(មូស្គូ)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា មីស៉ីលបាលិស្ទីគអន្តរទ្វីប (ICBM) ជំនាន់ថ្មី Sarmat របស់ប្រទេសរុស្ស៉ី ដែលអាចពាំក្បាលនុយក្លេអ៊ែរបាន១០គ្រាប់ឬច្រើនជាងនេះ នឹងអាចត្រូវដាក់ពង្រាយបានក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣។

លោក ពូទីន បានថ្លែងដូចខាងលើក្នុងសុន្ទរកថាមួយ ទៅកាន់និស្សិតយោធារុស្ស៉ី ដែលទើបតែបញ្ចប់ការសិក្សា។ កំលុងការថ្លែងសុន្ទរកថា លោកប្រធានាធិបតីរុស្ស៉ី ក៏បានសង្កត់ធ្ងន់ផងដែរអំពីសារសំខាន់នៃកងកម្លាំងនុយក្លេអ៊ែរត្រីមុខរបស់ទីក្រុងមូស្គូ ដែលចង់សំដៅលើសមត្ថភាពបាញ់​អាវុធនុយក្លេអ៊ែរចេញពីដីគោក ដែនសមុទ្រ ហើយនិងផ្ទៃអាកាស។ លោក ពូទីន បាននិយាយយ៉ាងដូច្នេះថា «ភារកិច្ចដ៏សំខាន់បំផុតនាពេលនេះ គឺការខិតខំប្រឹងប្រែងអភិវឌ្ឍនុយក្លេអ៊ែត្រីមុខ ដែលជាគន្លឹះសម្រាប់ការធានា ដល់សន្តិសុខយោធារបស់រុស្ស៉ី ព្រមទាំងស្ថិរភាពពិភពលោក»

ចាប់តាំងតែពីសង្រ្គាមបានផ្ទុះឡើងនៅអ៊ុយក្រែនមក លោក ពូទីន ធ្លាប់បានលើកឡើងជាច្រើនលើកថា រុស្ស៉ីត្រៀមលក្ខណៈជានិច្ចក្នុងការ​ប្រើប្រាស់គ្រប់មធ្យោបាយ រួមមានទាំងជម្រើសអាវុធនុយក្លេអ៊ែរ ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន។ កាលពីឆ្នាំមុន លោក ពូទីន បាននិយាយថា រូបលោកបានសម្រេចដាក់ ទឺកដីរបស់អ៊ុយក្រែន ដែលត្រូវបានរុស្ស៉ីបញ្ចូលជាឧបសម្ព័ន្ធរបស់ប្រទេសរុស្ស៉ី ឱ្យស្ថិតក្រោមឆ័ត្រនុយក្លេអ៊ែរ​របស់ទីក្រុងមូស្គូថែមទៀតផង។

គួរបញ្ជាក់ថា មីស៉ីល ICBM ស៊េរី Sarmat ត្រូវបានរចនាឡើង សម្រាប់វាយប្រហារនុយក្លេអ៊ែរទៅលើគោលដៅ ដែលស្ថិតនៅឆ្ងាយៗ ក្នុងទ្វីបអឺរ៉ុប ឬក៏នៅសហរដ្ឋអាមេរិក ជាដើម។ យ៉ាងណាមិញ ការដាក់ពង្រាយជាផ្លូវការរបស់មីស៉ីលនេះ ហាក់ប្រព្រឹត្តទៅយឺតយ៉ាវជាងការគម្រោងទុក ដ្បិតរុស្ស៉ីធ្លាប់បានអះអាងកាលពីខែមេសា ឆ្នាំ២០២២ ថា មីស៉ីល Sarmat នឹងអាចដាក់ពង្រាយបាន នៅត្រឹមអំលុងរដូវស្លឹកឈើជ្រុះ​នៃឆ្នាំដដែលនោះ៕