(មូស្គូ)៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងមូស្គូកំពុងពិចារណាលើសំណើរបស់សហរដ្ឋអាមេរិក ដើម្បីទៅសួរសុខទុក្ខអ្នកកាសែតគឺ លោក អេវ៉ាន ហ្គឺសកូវ៉ិច (Evan Gershkovich) ដែលត្រូវឃុំខ្លួនពីបទចារកម្ម នៅក្នុងប្រទេសរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Interfax នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣។
សវនាកាត់ក្តីលើ លោក ហ្គឺសកូវ៉ិច នឹងត្រូវធ្វើឡើងនៅក្រោយថ្ងៃព្រហស្បតិ៍នេះ។ លោក ហ្គឺសកូវ៉ិច ជាភ្នាក់ងាររបស់កាសែត Wall Street Journal ដែលត្រូវបានចាប់ខ្លួនកាលពីខែមីនា ពីបទចារកម្ម បន្ទាប់ពីទីភ្នាក់ងារសន្តិសុខរុស្ស៉ី (FSB) ចោទប្រកាន់រូបលោកថា បានលួចប្រមូលព័ត៌មានសម្ងាត់យោធា នៅក្នុងទីក្រុងយ៉េកាតឺរីនបឺគ (Yekaterinburg)។ លោក ហ្គឺសកូវ៉ិច និងសហការីផ្សេងទៀត បានបដិសេធយ៉ាងខ្លាំងចំពោះការចោទប្រកាន់នេះ។ ដំបូងឡើយ លោកត្រូវគេបញ្ជូនទៅឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំង ត្រឹមថ្ងៃទី២៩ ខែឧសភា ប៉ុន្តែកាលពីខែឧសភា តុលាការបានបន្តពន្យារពេលឃុំខ្លួនរហូតដល់ថ្ងៃទី៣០ ខែសីហា។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនិយាយថា លោក ហ្គឺសកូវ៉ិច ត្រូវបានឃុំខ្លួនដោយខុសច្បាប់។ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានបោះឆ្នោតជាឯកច្ឆ័ន្ទ សម្រាប់ដំណោះស្រាយមួយ ដោយអំពាវនាវឲ្យរុស្ស៉ីដោះលែងរូបលោក៕