលបក្សសម្ព័ន្ធ» ដែលជាអង្គការនយោបាយមួយនៃក្រុមប្រទេសដែល បដិសេធចូលរួមជាមួយប្លុកលោកសេរីដឹកនាំដោយសហរដ្ឋអាមេរិក ឬប្លុកលោកខាងកើតដឹកនាំដោយសូវៀត។

មើលឃើញដូច្នេះ សហរដ្ឋអាមេរិកបានសម្រេចចិត្តងាកទៅរកប៉ាគីស្ថាន ដែលជាគូសត្រូវរបស់ឥណ្ឌា។ នៅដើមទសវត្សរ៍ឆ្នាំ១៩៧០ រដ្ឋបាល អតីតប្រធានាធិបតីអាមេរិក លោក Richard Nixon ផ្ដើមសាងទំនាក់ទំនងជាមួយចិន ដើម្បីទប់ទល់ជាមួយសហភាពសូវៀត។ ប៉ុន្តែរហូតដល់ក្រោយ សង្រ្គាមត្រជាក់បិទបញ្ចប់ រីឯសេដ្ឋកិច្ចចិនរីកធំឡើងៗ ទើបសហរដ្ឋអាមេរិកផ្ដើមព្រួយបារម្ភខ្លាចចិនដណ្ដើមយកកៅអីជាមហាអំណាចសេដ្ឋកិច្ចលេខ ១ នៅលើពិភពលោក ហើយចាប់ផ្ដើមបោះដៃទៅរកឥណ្ឌា។

យ៉ាងណាក៏ដោយ ទោះជាមានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកក៏ពិតមែន ក៏ឥណ្ឌានៅតែបន្តមិនអើពើចំពោះការអំពាវនាវពីទីក្រុងវ៉ាស៊ីនតោន ឱ្យចូលរួមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៉ី ជុំវិញសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន ដោយសុខចិត្តមិនជ្រើសរើសរវាងអាមេរិក និងរុស្ស៉ី។ ប៉ុន្តែ ខណៈ សង្រ្គាមនៅអ៊ុយក្រែន នៅតែបន្តអូសបន្លាយ ហើយសហរដ្ឋអាមេរិកព្យាយាមធ្វើឱ្យរុស្ស៉ីឯកោទាំងសេដ្ឋកិច្ច និងការទូត នោះវានឹងធ្វើឱ្យឥណ្ឌាកាន់តែ មានភាពលំបាកក្នុងការរក្សាតុល្យភាពទំនាក់ទំនងបែបនេះ។ ខណៈឥណ្ឌាបានបង្កើនការទិញអាវុធពីបណ្ដាប្រទេសដទៃដូចជាបារាំង និងអាមេរិក ក៏ដូចជាយល់ព្រមកាលពីពេលថ្មីៗនេះ លើការបង្កើនកិច្ចសហប្រតិបត្តិការខាងវិស័យការពារជាតិជាមួយឧស្សហកម្មយោធាអាមេរិក ទីក្រុងញូវដេលី នៅតែបន្តជាអ្នកទិញអាវុធធំជាងគេបំផុតពីរុស្ស៉ី។ ម្យ៉ាងវិញទៀត ឥណ្ឌា ក៏បានក្លាយជាប្រទេសដទៃបង្កើនការទិញប្រេងលក់បញ្ចុះតម្លៃពីស្ស៉ី ផងដែរ បើទោះជាអាមេរិក និងអឺរ៉ុប កំពុងព្យាយាមខ្ទប់ដង្ហើមសេដ្ឋកិច្ចរុស្ស៉ីក៏ដោយ។ ឥណ្ឌាអាចទាញយកប្រយោជន៍ទាំងពីសហរដ្ឋអាមេរិក និងរុស្ស៉ី ហើយ ក្នុងរយៈពេលខ្លី ឬមធ្យម ឥណ្ឌានឹងបន្តរើសផ្លូវដើរដោយខ្លួនឯងបែបនេះ។

