(វ៉ាស៉ីនតោន)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងត្រូវទទួលស្វាគមន៍នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ដើម្បីពិភាក្សាគ្នានៅសេតវិមាន ស្របពេលដែលទីក្រុងវ៉ាស៉ីនតោន មើលឃើញឥណ្ឌាជាដៃគូដ៏​សំខាន់បំផុតមួយ ដើម្បីទប់ទល់ជាមួយចិននៅក្នុងតំបន់ ហើយលោក ម៉ូឌី ផ្ទាល់ កំពុងព្យាយាមបង្កើនឥទ្ធិពល ដែលប្រទេសរបស់លោកកំពុងមាន​នៅលើឆាកអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣។

លោក ណារិនដ្រា ម៉ូឌី ធ្លាប់បានធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកសរុបចំនួន ៥លើក គិតចាប់តាំងពីរូបលោកបានក្លាយជានាយករដ្ឋមន្រ្តី កាលពីឆ្នាំ២០១៤ ប៉ុន្តែលើកនេះ គឺជាការបំពេញទស្សនកិច្ចផ្លូវរដ្ឋ លើកដំបូងបង្អស់របស់លោក។ យ៉ាងណាមិញ វាប្រព្រឹត្តទៅចំពេលដែល​មានក្តីបារម្ភ ជុំវិញការធ្លាក់ចុះនៃស្ថានការណ៍សិទ្ធិមនុស្សនៅឥណ្ឌា។ មួយរយៈពេលចុងក្រោយនេះ លោក ចូ បៃដិន បានរង​សម្ពាធពីក្រុមសមាជិកនៃគណបក្សប្រជាធិបតេយ្យរបស់លោក ឱ្យលើកឡើងពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសឥណ្ឌា កំលុងជំនួបទល់មុខគ្នាជាមួយលោក ម៉ូឌី។

លោក ជែក ស៊ូលីវ៉ាន់ (Jake Sullivan) ដែលជាទីប្រឹក្សាសន្តិសុខជាតិអាមេរិកនៅសេតវិមាន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក បៃដិន នឹងលើកឡើងពីក្តីកង្វល់របស់អាមេរិក អំពីដំណើរហាក់ថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ នៅប្រទេសឥណ្ឌា ក៏ប៉ុន្តែលោក​នឹងមិនប្រៀនប្រដៅលោក ម៉ូឌី ជុំវិញប្រធានបទនេះឡើយ។

លោក ស៊ូលីវ៉ាន់ បានលើកឡើងដូច្នេះថា «នៅពេលសហរដ្ឋអាមេរិកមើលឃើញ មានបញ្ហាប្រឈមចំពោះសេរីភាពសារព័ត៌មាន សាសនា ឬ​សិទ្ធិសេរីភាពដទៃទៀត យើងបង្ហាញចេញនូវទស្សនៈរបស់យើងឱ្យគេបានដឹង ប៉ុន្តែយើងធ្វើបែបនោះ ក្នុងរបៀបមួយដែលមើលទៅ ពួកយើងមិនមែន​ទូន្មានប្រៀនប្រដៅ ឬក៏អះអាងថា យើងមិនមានបញ្ហាប្រឈមសម្រាប់ខ្លួនពួកយើងផ្ទាល់ឡើយ»

ជាចុងក្រោយ ទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា «នៅទីបំផុត សំណួរស្តីពីទិសដៅនយោបាយ និងសំណួរស្តីពី​អនាគតស្ថាប័នប្រជាធិបតេយ្យរបស់ឥណ្ឌា គឺនឹងត្រូវសម្រេចនៅក្នុងប្រទេសឥណ្ឌាផ្ទាល់ ហើយដោយប្រជាជនឥណ្ឌា។ វាមិនមែន​ជារឿងដែលនឹងត្រូវកំណត់ដោយសហរដ្ឋអាមេរិកនោះទេ»