(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃពុធ ទី២១ ខែមិថុនា បានថ្កោលទោសការអត្ថាធិប្បាយរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលបានហៅ លោកប្រធានាធិបតីចិន ស៊ី ជិនពីងថាមេដឹកនាំផ្ដាច់ការម្នាក់ ដោយចាត់ទុកនេះគឺជាទង្វើបង្ករឿងដោយបើកចំហ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។
ថ្លែងនៅឯកម្មវិធីរៃអង្គាសប្រាក់មួយ ក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃអង្គារ លោក បៃដិនបាននិយាយថាលោក ស៊ី ជិនពីង មានការខឹងសម្បារចំពោះឧប្បត្តិហេតុ មួយកាលពីខែកុម្ភៈ នៅពេលបាឡុងចិនមួយដែលទីក្រុងវ៉ាស៊ីនតោន ចោទថាជាបាឡុងស៊ើបការណ៍ហោះចូលដែនអាកាសអាមេរិក ត្រូវបានយោធាអាមេរិក បាញ់ទម្លាក់។ «ហេតុផលដែលលោក ស៊ី ជិនពីង មិនសប្បាយចិត្ត នៅពេលដែលខ្ញុំបាញ់ទម្លាក់បាឡុងនោះ ដែលមានភ្ជាប់ជាមួយបរិក្ខារស៊ើបការណ៍ នោះគឺ លោកមិនបានដឹងអ្វីទេ...ខ្ញុំប្រាដណាស់ថានេះជារឿងដ៏អាម៉ាស់មួយសម្រាប់ជនផ្ដាច់ការ នៅពេលដែលពួកគេមិនបានដឹងពីអ្វីដែលបានកើតឡើង»។ នេះជា ការលើកឡើងរបស់លោក ចូ បៃដិន។
ជាការប្រតិកម្ម ខាងអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានចាត់ទុកថាការអត្ថាធិប្បាយរបស់លោក ចូ បៃដិន គឺជារឿងគួរឱ្យអស់ សំណើច និងគ្មានទំនួលខុសត្រូវទាល់តែសោះ ហើយថែមទាំងរំលោភបំពានយ៉ាងពិតប្រាកដលើរបៀបរបបការទូត និងសេចក្ដីថ្លៃថ្នូររបស់ចិន។ «ចិនពិតជា មិនពេញចិត្ត និងប្រឆាំងដាច់ខាតចំពោះការអត្ថាធិប្បាយបែបនេះ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកស្រី Mao Ning។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក បៃដិន កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបញ្ចប់ ការបំពេញទស្សនកិច្ចក្នុងទីក្រុងប៉េកាំង ក្នុងគោលបំណងស្ដារបណ្ដាញទំនាក់ទំនងឡើងវិញរវាងប្រទេសទាំង២ ដើម្បីបញ្ចៀស និងទប់ស្កាត់កុំឱ្យការប្រជែងគ្នា នាពេលបច្ចុប្បន្ន ផ្ទុះទៅជាជម្លោះ៕