* គ្មានគុណតម្លៃរួម
ខណៈទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តដូចជាអារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែល កំពុងស្ថិតនៅក្រោមការសើរើឡើងវិញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិករបស់លោក ម៉ូឌី ទទួលបានការស្វាគមន៍ពីអ្នកនយោបាយមកពីគណបក្សធំៗទាំង២របស់សហរដ្ឋអាមេរិក។ ជាក់ស្ដែង សភាអាមេរិកទាំង២ បានអញ្ជើញលោក ម៉ូឌី ថ្លែងសុន្ទរកថាអំឡុងដំណើរទស្សនកិច្ចរបស់លោក ហើយទាំងសមាជិកសភាតំណាងរាស្ត្រ និងព្រឹទ្ធសភាអាមេរិកភាគច្រើន សុទ្ធតែបង្ហាញការគាំទ្រដំណើរទស្សនកិច្ចនេះដែលពួកគេចាត់ទុកថាសញ្ញានៃមិត្តភាពអចិន្ត្រៃយ៍រវាងប្រទេសទាំង២។ «នៅអំឡុងសុន្ទរកថារបស់អ្នក អ្នកនឹងមានឱកាសចែករំលែកចក្ខុវិស័យរបស់អ្នក សម្រាប់អនាគតនៃប្រទេសឥណ្ឌា និងថ្លែងពីបញ្ហាប្រឈមជាសកល នានាដែលប្រទេសយើងទាំង២កំពុងប្រឈម»។ នេះបើតាមលិខិតអញ្ជើញរបស់សភាអាមេរិកទាំង២។

កំណត់ត្រារំលោភសិទ្ធិមនុស្សរបស់ឥណ្ឌា នៅក្រោមការដឹកនាំរបស់លោក ម៉ូឌី ហាក់មិនត្រូវបានអើពើទាល់តែសោះ។ កាលពីថ្ងៃអង្គារ ទី២០ ខែមិថុនា តំណាងរាស្ត្រអាមេរិកមួយក្រុមមានគ្នា ៧០នាក់ មកពីសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា បានដាក់លិខិតមួយច្បាប់ទៅកាន់លោក បៃដិន ដោយជំរុញឱ្យ លោកលើកឡើងពីក្ដីកង្វល់ពាក់ព័ន្ធនឹងសេរីភាពជំនឿសាសនា និងការគាបសង្កត់អ្នកសារព័ត៌មាននៅក្នុងជំនួបជាមួយលោក ម៉ូឌី។

គួរបញ្ជាក់ថា នៅក្នុងរបាយការណ៍ប្រចាំឆ្នាំមួយស្ដីពីសេរីភាពជំនឿសាសនាចេញផ្សាយកាលពីខែឧសភា ក្រសួងការបរទេសអាមេរិកបានបង្ហាញ ក្ដីព្រួយបារម្ភពីស្ថានភាពនៅក្នុងប្រទេសឥណ្ឌា ពាក់ព័ន្ធនឹងអំពើហិង្សាប្រឆាំងនឹងអ្នកកាន់សាសនាអ៉ីស្លាម ការសម្លាប់រង្គាល និងការវាយប្រហារលើ ទីកន្លែងប្រតិបត្តិសាសនាជាដើម។ បន្ថែមពីលើនេះ ក្នុងខែឧសភាដដែល គណៈកម្មការអាមេរិកស្ដីពីសេរីភាពជំនឿសាសនាអន្តរជាតិ ក៏បានអំពាវនាវ ឱ្យក្រសួងការបរទេសអាមេរិកដាក់បញ្ចូលឥណ្ឌា នៅក្នុងបញ្ជីខ្មៅ ៤ឆ្នាំជាប់ៗគ្នាផងដែរ។

ក៏ប៉ុន្តែ លោក Shidore យល់ថាកំណត់ត្រារំលោភសិទ្ធមនុស្សនៅក្រោមការដឹកនាំរបស់លោក ម៉ូឌី នឹងត្រូវបានបន្តមិនអើពើ ហើយក៏នឹងមិនអាចក្លាយ ជាឧបសគ្គរារាំងស្ទះដល់កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកនោះដែរ ដរាបណាប្រទេសទាំង២នៅតែត្រូវការគ្នាទៅវិញទៅមក ក្នុងការទប់ទល់ ជាមួយចិន។ ដ្បិតសហរដ្ឋអាមេរិក បានទុកបញ្ហាសិទ្ធិមនុស្សចោលបាត់ទៅហើយ ដើម្បីពង្រឹងទំនាក់ទំនងជាមួយឥណ្ឌា ទាំងដែលប្រទេសទាំង២ គ្មានគុណតម្លៃរួមក៏ដោយ៕