(វ៉ាស៊ីនតោន)៖ ដំណើរស្វែងរកនាវាមុជទឹក Titan ដែលបានបាត់ទំនាក់ទំនងច្រើនថ្ងៃមកនេះ មិនមានក្តីសង្ឃឹមថានឹងអាចជួយជីវិតមនុស្ស៥នាក់ ដែលស្ថិតក្នុងនាវានោះបានឡើយ។ កូននាវាមុជទឹក Titan បានធ្វើដំណើរទៅកាន់នាវាTitanic នៅក្រោមបាតមហាសមុទ្ទអត្លង់ទិក ក្រោយការលិច រយៈពេល១១១ឆ្នាំមកនេះ។ តើមានអ្វីកើតឡើងចំពោះកូននាវាមុជទឹកដែលចុះទៅស្រាវជ្រាវ ខ្មោចនាវាTitanic នោះ?

ពេលវេលាដែលនាវាមុជទឹក Titan បាត់ខ្លួនក្នុងពេលធ្វើដំណើរទៅកាន់នាវាលិចទឹកTitanic ស្ថិតក្នុងបាតមហាសមុទ្ទអត្លង់ទិក បានហួសរយៈពេល ៩៦ម៉ោងហើយ ដែលក្តីសង្ឃឹមស្ទើរតែគ្មានសេសសល់ឡើយ ប៉ុន្តែបេសកកម្មជួយសង្គ្រោះស្វែងរកនាវាមុជទឹកដ៏តូចនោះ នៅតែបន្តរុករកថែមទៀត។

ក្រុមសង្គ្រោះសហការដោយសហរដ្ឋអាមេរិកនិងប្រទេសកាណាដា កំពុងតែស្វែងរកនាវាមុជទឹកដ៏ជ្រៅមួយឈ្មោះ TITAN ផ្ទុកមនុស្សចំនួន៥នាក់ ដែល បានបាត់ក្នុងពេលធ្វើដំណើរចុះក្រោមបាតសមុទ្រសម្តៅទៅទីតាំងលិចនាវាដឹកអ្នកដំណើរកម្សាន្តឈ្មោះ Titanic កាលពី១១១ ឆ្នាំមុន។

ក្នុងចំណោមអ្នកស្ថិតក្នុងនាវាមុជទឹកនោះ មានមហាសេដ្ឋីអង់គ្លេស លោក Hamish Harding ដែលគេស្គាល់ថាជាអ្នកចូលចិត្តធ្វើដំណើរផ្សងព្រេង រុករកការស្រាវជ្រាវរួមទាំងការធ្វើដំណើរទៅក្នុងលំហអវកាសផងដែរ។ ក្រុមឆ្មាំសមុទ្ររបស់សហរដ្ឋអាមេរិក កំពុងដឹកនាំក្រុមការងារដើម្បីស្វែងរក នាវាតូច Titan ដែលបាត់ដំណឹងនៅក្នុងមហាសមុទ្រអាត្លង់ទិកខាងជើងនោះ។ ទីតាំងដែលនៅដាច់ឆ្ងាយនោះ ជាកន្លែងដែលកប៉ាល់ទេសចរណ៍ Titanic បានបុកចំផ្ទាំងទឹកកក ហើយបានលិចកាលពីឆ្នាំ១៩១២។

