(មូស្គូ)៖ នៅថ្ងៃព្រហស្បតិ៍នេះ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) បាននិយាយថា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នឹងជាភ្ញៀវម្នាក់ដែលមិនសមរម្យនោះឡើយ នៅកិច្ចប្រជុំកំពូល នៃក្រុមប្រទេស BRICS ក្រោយមានសេចក្តីរាយការណ៍ថា លោក ម៉ាក្រុង មានបំណងចង់ចូលរួមកិច្ចប្រជុំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣។
BRICS គឺជាក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់រីកចម្រើនឈានមុខប្រចាំតំបន់ ដែលរួមមានដូចជា អាហ្រ្វិកខាងត្បូង ប្រេស៉ីល រុស្ស៉ី ឥណ្ឌា និងចិន ហើយនឹងត្រូវរៀបចំកិច្ចប្រជុំកំពូលមួយ នៅឯទីក្រុងចូហាណេសបឺគនៃប្រទេសអាហ្រ្វិកខាងត្បូង នាខែសីហា ឆ្នាំនេះ។ នៅពេលត្រូវបានសាកសួរអំពី បំណងចង់ចូលរួមក្នុងកិច្ចប្រជុំកំពូល BRICS របស់លោក ម៉ាក្រុង លោក រីយ៉ាបកូវ បានឆ្លើយតបយ៉ាងដូច្នេះថា «ច្បាស់ណាស់ មេដឹកនាំនៃក្រុមប្រទេស ដែលប្រកាន់គោលនយោបាយអរិភាពនិងមិនអាចទទួលយកបាន ប្រឆាំងមកលើប្រទេសយើង ហើយព្រួតគ្នាប្តេជ្ញាធ្វើឱ្យរុស្ស៉ីស្ថិតនៅឯកោតែឯងលើឆាកអន្តរជាតិ ព្រមទាំងមានគោលដៅវាយបំបាក់យើងជាយុទ្ធសាស្រ្តថែមទៀតនោះ នឹងជាភ្ញៀវមិនសមរម្យឡើយ នៅឯកិច្ចប្រជុំ BRICS»។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានសេចក្តីរាយការណ៍ថា លោក ម៉ាក្រុង មានបំណងចង់ចូលរួមកិច្ចប្រជុំកំពូល BRICS នៅអាហ្រ្វិកខាងត្បូង ហើយនៅថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសបារាំង លោកស្រី ខាថឺរីន កូឡូនណា (Catherine Colonna) ក៏បានទទួលស្គាល់ថា លោកប្រធានាធិបតីបារាំង ពិតជាមានបំណងចង់ក្លាយជា មេដឹកនាំលោកខាងលិចដំបូងគេ ដែលត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំនេះ៕