(ប៉េកាំង)៖ សីតុណ្ហភាពនៅក្នុងទីក្រុងប៉េកាំង បានឡើងលើសពី ៤០អង្សាសេនៅថ្ងៃព្រហស្បតិ៍នេះ ដែលជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៤ ហើយបានបំបែកកំណត់ត្រាថ្ងៃក្តៅបំផុតនៅក្នុងខែមិថុនា ខណៈរលកកំដៅដែលបានគ្របដណ្តប់លើ ខាងជើងប្រទេសចិន កាលពីមួយសប្តាហ៍មុនមកនោះ ក៏ត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ចុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣។
ស្ថានីយ៍ឧតុនិយមមួយ នៅភាគខាងត្បូងទីក្រុងប៉េកាំង បានកត់ត្រាសីតុណ្ហភាពកម្រិត ៤០.៧អង្សាសេ នៅវេលាម៉ោង ២និង៣០នាទីរសៀល (ម៉ោងក្នុងតំបន់)។ ដោយឡែក ទីប្រជុំជនតាំងហឺគូ (Tanghekou) ដែលស្ថិតនៅភាគឦសាននៃទីក្រុងប៉េកាំង បានមើលឃើញសីតុណ្ហភាពបានឡើងដល់ទៅ ៤១.៨អង្សារសេ ដែលជាប់ចំណាត់ថ្នាក់ជាកន្លែងក្តៅបំផុត នៅក្នុងប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ។
ទីក្រុងប៉េកាំង ធានជីន ហឺប៉ី និងសានទុង នៅភាគខាងជើង និងភាគខាងកើតប្រទេសចិន ត្រូវបានញាំញីដោយរលកកំដៅ កាលពីសប្តាហ៍មុន ដោយការិយាល័យឧតុនិយមជាតិបានចេញការជូនដំណឹង ឲ្យពលរដ្ឋប្រុងប្រយ័ត្នសម្រាប់ ជំងឺកើនឡើងកម្តៅហួសកម្រិត។
គួរបញ្ជាក់ថា ថ្ងៃព្រហស្បតិ៍នេះ បានក្លាយជាថ្ងៃក្តៅបំផុតសម្រាប់ទីក្រុងប៉េកាំង ប្រចាំនៅក្នុងខែមិថុនា គិតតាំងតែពីការធ្វើកំណត់ត្រាឧតុនិយមនាសម័យទំនើប បានចាប់ផ្តើមមក។ កំណត់ត្រាសីតុណ្ហភាពខាងលើនៅទីក្រុងប៉េកាំង ក៏ជាលើកដែលវាបានកើនលើសកម្រិត ៤០អង្សាសេ រាប់ចាប់តាំងពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤៕