(ប៉េកាំង)៖ តាមការផ្សាយដំណឹងរបស់បណ្តាញ CCTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនឱ្យដឹងថា នាពេលថ្មីៗកន្លងទៅនេះ អ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណែតក្រៅប្រទេសមួយចំនួន បានផ្សព្វផ្សាយពាក្យចចាមអារ៉ាមម្តងទៀតអំពី“ថ្នាក់រៀនលើលំហអវកាស”របស់អវកាសយានិកនៃយានអវកាសផ្ទុកមនុស្ស Shenzhou-១៣ ។ ក្នុងវីដេអូឃ្លីបមួយ កែវទឹកមួយដែលអវកាសយានិកចិន ប្រើសម្រាប់ធ្វើតេស្តត្រូវពង្រីក ព្រមទាំងបានដាក់អក្សរថា “ពួកគេបានចាក់ទឹកចូលក្នុងកែវតាមរបៀបណា ?” វីដេអូឃ្លីបនេះត្រូវបានចែករំលែកភ្លាមៗ ដោយអ្នកប្រើប្រាស់កម្មវិធី Instagram ព្រមទាំងអះអាងថា ទីតាំងថតវីដេអូនេះមិនមែន នៅលើអវកាសទេ ចិនពិតជាប្រឌិតការពិសោធក្លែងក្លាយជាមិនខាន ។
សំដៅចំពោះ “ព័ត៌មាន” មួយនេះ ទីភ្នាក់ងារសារព័ត៌មានAP របស់អាមេរិកបានចាប់ផ្តើមធ្វើស៊ើបអង្កេតភ្លាម ប៉ុន្តែឆ្លងតាមរយៈការយកបទសម្ភាសន៍ជាមួយអ្នកជំនាញជាច្រើនរូប ទីបំផុត ទីភ្នាក់ងារសារព័ត៌មានAP របស់អាមេរិកបានច្រានចោលពាក្យចចាមអារ៉ាមថា “គ្មានមូលហេតុអ្វីដែលត្រូវសង្ស័យពីវត្តមាន របស់ស្ថានីយអវកាសចិននៅលើអវកាសនោះទេ ” ។
ក្នុងបទយកសម្ភាសន៍របស់ទីភ្នាក់ងារសារព័ត៌មាន AP របស់អាមេរិក លោកស្រី Molly Silk បណ្ឌិតសិក្សាស្រាវជ្រាវអំពីផែនការ អវកាសចិនរបស់សកលវិទ្យាល័យ Manchester នៃប្រទេសអង់គ្លេសបានថ្លែងថា ប្រទេសចិនគ្មានការចាំបាច់ ប្រឌិតវីដេអូក្លែងក្លាយនោះទេ វត្តមាននៃស្ថានីយអវកាស Tian Gong របស់ចិនទទួលបានបញ្ជាក់ពីផ្ទៃអន្តរជាតិរួចហើយ ក្នុងនោះក៏បូករួមទាំងអាមេរិកផងដែរ ដែលជាគូប្រជែងធំបំផុតរបស់ចិនខាងវិស័យអវកាស ។ ប្រទេសចិនបានធ្វើសេចក្តីអញ្ជើញ ទៅកាន់រដ្ឋសមាជិកអង្គការសហប្រជាជាតិរួចហើយ “បើសិនជាចិនគ្មានស្ថានីយអវកាស នោះក៏មិនហ៊ានធ្វើសេចក្តីអញ្ជើញបែបនេះឡើយ ៕”
អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន