(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា នៅថ្ងៃពុធសប្ដាហ៍នេះបានប្រកាសថាលោកមានគម្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសលីទុយអានី នៅខែកក្កដាខាងមុខ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអង្គការ NATO ខណៈទីក្រុងតូក្យូកំពុងបង្កើនកិច្ចសហប្រតិបត្តិការជាមួយលោកខាងលិច នៅចំពោះមុខ ការកើនឡើងសកម្មភាពយោធារបស់ចិនក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣។
ការប្រកាសខាងលើរបស់លោក គីស៉ីដា ធ្វើឡើងនៅឯសន្និសីទសារព័ត៌មានមួយ ហើយលោកផ្ទាល់ក៏បានសង្កត់ធ្ងន់ផងដែរពីសារៈសំខាន់នៃការរក្សា កិច្ចសន្ទនាជាមួយចិន ក្នុងគោលដៅអភិវឌ្ឍទំនាក់ទំនងប្រកបដោយលក្ខណៈស្ថាបនា និងស្ថិរភាពជាមួយទីក្រុងប៉េកាំង ខណៈជប៉ុនកំពុងធ្វើកិច្ចសហការ ជាមួយសម្ព័ន្ធមិត្តដ៏សំខាន់នោះគឺសហរដ្ឋអាមេរិក។ លោក គីស៉ីដាបន្ថែមទៀតថាស្ថានភាពនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ក៏មានភាពចាំបាច់ ផងដែរចំពោះសន្តិភាព និងស្ថិរភាពអន្តរជាតិ។
គួរបញ្ជាក់ថា លោក គីស៉ីដា នឹងត្រូវចូលរួមកិច្ចប្រជុំលកំពូល NATO ក្នុងប្រទេសលីទុយអានី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា តបតាមការអញ្ជើញពី បក្សសម្ព័ន្ធយោធាមួយនេះ៕