(កៀវ)៖ យុទ្ធនាការវាយបករដូវប្រាំង Counter Offensive របស់អ៊ុយក្រែនរយៈពេលជាង២សប្តាហ៍មកនេះ ទើបបានដណ្តើមទឹកដីប្រមាណ១១០គីឡូម៉ែត្រក្រឡា តែប៉ុណ្ណោះ ខណៈការស្លាប់ និងរបួសត្រូវគេរាយការណ៍ថាមានច្រើនដល់៧ពាន់៥០០នាក់ ជាមួយនឹងការបាត់បង់សម្ភារៈសឹក អស់ជាច្រើនថែមទៀត។ អ៊ុយក្រែន នៅជាមួយគ្នានេះ កំពុងស្រមៃថាក្រោយសង្គ្រាមនឹងបញ្ចប់ គេនឹងអាចមានប្រទេសមួយថ្មីក្រោមផែនការMarshall Plan បៃតង។ តើការស្រមៃរបស់អ៊ុយក្រែនថាប្រទេស របស់ខ្លួននឹងក្លាយជាប្រទេសទំនើបនោះ នឹងក្លាយជាការពិតដែរ ឬទេគ្រាដែលសង្គ្រាមមិនទាន់ដឹងថាចប់នៅពេលណាមួយនោះ?
អ៊ុយក្រែន កំពុងស្រមើស្រមៃនឹងការកសាងប្រទេសសាឡើងវិញ នៅក្រោយការបញ្ចប់សង្គ្រាម ខណៈក្តីស្រមៃទាំងនេះមិនទាន់អាចដឹងថានឹងក្លាយជាការពិតយ៉ាងណា នោះឡើយ។ ប្រទេសអ៊ុយក្រែនចង់ទទួលបាននូវផែនការ Marshall Plan បៃតងមួយដើម្បីការកសាងសេដ្ឋកិច្ចជាតិសាឡើងវិញ។ ប៉ុន្តែការកសាងប្រទេសតាមផែនការ Marshall Plan បៃតងបានលុះត្រា តែអ៊ុយក្រែនមានសុខសន្តិភាពសាឡើងវិញសិន។ ផែនការ Marshall Plan គឺជាផែនការផ្តួច ផ្តើមដោយសហរដ្ឋអាមេរិក, ជាទីផ្សារមួយ ដែលទទួលទំនិញសហរដ្ឋអាមេរិក, ជាផែនការបង្កើតដៃគូពាណិជ្ជកម្មដែលជាទីទុកចិត្តរបស់សហរដ្ឋអាមេរិក, និងជាផែនការគាំទ្រការអភិវឌ្ឍន៍រដ្ឋាភិបាលដែលមាន ប្រជាធិបតេយ្យប្រកបដោយស្ថិរភាពក្នុងតំបន់អឺរ៉ុបជាពិសេសអឺរ៉ុបភាគខាងលិច។
អ៊ុយក្រែនកំពុងស្រមៃចង់បាននូវផែនការ Marshall Plan បៃតងនេះដែលរំពឹងថានឹងជួយស្តារការកសាងអ៊ុយក្រែនទាំងអស់សាឡើងវិញបន្ទាប់សង្គ្រាមដ៏ខ្ទេចខ្ទាំនេះ។ ជាមួយនឹងក្តីស្រមើស្រមៃ នោះសេចក្តីរាយការណ៍បង្ហាញថារដ្ឋាភិបាលអ៊ុយក្រែនបានស្នើសុំរកថវិកា៤០ពាន់ លានដុល្លារ ដែលសំណើនេះ ត្រូវដាក់ពិភាក្សាក្នុងប្រទេស អង់គ្លេសនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ។ ប្រទេសអង់គ្លេស និងអ៊ុយក្រែនបានរៀបចំកិច្ចប្រជុំ២ថ្ងៃក្នុងក្រុងឡុងដ្រ៍ របស់ចក្រភពអង់គ្លេស និងការស្នើរកថវិកា ៤០ពាន់លានដុល្លារនៃផែនការ Marshall Plan បៃតង របស់អ៊ុយក្រែននេះ គឺគ្រាន់តែជាជំហានស្នើលើកដំបូងតែប៉ុណ្ណោះ។
