(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពិភពលោកត្រូវតែធ្វើសកម្មភាពជាបន្ទាន់ ដើម្បីផ្លាស់ប្តូរគំរូប្រតិបត្តិការនៃប្រព័ន្ធហិរញ្ញវត្ថុពិភពលោកបច្ចុប្បន្ន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣។
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលសម្រាប់កិច្ចព្រមព្រៀងហិរញ្ញវត្ថុសកល នៅទីក្រុងប៉ារីស លោក Macron បាននិយាយថា មេដឹកនាំពិភពលោក វិស័យឯកជន និងអង្គការអន្តរជាតិនានា ត្រូវតែធ្វើការរួមគ្នាដើម្បីកែទម្រង់ប្រព័ន្ធបច្ចុប្បន្ន ហើយប្រសិនបើពួកគេបរាជ័យក្នុងកិច្ចខិតខំប្រឹងប្រែងពេលនេះ វានឹងជះឥទ្ធិពលអវិជ្ជមានដល់ទំនុកចិត្តរបស់ប្រជាជន។
លោក Macron បាននិយាយ៉ាងដូច្នេះថា «ប្រសិនបើយើងបរាជ័យក្នុងការសម្រេចបាននូវគោលដៅរបស់យើង ... ប្រជាជនរបស់យើងនឹងបាត់បង់ទំនុកចិត្ត។ យើងត្រូវបង្កើតថាមពលរួម ហើយយើងត្រូវការជំនួយបន្ថែមពីវិស័យឯកជន» ដោយបន្ថែមថា រយៈពេលពីរឆ្នាំបន្ទាប់គឺជាពេលវេលាដ៏សំខាន់បំផុត។
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនេះដែរ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា «ស្ថាបត្យកម្មហិរញ្ញវត្ថុអន្តរជាតិបច្ចុប្បន្នបានបរាជ័យ ក្នុងបេសកកម្មរបស់ខ្លួនក្នុងការផ្តល់សំណាញ់សុវត្ថិភាពសកល សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍» ដោយហៅប្រព័ន្ធនេះហួសសម័យ មិនដំណើរការ និងអយុត្តិធម៌។
គួរបញ្ជាក់ថា មានមេដឹកនាំប្រហែល ៤០នាក់ ក្នុងនោះរួមមានទាំងមេដឹកនាំមកពីទ្វីបអាហ្រ្វិក នាយករដ្ឋមន្ត្រីចិន និងប្រធានាធិបតីប្រេស៊ីល ព្រមទាំងប្រមុខដឹកនាំស្ថានប័នហិរញ្ញវត្ថុធំៗដូចជា ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិជាដើម បានចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ដែលមានរយៈពេលពីរថ្ងៃនៅក្នុងរដ្ឋធានីបារាំង។
កម្មវត្ថុចម្បងនៃជំនួបនេះ ដើម្បីដោះស្រាយបញ្ហាបំណុល ជំរុញការផ្តល់ហិរញ្ញប្បទាន សម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាប កំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុចាស់ និងបង្កើនមូលនិធិដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាដើម៕