(បែរឡាំង)៖ នៅថ្ងៃព្រហស្បតិ៍នេះ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) បាថ្លែងនប្រាប់សភានៃប្រទេសអាល្លឺម៉ង់ថា រូបលោកបានបង្ហាញពីគោលជំហរជំទាស់ការប្រើប្រាស់កម្លាំង ដើម្បីសម្រេចបាននូវការផ្លាស់ប្តូរទឹកដី ជាពិសេសប្រឆាំងនឹងកោះតៃវ៉ាន់ កំលុងជំនួបពិភាក្សាក្នុងសប្តាហ៍នេះ ជាមួយនាយករដ្ឋមន្រ្តីចិន ដែលបានមកបំពេញទស្សនកិច្ច នៅទីក្រុងបែរឡាំង។ នេះបើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងសប្តាហ៍នេះ លោក សូល បានទទួលស្វាគមន៍ការបំពេញទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីចិន លោក លី ជាំង (Li Qiang) ដែលបាន​ដឹកនាំគណៈប្រតិភូចិនធំមួយ ដើម្បីបើកកិច្ចប្រជុំទ្វេភាគីទល់មុខគ្នាជាលើកដំបូង គិតចាប់តាំងតែពីការរាតត្បាតនៃជំងឺកូវីដ១៩មក ហើយវាចំពេលដែលភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ កំពុងតែកើនឡើងរវាងលោកខាងលិច និងប្រទេសចិន។

កំលុងជំនួបនាពេលនោះ លោក សូល បាននិយាយប្រាប់លោក ជាំង យ៉ាងដូច្នេះថា «យើងប្រកាន់ជំហរបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះ ការប៉ុនប៉ងបែបឯកតោភាគីទាំងឡាយ ដែលចង់កែប្រែស្ថានភាពដើម នៅឯសមុទ្រចិនខាងកើតនិងខាងត្បូង ដោយប្រើប្រាស់កម្លាំងឬមួយក៏​ការបង្ខិតបង្ខំ។ គោលជំហរនេះ គឺកាន់តែពិតប្រាកដជាពិសេសថែមទៀត ពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់»។

គួរបញ្ជាក់ថា គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំងបានបង្កើនសកម្មភាពយោធារបស់ខ្លួននៅក្បែរតៃវ៉ាន់ ដើម្បីជាការព្យាយាមដាក់សម្ពាធឱ្យ​ទីក្រុងតៃប៉ិ ទទួលយកការទាមទារអធិបតេយ្យរបស់ខ្លួន។ តៃវ៉ាន់ត្រូវបានទីក្រុងប៉េកាំងចាត់ទុកជា ផ្នែកដែលអាចកាត់ផ្តាច់បានរបស់​ប្រទេសចិន ហើយចិនមិនដែលបោះបង់ចោល នូវជម្រើសរើសនៃការប្រើប្រាស់កម្លាំងយោធា ដើម្បីបង្រួបបង្រួមគ្នាជាមួយដែនកោះនេះ​ឡើយ។ យ៉ាងណាមិញ ទីក្រុងតៃប៉ិបានច្រានចោលយ៉ាងម៉ឹងម៉ាត់ ចំពោះការទាមទាររបស់ចិន ហើយបានប្តេជ្ញាការពារខ្លួនឱ្យអស់ពីលទ្ធភាព ប្រសិនបើត្រូវរង​ការវាយប្រហារពីចិន នាពេលអនាគត៕