ធនាគារពិភពលោក បានវាយតម្លៃថាការកសាងប្រទេសអ៊ុយក្រែនសាឡើងវិញ នឹងត្រូវចំណាយច្រើនដល់ ៤១១ ពាន់លានដុល្លារ ដូច្នេះវាជាដំណើរយូរអង្វែងថែមទៀត ចំពោះប្រទេសអ៊ុយក្រែនក្នុងការកសាងជាតិរបស់ខ្លួនវិញ។ ប៉ុន្តែ ក្តីស្រមៃចង់បានរបស់អ៊ុយក្រែននោះ ត្រូវគេឃើញថានៅឆ្ងាយណាស់ដោយសារតែ អ៊ុយក្រែននៅកំពុង មានសង្គ្រាម និងមិនទាន់អាចប្រាកដថាការវាយលុក Counter-Offensive ដណ្តើមយកទឹកដីដែលរុស្ស៊ីគ្រប់គ្រងនាភាគខាង កើតប្រទេសដែលបាននិងកំពុងធ្វើក្នុងខែ មិថុនានេះ នឹងអាចសម្រេចតាមសេចក្តីប្រាថ្នាបានវិញនៅឡើយទេ។ រុស្ស៊ីបានជីកលេណដ្ឋាន និងដាក់របាំងឧបសគ្គច្រើនស្អេកស្កះក្នុងការត្រៀមទប់ទល់នឹងយុទ្ធនាការ វាយលុករដូវក្តៅនេះ ។ អ៊ុយក្រែនបានបើកយុទ្ធនាការវាយបក Counter-Offensive របស់ខ្លួននៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ដោយការប្រើប្រាស់ឧបករណ៍សឹកទំនើប ទាំងអស់ដែលផ្តល់ដោយក្រុមបស្ចឹមប្រទេស។
ក្នុងយុទ្ធនាការវាយបករយៈពេលជាងកន្លះខែមកនេះ, ការដណ្តើមយកទឹកដីវិញត្រូវគេរាយការណ៍ថាទើបបានភូមិចំនួន៨ប៉ុន្តែការបាត់បង់ទាំងជីវិត និងឧបករណ៍យោធា ក៏មានក្រាស់ក្រែលគួរឱ្យកត់សម្គាល់។ ការវាយដណ្តើមយកទឹកដីខ្លះពីរុស្ស៊ី បានកើតឡើងក្នុងមុខព្រួញធំចំនួន២គឺនៅក្នុងខេត្តដូណេតស៍និងខេត្តហ្សាប៉ូរីហ្សៀ។ យុទ្ធនាការ Counter Offensive ជាងកន្លះខែ ប៉ុន្តែទើបទទួលបានប្រមាណ៨ភូមិនេះ ត្រូវអ្នកតាមដានស្ថានការណ៍បាននិយាយថា មានទំហំតិចតួចនិង មិនសក្កិសមនូវទំហំដែល មានមនុស្សរងពលិជីវិតនិងទំហំនៃការខាតបង់ទ្រព្យសម្បត្តិឡើយ។ តុល្យភាពគ្រោះថ្នាក់រវាងភាគីទាំងសងខាងមិនត្រូវបានគេបញ្ចេញ ឱ្យដឹងជាសាធារណៈឡើយ ប៉ុន្តែ មានសេចក្តីរាយការណ៍ថាទាំងសងខាងបានបាត់ជីវិត និងរងរបួសច្រើនពាន់នាក់ក្នុងរយៈពេលតែប្រមាណកន្លះខែនៃការធ្វើយុទ្ធនាការរដូវក្តៅនេះ។ ភូមិដែលរងការវាយលុក ត្រូវគេនិយាយថាបានក្លាយជាភូមិស្ទើរតែខ្ទេចខ្ទីដោយសារតែការប្រើ អាវុធយុទ្ធភណ្ឌបាញ់ដាក់គ្នាទៅវិញទៅមក។
អ៊ុយក្រែនបានថ្លែងទទួលស្គាល់ថាការវាយបក Counter-Offensive មានសភាពគ្រោះថ្នាក់ និងយឺតយ៉ាវពិតប្រាកដ ប៉ុន្តែអះអាងនូវការរំដោះមកវិញនូវទឹកដីខ្លះ។
