(តេហ្គូស៉ីហ្កាល់ប៉ា)៖ កុបកម្មនៅក្នុងពន្ធនាគារស្ត្រីរបស់ប្រទេសហុងឌូរ៉ាស កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបណ្តាលឲ្យមនុស្សចំនួន ៤១នាក់ស្លាប់ ដោយរដ្ឋាភិបាលនិយាយថាជា ការវាយប្រហារដែលដឹកនាំដោយក្រុមបងធំ ដើម្បីសងសឹកចំពោះកិច្ចខិតខំប្រឹងប្រែង បង្ក្រាបអំពើពុករលួយ នៅតាមពន្ធនាគារ។។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣។
អ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញាហុងឌូរ៉ាស លោក យូរី មូរ៉ា (Yuri Mora) បានឲ្យដឹងថា អាជ្ញាធរកំពុងធ្វើការដើម្បី កំណត់អត្តសញ្ញាណសាកសព នៅឯមជ្ឈមណ្ឌល Centro Femenino de Adaptacion Social ដែលជាពន្ធនាការសម្រាប់ស្រ្តី អាចផ្ទុកអ្នកទោសចំនួន ៩០០នាក់ ស្ថិតនៅចម្ងាយប្រហែល ២០គីឡូម៉ែត្រពីរដ្ឋធានីតេហ្គូស៉ីហ្កាល់ប៉ា (Tegucigalpa)។ ភាគច្រើននៃអ្នកស្លាប់គឺត្រូវគេដុត ខណៈអ្នកផ្សេងទៀតត្រូវបានបាញ់។ ដោយឡែក មនុស្ស ៧នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរដ្ឋ។
ប្រធានាធិបតីហុងឌូរ៉ាស លោកស្រី សាវម៉ារ៉ា កាស្រ្តូ (Xiomara Castro) បានថ្លែងថា កុបកម្មនេះត្រូវបានគ្រោងទុក ដោយសមាជិកក្រុមបងធំ ដែលដឹងពីសកម្មភាពរបស់ឆ្មាំពន្ធនាគារ។ បើតាមលោកស្រី ជូលីសា វីលឡានូអ៉ីវ៉ា (Julisa Villanueva) ដែលជាប្រធានពន្ធនាគារខាងលើ កុបកម្មនោះទំនងជាការឆ្លើយតប ចំពោះការបង្ក្រាបរបស់រដ្ឋាភិបាលក្នុងប៉ុន្មានខែថ្មីៗនេះ លើអំពើពុករលួយនៅតាមពន្ធនាគារ។
គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃអង្គារដដែលនោះ លោកស្រី កាស្រ្តូ បានផ្លាស់ប្តូររដ្ឋមន្ត្រីសន្តិសុខលោក រ៉ាម៉ុន អាន់តូនីញ៉ូ សាប៊ីលឡុន (Ramon Antonio Sabillon) ដោយដាក់មេប៉ូលិសជាតិ លោក ហ្គូស្តាវ៉ូ សាន់ឆេស (Gustavo Sanchez) ឱ្យមកកាន់តំណែងជំនួសវិញ ហើយរុញឲ្យលោក សាប៊ីលឡុន ទៅបម្រើការនៅក្រសួងការបរទេស។ ចំណែក វិធានការបន្ថែមទៀត នឹងត្រូវប្រកាសនៅថ្ងៃពុធនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលបានរៀបចំទុក និងលុបបំបាត់ការធ្វើពហិការ ប្រឆាំងសន្តិសុខពីខាងក្នុងពន្ធនាគារ៕