(ប៉ារីស)៖ ការផ្ទុះមួយបានកើតឡើងតាមដងផ្លូវមួយ ក្បែរទីប្រជុំជនប្រវត្តិសាស្រ្ត Latin Quarter របស់ទីក្រុងប៉ារីស នៃប្រទេសបារំាង កាលពីថ្ងៃពុធសប្តាហ៍នេះ ហើយ ក្រុមជួយសង្គ្រោះកំពុងស្វែងរកមនុស្សបាត់ខ្លួនពីរនាក់ ដោយភ័យខ្លាចថាពួកគេត្រូវជាប់នៅក្រោមគំនរបាក់បែក នៃអគារដែលបានដួលរលំដោយផ្នែកខ្លះនៅក្នុង ការផ្ទុះនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣។
ការផ្ទុះនោះកើតឡើងនៅឯវិថី រុយ សាំង ហ្សាក់ (Rue Saint-Jacques) ដែលចេញពីព្រះវិហារ ណូត ដាម ឌឺ ប៉ារីស (Notre-Dame de Paris) ទៅកាន់ សាកលវិទ្យាល័យ ស័រប៊ន (Sorbonne) បណ្តាលឲ្យមនុស្សចំនួន ៣៧នាក់រងរបួស ក្នុងនោះ ៤នាក់កំពុងស្ថិតក្នុងការសង្គ្រោះជីវិតនៅឯមន្ទីរពេទ្យ។ រដ្ឋមន្ត្រីមហាផ្ទៃ បារាំង លោក ហ្សេរ៉ាល់ ដាម៉ាណាំង (Gerald Darmanin) បានឲ្យដឹងថា «ពេលនេះសត្វសុនខ កំពុងហិតក្លិននៅក្រោមបំណែកឥដ្ឋដែលនៅពាសពេញផ្លូវ។ វាអាចទៅ រួចថានៅយប់នេះ យើងនឹងរកឃើញសាកសព ឬប្រហែលជាអ្នកនៅរស់រានមានជីវិត»។
គួរបញ្ជាក់ថា ការផ្ទុះនេះ បានបំផ្លាញផ្នែកខាងមុខអគារមួយ ដែលជាសាលារចនា Paris American Academy និងជាទីពេញនិយមសម្រាប់និស្សិតបរទេស។ ខាង អាជ្ញាធរមិនបានបញ្ជាក់លម្អិតពីមូលហេតុផ្ទុះខាងលើនៅឡើយទេ តែបើតាមសេចក្ដីរាយការណ៍បឋម វាអាចជាការផ្ទុះហ្គាស៕