ប្រធានាធិបតីអ៊ុយក្រែនបានថ្លែងទទួលស្គាល់នូវភាពលំបាកចំពោះមុខ ប៉ុន្តែលោកបានថ្លែងតាមបណ្តាញសង្គមកោតសរសរសើរនូវសេចក្តីក្លាហានរបស់កងទ័ពអ៊ុយក្រែន ទាំងនោះ។ លោក ហ្សេលេនស្គី បានថ្លែងថាលោកសូមសម្តែងការដឹងគុណចំពោះអ្នកប្រយុទ្ធអ៊ុយក្រែនទាំងឡាយដែលបានធ្វើកិច្ចការដ៏ល្អចំពោះជាតិ។ លោកបានថ្លែងថា មុខព្រួញនៃភូមិ Tavriya គឺមុខព្រួញដែលសាហាវនិងគ្រោះថ្នាក់បំផុតក្នុងសប្តាហ៍នេះ។ មុខព្រួញនៃភូមិ Tavriya គឺជាមុខព្រួញវាយលុកនៃទិសសមរភូមិភាគខាងត្បូង ប្រទេស និង លោកហ្សេឡិនស្គីបានចាត់ទុកថាជាមុខព្រួញដ៏កាចសាហាវបំផុត។ ប៉ុន្តែទោះបីជាសមរភូមិ នោះមានភាពខ្លាំងក្លាយ៉ាងណាក៏ដោយ, លោក ហ្សេលេនស្គី នៅតែបន្តនិយាយព្រមានដាក់លើរុស្ស៊ី។
លោក ហ្សេលេនស្គី បានថ្លែងបន្តថារុស្ស៊ីគង់តែនឹងត្រូវបាត់បង់ទឹកដីដែលពួកគេបានកាន់កាប់ខុសច្បាប់។ លោកថ្លែងបន្តថាគ្មានពាក្យថាទេ ដែលយើងមិនអាចដណ្តើមយកដី បាន និងរុស្ស៊ីគ្មានជម្រើសណាផ្សេងក្រៅពីការប្រគល់ទឹកដីនេះមកឱ្យអ៊ុយក្រែនវិញដែរ ខណៈដែលទាហានអ៊ុយក្រែនបានវាយសម្រុកទៅមុខដើម្បីដណ្តើម និងកាន់កាប់ ទឹកដីរបស់ខ្លួនវិញ។ លោកបានថ្លែងថាកម្លាំងវាយបុករបស់អ៊ុយក្រែន នឹងធ្វើការដណ្តើមយកទឹកដីមកវិញបន្តិច ម្តងៗនិងកងកម្លាំងវាយរុលទៅមុខជាបន្តបន្ទាប់ថែមទៀត។ នៅក្នុងការវាយកាន់កាប់ដណ្តើមបន្តិចម្តងៗនេះ, ទាហានអ៊ុយក្រែនបានព្យាយាមបង្ហោះនូវ ជោគជ័យរបស់ខ្លួនតាមកន្លែងខ្លះបង្ហាញពិភពលោក។
ក្នុងខ្សែវីដេអូមួយពីសមរភូមិក្នុងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣, ទាហានអ៊ុយក្រែនត្រូវគេឃើញ បានកាន់ទង់នៃអង្គភាពបង្ហាញការធ្វើដំណើរចូលដល់ភូមិ ដែលរុស្ស៊ីធ្លាប់ បានកាន់កាប់។ យោងតាមរូបភាពនោះបានបង្ហាញថាអង្គភាពប្រយុទ្ធអ៊ុយក្រែនលេខ១២៨ និងអង្គភាពមួយទៀតនៃកងវរសេនាធំកាំភ្លើងដៃ បានទទួលជោគជ័យក្នុង ការវាយសម្រុកចូលក្នុងភូមិពីយ៉ាត់ ទីខាត់គី Piaty Khatky ដោយក្រុមទាហានរុស្ស៊ី បានរត់ចាកចេញបន្សល់ទុកនូវសម្ភារៈ និងអាវុធគ្រាប់រំសេវថែមទៀត។ ក្រុមទាហាន អ៊ុយក្រែនបាននាំគ្នាស្រែកថាជយោអ៊ុយក្រែន។