នាវា Titanic នាពេលនោះ បានផ្ទុកអ្នកដំណើរ និងក្រុមនាវិកចំនួនសរុប ២២០០ នាក់ ប៉ុន្តែមានមនុស្សប្រមាណ ៧០០នាក់ប៉ុណ្ណោះ ដែលបានរួចពី សេចក្ដីស្លាប់។ រឿងរ៉ាវនៃការលិចនាវានេះ បានស្ថិតក្នុងការបន្តស្រាវជ្រាវរបស់មនុស្សមួយចំនួននៅឡើយ ក្រោយការរកឃើញកប៉ាល់លិច Titanic ក្នុងឆ្នាំ១៩៨៥នៅក្រោមបាតសមុទ្ទ។ ដំណើរស្រាវជ្រាវត្រូវគេរាយការណ៍បានចាប់ផ្តើមតាំងពីពេលនោះមក។ នាវាមុជទឹកស្រាវជ្រាវ Titan ដែលបាន បាត់នោះបានធ្វើដំណើរចូលទៅកាន់បាតសមុទ្រនា វេលាព្រឹកថ្ងៃអាទិត្យទី១៨ ខែមិថុនា ប៉ុន្តែបានបាត់ទំនាក់ទំនង ក្រោយការធ្វើដំណើរអស់រយៈ ពេល១ម៉ោងនិង៤៥នាទី ដែលធ្វើដំណើរបានចម្ងាយជាងពាក់កណ្តាលផ្លូវទៅហើយទៅកាន់ នាវាលិចTitanic។

ក្រុមជំនាញធ្លាប់បាននិយាយថា អ្នកធ្វើដំណើរក្នុងនាវាមុជទឹកស្រាវជ្រាវ Titan នឹងមិនអាចចេញពីនាវានោះបានទេ បើគ្មានក្រុមនាវិកជួយមកពី ខាងក្រៅ។ សេចក្តីរាយការណ៍បង្ហាញថាខ្យល់អុកស៊ីហ្សែនដែលអាចទ្រទ្រង់ជីវិតអ្នកទេសចរណ៍ក្រោម បាតសមុទ្ទនោះ មានរយៈពេល៩៦ម៉ោង ដែលស្មើនឹងរយៈពេល៤ថ្ងៃតែប៉ុណ្ណោះ។ គិតត្រឹមថ្ងៃព្រហស្បតិ៍ទី២២មិថុនាឆ្នាំ២០២៣ ខ្យល់អុកស៊ីហ្សែនដើម្បីជួយរក្សាជីវិតក្នុងនាវាមុជទឹកនោះ បានហួសពេលកំណត់ហើយ។

ក្រុមស្រាវជ្រាវនេះ ជាប្រតិបត្តិការរបស់ក្រុមហ៊ុន Ocean Gate Expedition ចាប់តាំងពីឆ្នាំ ២០២១ ដើម្បីកត់ត្រាពីការពុកផុយរបស់នាវាTitanic និងប្រព័ន្ធអេកូឡូស៊ីនៅក្រោមទឹក ដែល បានលេចរូបរាងឡើងនៅជុំវិញនាវានោះ។ នាវាមុជទឹកតូចTitan ដែលបានបាត់នោះមានប្រវែង៦ម៉ែត្រកន្លះ ដែលអាចផ្ទុកមនុស្សបាន ៥នាក់ ហើយអាចលិបខ្លួនវាក្នុងទឹកបានជម្រៅ៤ពាន់ម៉ែត្រ។ ដើម្បីធ្វើទស្សនកិច្ចកប៉ាល់ក្រោម បាតសមុទ្ទនោះ, អ្នកដំណើរ ត្រូវចំណាយប្រាក់ ២៥ម៉ឺនដុល្លារសម្រាប់មនុស្សម្នាក់ ដោយចាប់ផ្ដើមចេញដំណើរពីប្រទេសកាណាដា ហើយត្រូវជិះនាវាចម្ងាយ៦៤០ គីឡូម៉ែត្រ ទៅ កាន់មហាសមុទ្រអាត្លង់ទិកដើម្បីបានទៅកាន់កន្លែងដែលនាវាTitanic លិច។

