(តៃប៉ិ)៖ កងនាវាទី៧របស់កងទ័ពជើងទឹកអាមេរិក បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា នាវាឆ្មាំសមុទ្រអាមេរិកមួយគ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃអង្គារស​ប្តាហ៍នេះ មួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken) បានបញ្ចប់ដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់ ទីក្រុងប៉េកាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣។

កងនាវាទី៧ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា នាវា USCGC Stratton របស់ឆ្មាំសមុទ្រអាមេរិក បានអនុវត្ត «ទម្លាប់» ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ លើ ដែនទឹកដែលមានសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរលើសមុទ្រ ស្របតាមច្បាប់អន្តរជាតិ។ ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ បង្ហាញពីការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។ យោធាសហរដ្ឋអាមេរិកអាចហោះហើរ ធ្វើនាវាចរ និងធ្វើប្រតិបត្តិការនៅគ្រប់ទីកន្លែង ដែលច្បាប់ អន្តរជាតិអនុញ្ញាត។

គួរបញ្ជាក់ថា បេសកកម្មដែលទាំងចិន និងតៃវ៉ាន់នៅមិនទាន់បានធ្វើអត្ថាធិប្បាយនៅឡើយនោះ បានកើតឡើងមួយថ្ងៃបន្ទាប់ពី លោក ប្ល៊ីនខិន បានបញ្ចប់ ដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង ដែលនៅពេលនោះប្រទេសទាំងពីរ បានព្រមព្រៀងគ្នាដើម្បីរក្សាស្ថិរភាពនៃការប្រជែងគ្នាដើម្បីកុំឲ្យមានការប៉ះទង្គិច ប៉ុន្តែគ្មានការរីកចម្រើនធំដុំណាមួយឡើយ៕