ប៉ុន្តែសេចក្តីរាយការណ៍របស់ First Post បានឱ្យដឹងថាភាពរីករាយនៃជ័យជម្នះក្នុងភូមិនោះ ហាក់ដូចជាការបង្ហាញលឿនពេក។ ភូមិពីយ៉ាត់ទី ខាត់គី Piaty Khatky គឺជាភូមិតូចមួយ ដែលមានផ្ទះប្រមាណ៥ខ្នងនៅទីនោះ។ មន្ត្រីយោធារុស្ស៊ីបានថ្លែងថាភូមិដ៏តូចនោះពិតជាត្រូវបានអ៊ុយក្រែនដណ្តើមយកមែន ប៉ុន្តែក្រោយមកត្រូវបាន ទាហានរុស្ស៊ីបានវាយដណ្តើមយកមកវិញ។ តំបន់នោះទោះជាយ៉ាងណាក៏ដោយត្រូវបានគេចាត់ទុកថាជាតំបន់កំពុងប្រទាញប្រទង់ និងសេចក្តីរាយការណ៍បង្ហាញថាមាន ទាហានបាត់បង់ច្រើនរៀងៗខ្លួនក្នុងសមរភូមិ Piaty Khatky។ នៅជាមួយគ្នានេះផងដែរ, រុស្ស៊ីបានថ្លែងថាទាហានអ៊ុយក្រែនបានបាត់ បង់ជីវិតអស់ជាច្រើន។
មន្ត្រីនាំពាក្យយោធារបស់រុស្ស៊ី លោក Igor Konashenkov បានថ្លែងថាមានទាហានអ៊ុយក្រែនជាង២៥០នាក់, រថក្រោះចំនួន៣៣គ្រឿង, យានយន្តប្រយុទ្ធថ្មើរជើង ៣០គ្រឿង និងរថពាសដែកចំនួន៣៥គ្រឿង ត្រូវបានបំផ្លាញក្នុងអំពើវាយប្រហារនៃទិសដៅក្នុងខេត្តហ្សាប៉ូរីហ្សៀ ក្នុងរយៈពេលតែមួយថ្ងៃ។ យុទ្ធនាការ Counter Offensive របស់អ៊ុយក្រែន ត្រូវបានរុស្ស៊ីត្រៀមរៀបចំយុទ្ធសាស្ត្រទប់ទល់ជាច្រើនខែរួចជាស្រេច។ យុទ្ធនាការបើកការវាយលុកដែលមានការត្រៀមរៀបចំទុកជាមុននេះ ត្រូវរុស្ស៊ីចាត់ទុក ថាដូចជាការសាងផ្នូរទុកជាមុនសម្រាប់ទាហានអ៊ុយក្រែន។
យោងតាមក្រុមចារកម្មសម្ងាត់របស់អង់គ្លេស, ការវាយប្រហារប៉ុន្មានថ្ងៃថ្មីៗមកនេះ បានកើតឡើងក្នុងខេត្តហ្សាប៉ូរីហ្សៀ, ខេត្តដូណេតស៍និងនៅជុំវិញក្រុងបាក់មុត។ ក្រុមចារកម្មសម្ងាត់របស់អង់គ្លេសបញ្ជាក់ថាក្នុងតំបន់វាយប្រហារទាំងនេះ អ៊ុយក្រែនអាចមានលទ្ធភាពវាយសម្រុកទៅមុខបានតិចតួចណាស់។ ក្រុមចារកម្មសម្ងាត់ដដែល បាននិយាយទៀតថាកម្លាំងរុស្ស៊ី បានទប់ទល់យ៉ាងមានប្រសិទ្ធភាព និងថាទាំងកម្លាំងរុស្ស៊ីនិងកម្លាំងអ៊ុយក្រែនមានការបាត់បង់ខ្ពស់ដូចគ្នា ប៉ុន្តែនិយាយថារុស្ស៊ីទំនងជា បាត់បង់ច្រើនជាងចាប់តាំងពីមានការវាយលុក លើក្រុងបាក់មុតចាប់តាំងពីខែមីនានោះមក។
សង្គ្រាមក្នុងអ៊ុយក្រែនបានឈានចូលដល់ថ្ងៃទី៤៨២ថ្ងៃ ហើយគិតតាំងពីថ្ងៃចាប់ផ្តើមទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មកដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ រុស្ស៊ីជាមួយនឹង ការទប់ទល់លើការវាយលុក Counter Offensive របស់អ៊ុយក្រែន, បានធ្វើការវាយប្រហារតាមផ្លូវអាកាសដាក់លើគោលដៅនៃក្រុងរបស់អ៊ុយក្រែនថែមទៀត។ អ៊ុយក្រែន