(វ៉ាស៉ីនតោន)៖ យោងតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខិន (Antony Blinken) បានទទូចសាជាថ្មីឱ្យទីក្រុងអង់ការ៉ា ផ្តល់ការគាំទ្រចំពោះសមាជិកភាពរបស់ប្រទេសស៊ុយអែត នៅក្នុងអង្គការណាតូ (NATO) កំលុងជំនួបពិភាក្សា កាលពីថ្ងៃពុធសប្តាហ៍នេះ ជាមួយរដ្ឋមន្រ្តីការបរទេសតួកគីថ្មី លោក ហាកាន ហ្វីដាន់ (Hakan Fidan)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា កំលុងជំនួបជាមួយលោក ហ្វីដាន់ នៅក្រៅសន្និសីទស្តីពីកិច្ចប្រឹងប្រែងជួយស្ថាបនា​អ៊ុយក្រែនឡើងវិញ ដែលប្រារព្ធឡើងនៅឯទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេស លោក ប៊ី្លនខិន បានសង្កត់ធ្ងន់ពីសារសំខាន់នៃសាមគ្គីភាពរបស់ NATO នៅក្នុងគ្រាដ៏សំខាន់បំផុតមួយ ហើយរូបលោកក៏បានជំរុញតួកគីឱ្យគាំទ្រស៊ុយអែត ចូលរួមក្នុងអង្គការ NATO ផងដែរ។ តួកគីបានបន្តបដិសេធគាំទ្រឱ្យស៊ុយអែត ក្លាយជាសមាជិករបស់បក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ ដោយសារក្តីកង្វល់សន្តិសុខ ប៉ុន្តែបណ្តាប្រទេសសមាជិកដទៃទៀត បានបង្ហាញក្តីសង្ឃឹមថា ស៊ុយអែតនឹងអាចក្លាយជាសមាជិក កំលុងកិច្ចប្រជុំកំពូលមួយ ដែលត្រូវប្រព្រឹត្តទៅនៅប្រទេសលីទុយអានី នាពាក់កណ្តាលខែកក្កដាខាងមុខ។

គួរបញ្ជាក់ថា ស៊ុយអែតព្រមទាំងហ្វាំងឡង់ បានបោះបង់ចោលគោលជំហរមិនចូលបក្សសម្ព័ន្ធយោធា រាប់ទសវត្សរ៍មកហើយរបស់ពួកគេ កាលពីឆ្នាំ២០២២ ហើយដាក់ពាក្យស្នើសុំចូលរួមក្នុងអង្គការ NATO បន្ទាប់ពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន បានផ្ទុះឡើង។ ខណៈហ្វាំងឡង់បានក្លាយជាសមាជិកផ្លូវការ កាលពីខែមេសា តួកគីបាននិងកំពុងបន្តរាំងខ្ទប់សមាជិកភាពរបស់ស៊ុយអែត។ កាលពីសប្តាហ៍មុន ប្រធានាធិបតីតួកគី លោក តេយយីព អឺដូហ្កាន់ (Tayyip Erdogan) ទើបតែបានលើកឡើងថា ស៊ុយអែតកុំរំពឹង​ទទួលបានការផ្តល់ភ្លើងបៃតងពីតួកគីឱ្យសោះ នៅកិច្ចប្រជុំ NATO នាខែក្រោយ លុះត្រាតែខ្លួនអាចទប់ស្កាត់ការធ្វើបាតុកម្មប្រឆាំងតួកគី នៅទីក្រុងស្តុកខុល។ មិនតែប៉ុណ្ណោះ តួកគីក៏បានចោទប្រកាន់ស៊ុយអែតផងដែរថា ផ្តល់កន្លែងជ្រកកោនដល់សមាជិកក្រុមសកម្មប្រយុទ្ធ ដែលទីក្រុងអង់ការ៉ាចាត់ទុកជាពួកភេរវករ៕