បន្ទាប់មកគេ នឹងធ្វើដំណើរតាមនាវាមុជទឹក Titan លិបចូលក្នុងទឹកជម្រៅ៣ពាន់៨០០ម៉ែត្រជាមួយនឹងការប្រើពេល ២ម៉ោងថែមទៀតទើបដំណើរ នោះ ទៅដល់នាវាTitanic ដែលលិចក្រោមបាតសមុទ្ទរយៈ ពេល១១១ឆ្នាំមកនោះ។ នាពេលនេះ ក្តីសង្ឃឹមនឹងអាចជួយស្រោចស្រង់ជីវិតមនុស្ស ទាំង៥នាក់ បានស្ថិតក្នុងសភាពអស់សង្ឈឹមទៅហើយដោយសារតែការបាត់នាវា Titan នោះមានរយៈពេលហួសពី៩៦ម៉ោង ដែលហួសការកំណត់ របស់ខ្យល់អុកស៊ីហ្សែនក្នុងនាវានោះទៅហើយ។ អ្នកស្វែងរកនិងជាមិត្តភក្តិជិតស្និទ្ធរបស់មហាសេដ្ឋី Hamish Harding បានថ្លែងបង្ហាញក្តីអស់ សង្ឃឹម។

លោកស្រី Jannicke Mikkelsen ដែលជាមនុស្សជិតស្និទ្ធនឹងលោកមហាសេដ្ឋីកំពុងបាត់ខ្លួននោះ បានថ្លែងថា «ក្នុងនាមជាអ្នកស្រាវជ្រាវរុករកយើង គ្មានសុទិដ្ឋិនិយមនិងក្តីសង្ឃឹមឡើយ។ ពេលនេះមានតែបួងសួងរកអព្ហូតហេតុឬអភិនិហាដើម្បីជួយឱ្យពួកគេបានរស់រានមានជីវិតតែ ប៉ុណ្ណោះ»

លោក Hamish Harding មុនធ្វើដំណើរស្រាវជ្រាវនេះ លោកបានសរសេរ Post ក្នុងបណ្តាញ សង្គម Facebook ថាលោកនឹងធ្វើដំណើរតាម នាវាមុជទឹកស្រាវជ្រាវដើម្បីចុះទៅកាន់នាវាលិច ទឹក Titanic។ អ្នកស្រាវជ្រាវដែលធ្លាប់ធ្វើដំណើររួមជាមួយលោកម្នាក់ទៀត បានថ្លែងបង្ហាញក្តី អស់សង្ឃឹមដូចគ្នា។

លោក Mike Reiss បានថ្លែងថា «ខ្ញុំគិតថាពួកគេប្រហែលជាជាប់នៅក្រោមបាតសមុទ្ទហើយ។ ប្រហែលជាមានការលិចជ្រាបនាវាដែលធ្វើឱ្យទឹក បានចូល»។ លោកបានថ្លែងថាលោកគ្មានសុទិដ្ឋិនិយមថាពួកគេនឹងវិលត្រឡប់មកវិញដោយមានជីវិតឡើយ។ លោកថាបើសិនជាដំណើរ នេះជាដំណើរ ចុងក្រោយរបស់ពួកគេ, គឺពួកគេបានធ្វើអ្វីតាមបំនងនិងក្តីស្រឡាញ់ជាចុងក្រោយ បំផុតហើយ។ បេសកកម្មស្វែងរកនាវាកំពុងបាត់នេះ ត្រូវគេរាយការណ៍ថាមានការលំបាកជាខ្លាំងដោយសារពួកគេមិនអាចធ្វើទំនាក់ទំនងជាមួយនឹងនាវា Titan នោះបាន។ ម្យ៉ាងទៀតការអាចមើលឃើញ ក្រោមផ្ទៃទឹកត្រូវបានបាត់ភ្លាមៗនៅផ្ទៃខាងក្រោមទឹក ពីព្រោះភ្លើងមិនអាចបញ្ចាំងទម្លុះឃើញ ទៅទីឆ្ងាយបានឡើយ និងតំបន់ដែលនាវា Titan បានបាត់នោះ មានស្ថានភាពមិនសូវល្អថែមទៀត។ មេបញ្ជាការឆ្មាំសមុទ្ទអាមេរិកលោក John Mauger បានថ្លែងបញ្ជាក់យ៉ាងនេះ។