បាននិយាយថាពេញមួយយប់ថ្ងៃទី២០មិថុនា, រុស្ស៊ីបានបាញ់ដាក់លើគោលដៅក្នុងក្រុងកៀវ និងតំបន់ខ្លះទៀតដែលមិនស្ថិតក្នុងរង្វង់សមរភូមិប្រយុទ្ធភាគខាងកើត នោះឡើយ។ អ៊ុយក្រែន អះអាងការបាញ់ទម្លាក់ដ្រូន Shahed ផលិតដោយអ៊ីរ៉ង់ចំនួន២៨គ្រឿងក្នុងចំណោម៣០គ្រឿង ក្នុងពេលវាយប្រហារតាមផ្លូវអាកាសនោះ។ ការវាយប្រហារតាមផ្លូវអាកាសពេញមួយយប់នោះ បានបណ្តាលឱ្យខូចខាតអគារពាណិជ្ជកម្មមួយចំនួន, អគារធ្វើការរដ្ឋបាល និងផ្ទះឯកជនជាច្រើនក្នុងក្រុងគៀវ, ខណៈក្រុង Lviv ដែលស្ថិតនាភាគខាងលិចប្រទេសក៏បានរងនឹងការវាយប្រហារតាមផ្លូវអាកាសនេះផងដែរ។ មិនទាន់មានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះថ្នាក់ឡើយ។
សេចក្តីរាយការណ៍បានបង្ហាញថាអ៊ុយក្រែនត្រៀមនឹងធ្វើការវាយប្រហារដាក់លើតំបន់គ្រីមៀ ដែលរុស្ស៊ីបានកាន់កាប់តាំងពីឆ្នាំ២០១៤នោះមក។ ប៉ុន្តែរុស្ស៊ីបានគំរាមមកវិញ ថា គេនឹងធ្វើការវាយប្រហារដាក់លើទីតាំង «ធ្វើការសម្រេចចិត្តក្នុងក្រុងកៀវ» បើសិនជាអ៊ុយក្រែន ហ៊ានប្រើអាវុធមីស៊ីលដែលក្រុមបស្ចឹមប្រទេសផ្តល់ឱ្យបាញ់ដាក់ទៅលើ តំបន់គ្រីមៀ។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានថ្លែងព្រមានថា បើអ៊ុយក្រែនហ៊ានប្រើប្រាស់មីស៊ីល HIMARS របស់អាមេរិកឬប្រើ មីស៊ីលអង់គ្លេស Storm Shadow បាញ់ដាក់លើតំបន់គ្រីមៀរមែននោះ, វាជាការដែលនឹងបង្ហាញការចូលរួមយ៉ាងពេញលេញរបស់ប្រទេសលោកខាងលិចនៅក្នុងជម្លោះរុស្ស៊ីនិងអ៊ុយក្រែន។
លោក Sergei Shoigu បានថ្លែងថាយោងតាមព័ត៌មានដែលរុស្ស៊ីបានទទួល, គឺបញ្ជាការដ្ឋានកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនគ្រោងធ្វើការវាយប្រហារដាក់មកលើ ទឹកដីរបស់រុស្ស៊ី រួមទាំងតំបន់គ្រីមៀរដោយនឹងប្រើប្រាស់អាវុធ HIMARS និងមីស៊ីល Storm Shadow របស់អង់គ្លេស។ លោក Sergei Shoigu បានថ្លែងថាការពង្រាយ មីស៊ីលទាំងឡាយនេះដែលហួសពីដែនកំណត់នៃតំបន់ប្រតិបត្តិការយោធាពិសេស មានន័យថាសហរដ្ឋអាមេរិកនិងអង់គ្លេសបានពាក់ព័ន្ធយ៉ាងពេញលេញរបស់ខ្លួន ក្នុងទំនាស់នេះហើយ។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានគំរាមថាប្រការនេះនឹងតម្រូវឱ្យរុស្ស៊ីត្រូវធ្វើការវាយប្រហារភ្លាមៗដាក់លើមជ្ឈមណ្ឌលសម្រេចចិត្តលើទឹកដីអ៊ុយក្រែន៕