(ទុយនីស)៖ អ្នកកាសែតជើងចាស់មួយរូបរបស់ប្រទេសទុយនីស៉ី លោក ហ្ស៉ីដ ហេនី (Zied Heni) ត្រូវបានឃុំខ្លួនកាលពីល្ងាចថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីចៅក្រមបង្គាប់ឲ្យឃុំខ្លួនលោកមុនពេលកាត់ក្តី ក្រោមការចោទប្រកាន់ពីបទប្រមាថប្រធានាធិបតី លោក ខេស សាអ៉ីត (Kais Saied)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣។

ចៅក្រមទុយនីស៉ី បានបង្គាប់ឲ្យឃុំខ្លួន ឬបើកការស៊ើបអង្កេតលើបុគ្គលនយោបាយ តុលាការ ប្រព័ន្ធផ្សព្វផ្សាយ និងធុរកិច្ចជាង ២០នាក់ដែលមានទំនាក់ទំនងជាមួយគណបក្សប្រឆាំង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយពួកគេមួយចំនួនត្រូវបានចោទប្រកាន់ថា រៀបចំផែនការប្រឆាំងសន្តិសុខជាតិ។

មេធាវី លោកស្រី ដាលីយ៉ា បេនបារ៉េក (Dalila ben Mbarek) បានគូសបញ្ជាក់ថា «លោក ហេនី ត្រូវបានសួរចម្លើយ ក្នុងពេលអវត្តមានក្រុមមេធាវី។ អ្វីដែលបានកើតឡើងគឺជារឿងដ៏អាក្រក់ ដែលបង្កើនវិធីសាស្រ្តផ្តាច់ការ។ ប៉ុន្តែ លោក ហេនី ដែលជាអ្នកនិយាយកម្មវិធីវិទ្យុប្រចាំថ្ងៃ មិនបានធ្វើការអត្ថាធិប្បាយជុំវិញការចោទប្រកាន់ថា បានប្រមាថប្រធានាធិបតី នោះទេ ខណៈវាជាបទល្មើសដែលមានទម្ងន់ទោសជាប់ពន្ធនាគារជាអតិបរមា រយៈពេល៥ឆ្នាំ។

គួរបញ្ជាក់ថា សេរីភាពនៃការបញ្ចេញមតិគឺជាកំណែទម្រង់ដ៏សំខាន់មួយ ដែលប្រជាជនទុយនីស៉ីទទួលបានបន្ទាប់ពីបដិវត្តន៍ឆ្នាំ ២០១១ ដែលបានផ្តួលរំលំរបបប្រធានាធិបតីផ្តាច់ការ លោក ហ្ស៉ីន អាល់ អាប៊ីឌីន បេន អាលី (Zine El Abidine Ben Ali)។ ប៉ុន្តែ ក្រុមសកម្មជន អ្នកសារព័ត៌មាន និងអ្នកនយោបាយ និយាយថា សេរីភាពនេះត្រូវរងការគំរាមកំហែងម្ដងទៀត។

ការឃុំខ្លួនអ្នកកាសែតរូបនេះ ក៏បានជំរុញឲ្យមានការព្រួយបារម្ភលើសេរីភាពនៃការបញ្ចេញមតិ ក្នុងប្រទេសទុយនីស៉ី គិតចាប់តាំងពីលោក សាអ៉ីត ពង្រឹងអំណាចបន្ថែមកាលពីឆ្នាំ២០២១ ដោយដំបូងបានបោះជំហានមករក ការគ្រប់គ្រងអំណាចបែបប្រមូលផ្តុំ ហើយបន្ទាប់មក ក្តោបក្តាប់អំណាចលើប្រព័ន្ធតុលាការថែមទៀត។ យ៉ាងណាក្តី លោក សាអ៉ីត បានច្រានចោលការចោទប្រកាន់ ដែលថារូបលោករឹតត្បិត​សិទ្ធិសេរីភាព ហើយអះអាងថា លោកមិនមែនជាជនផ្តាច់ការឡើយ៕