(វ៉ាស៊ីនតោន)៖ ស្ត្រីម្នាក់ផ្ទៃពោះម្នាក់ និងកូននៅក្នុងផ្ទៃ បានស្លាប់កាលពីសប្ដាហ៍មុន នៅក្នុងរដ្ឋ អូហៃយ៉ូ (Ohio) សហរដ្ឋអាមេរិក បន្ទាប់ពីត្រូវបានកូនប្រុសបង្កើត របស់ខ្លួនមានអាយុ ២ឆ្នាំ បាញ់ពីក្រោយដោយចៃដន្យ នៅពេលលេងកាំភ្លើងខ្លីមួយដើមដែលទុកចោលក្នុងផ្ទះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣។
លោក David Smith ជាមេប៉ូលិសក្នុងតំបន់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃអង្គារសប្ដាហ៍នេះថាស្ត្រីខាងលើមានឈ្មោះថា ឡូរ៉ា អ៉ីល (Laura Ilg) អាយុ ៣១ឆ្នាំ បានខលទូរស័ព្ទទៅលេខ ៩១១ នៅរសៀលថ្ងៃទី១៦ ខែមិថុនា។ លោក David Smith បានបន្ថែមទៀតថា ឡូរ៉ា អ៉ីល បានប្រាប់ប៉ូលិសថារូបនាងមានផ្ទៃពោះ ៣៣សប្ដាហ៍ ហើយថាកូនប្រុសនាងអាយុ២ឆ្នាំ បានបាញ់នាងចំខ្នងដោយចៃដន្យនៅពេលកំពុងលេងកាំភ្លើង។ ក្រោយទទួលបានការហៅទូរស័ព្ទ ប៉ូលិសបានធ្វើដំណើរ ទៅកាន់ផ្ទះរបស់ស្ត្រីរូបនេះភ្លាមៗ ស្ថិតនៅក្នុងទីក្រុង Norwalk នៃរដ្ឋ Ohio និងបានបញ្ជូនរូបនាងទៅកាន់មន្ទីរពេទ្យ។ ប៉ុន្តែ កូននៅក្នុងផ្ទៃមិនអាចជួយសង្រ្គោះបាន នោះទេ រីឯស្ត្រីជាម្ដាយបានស្លាប់នៅប៉ុន្មានម៉ោងក្រោយត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យ។
គួរបញ្ជាក់ថា ប៉ូលិសបានរកឃើញខ្លីមួយដើម និងកំាភ្លើងពីដើមផ្សេងទៀត ខណៈប្ដីរបស់ស្ត្រីរងគ្រោះដែលមិនបានស្ថិតនៅផ្ទះពេលគ្រោះថ្នាក់កើតឡើង បានអះអាងថា កាំភ្លើងទាំងនោះជាកម្មសិទ្ធិរបស់ខ្លួន។ ឧប្បត្តិហេតុពាក់ព័ន្ធនឹងកាំភ្លើងបែបនេះតែងតែកើតឡើងជារឿយៗនៅសហរដ្ឋអាមេរិក ជាប្រទេសមួយមានប្រជាជន ៣៣០លាននាក់ កាន់កាប់កាំភ្លើងជាង ៤០០លានដើម។ កាលពីខែមីនាកន្លងទៅ ក្មេងស្រីមា្នក់អាយុ ៣ឆ្នាំ បានបាញ់សម្លាប់បងស្រីបង្កើតរបស់ខ្លួនដោយចៃដន្យ នៅក្នុងទីក្រុង Houston រដ្ឋ Texas៕