(ហ្សាការតា)៖ នៅថ្ងៃព្រហស្បតិ៍នេះ យោធានៃប្រទេសឥណ្ឌូណេស៉ី បានឱ្យដឹងថា ទីក្រុងហ្សាការតាបានសម្រេចចិត្តផ្លាស់ប្តូរទីតាំង ដែលខ្លួនត្រូវរៀបចំប្រារព្ធ សមយុទ្ធយោធារួមលើកដំបូងបង្អស់របស់អាស៊ាន ទៅកាន់កន្លែងមួយផ្សេងទៀត ស្ថិតនៅឆ្ងាយពីសមុទ្រចិនខាងត្បូង ជាទីដែលប្រទេសអាស៊ានមួយចំនួន ហើយនិងចិនមានបញ្ហាវិវាទ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣។
ពីដំបូងឡើយ សមយុទ្ធយោធាដែលមិនផ្តោតលើការប្រយុទ្ធខាងលើ សម្រាប់ក្រុមប្រទេសដែលជាសមាជិកអាស៊ាន ត្រូវបានកំណត់ធ្វើឡើង នៅឯសមុទ្រណាទូណាខាងជើង (North Natuna Sea) ដែលជាដែនទឹកនៅចុងភាគខាងត្បូង នៃតំបន់សមុទ្រចិនខាងត្បូង។ ប៉ុន្តែឥឡូវ បើតាមយោធាឥណ្ឌូណេស៉ី ការធ្វើសមយុទ្ធយោធារួមរបស់អាស៊ាន ដែលត្រូវប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី១៨-២៥ ខែកញ្ញា ឆ្នាំនេះ នឹងត្រូវផ្លាស់ចេញពីសមុទ្រចិនខាងត្បូងទាំងស្រុងតែម្តង គឺទៅកាន់សមុទ្រណាទូណាខាងត្បូង (South Natuna Sea) វិញ ហើយស្ថិតនៅក្នុងដែនទឹករបស់ប្រទេសឥណ្ឌូណេស៉ីផ្ទាល់។
អ្នកនាំពាក្យយោធាឥណ្ឌូណេស៉ី បាននិយាយថា សមយុទ្ធយោធាខាងលើនឹងប្រារព្ធឡើង នៅលើនិងក្បែរកោះបាតាំ (Batam) ដែលស្ថិតនៅមាត់ច្រកសមុទ្រម៉ាឡាកា (Malacca) ហើយបានអះអាងថា ការសម្រេចចិត្តផ្លាស់ប្តូរទីតាំងនេះ គឺជាការសម្រេចចិត្តដោយឯករាជ្យ និងមិនមានការជ្រៀតជ្រែកពីប្រទេសដទៃទៀត។
គួរបញ្ជាក់ថា សមុទ្រចិនខាងត្បូង គឺជាតំបន់ដែលប្រទេសសមាជិកអាស៊ានមួយចំនួន ដូចជាវៀតណាម ហ្វីលីពីន និងម៉ាឡេស៉ី ជាដើម មានបញ្ហាវិវាទជាមួយប្រទេសចិន ខណៈអាស៊ានបាននិងកំពុងបន្តព្យាយាមជំរុញឱ្យ ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងជាមួយទីក្រុងប៉េកាំង ដែលមានការរង់ចាំជាយូរមកហើយនោះ អាចឆ្ពោះទៅសម្រេចបាន ជាស្ថាពរ។ ដោយឡែក សាមគ្គីភាពរបស់អាស៊ានក៏កំពុងប្រឈមនឹងការធ្វើតេស្តសាកល្បងផងដែរ ចំពោះមុខការប្រកួតប្រជែងឥទ្ធិពលគ្នា រវាងសហរដ្ឋអាមេរិកនិងចិន នៅអាស៉ី-ប៉ាស៉ីហ្វិក៕