មេបញ្ជាការឆ្មាំសមុទ្ទអាមេរិកនោះ បាននិយាយថា «ទីតាំងដែលយើងបានស្រាវជ្រាវនោះមាន ទំហំប្រហែលនឹងរដ្ឋ Connecticut»។ លោកបាន ថ្លែងថា «ពេលដែលយើងបន្តការរុករកស្រាវជ្រាវ, យើងបានពង្រីកសមត្ថភាពដើម្បីការអាចស្រាវជ្រាវបាននៅក្រោមបាតសមុទ្ទផងដែរ។ ដូច្នេះហើយ យើងមានកប៉ាល់ពាណិជ្ជកម្មមួយដែលស្ថិតនៅកន្លែងកើតហេតុនោះ ដែលមានយានរបស់វាដំណើរការពីចម្ងាយដែលនឹងជួយយើងនូវលទ្ធភាពក្នុង ការស្វែងរកនៅខាងក្រោម ផ្ទៃទឹក»។ លោក Hamish Harding ធ្លាប់បានទទួលពាន់រង្វាន់ Guinness World Records ចំនួន៣ដងរួចមកហើយ រួមទាំងការចំណាយពេលវេលាវែងបំផុតក្នុងជម្រៅទឹកសមុទ្ទដ៏ធំតាមរយៈកប៉ាល់មួយដែលមាននាវិករួមដំណើរ។ ក្នុងខែមីនាឆ្នាំ២០២១, លោក Hamish Harding និងអ្នកស្រាវជ្រាវម្នាក់ទៀតឈ្មោះ Victor Vescovo បានមុជជ្រមុជទឹកទៅកាន់ទីទាបបំផុតនៃតំបន់ Mariana Trench។ ក្នុង ខែមិថុនា ខែឆ្នាំ២០២២, លោក Harmish Harding បានធ្វើដំណើរចូលក្នុងលំហអវកាសតាមរយៈយាន New Shepard នៃក្រុមហ៊ុនBlue Origin ។

បេសកកម្មជួយរកមនុស្សនេះ ក៏មានការចូលរួមពីយន្តហោះយោធា, កងកម្លាំងនាវាមុជទឹក និងឧបករណ៍ពោងប្រើថាមពលព្រះអាទិត្យដែលមាន សមត្ថភាពអាចរកឃើញនិងដឹងកន្លែងនាវា ស្ថិតនៅក្រោមទឹក។ សេចក្តីរាយការណ៍ចុងក្រោយបានឱ្យដឹងថាកម្លាំងអាកាស P-3 កាណាដា បានប្រទះ ឃើញសញ្ញាសម្លេងក្រោមទឹកក្នុងតំបន់ដែលកំពុងស្រាវជ្រាវ និងរុករកនោះ។ ក្រុមធ្វើប្រតិបត្តិការបានចុះទៅកាន់តំបន់ដែលរកឃើញសញ្ញាសំឡេង ក្រោមទឹកនោះដើម្បីចង់ដឹងថា តើវាជាសញ្ញានៃសម្លេងអ្វី។ ក្រុមប្រតិបត្តិការស្វែងរកបានផ្តល់សញ្ញាអវិជ្ជមានប៉ុន្តែពួកគេនៅតែ បន្តរុករកថែមទៀត។ ក្រុមជំនាញខ្លះបាននិយាយថាសម្លេងនៃសញ្ញានោះបានបង្ហាញការពាក់ជាមួយនឹងមនុស្ស ប៉ុន្តែការស្រាវជ្រាវបានបន្តទៅមុខថែមទៀត ដើម្បីស្វែង រកការពិតបើទោះបី ជាមានក្តីអស់សង្ឃឹមថាអ្នកបាត់ខ្លួនទាំងនោះបាត់បង់ជីវិតយ៉ាងណាក៏ដោយ៕