(ប៉េកាំង)៖ កាលពីថ្ងៃទី១៩ខែមិថុនា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានបញ្ចប់ដំណើរទស្សនកិច្ច នៅប្រទេសចិនអស់រយៈពេលពីរថ្ងៃ ។ ក្នុងអំឡុងពេលនេះ លោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនាជាមួយលោក ហើយមន្ត្រីចិនទទួលបន្ទុកកិច្ចការទូតក៏បានជួបសន្ទនា និងជួបពិភាក្សាការងារជាមួយលោកផងដែរ ។ ភាគីទាំងពីរបានឯកភាពគ្នារួមគ្នាអនុវត្ត យ៉ាងប្រាកដប្រជានូវគំនិតឯកភាពរួមនៃកិច្ចសន្ទនាកោះបាលី រវាងប្រមុខរដ្ឋចិននិងអាមេរិក ដែលបញ្ចេញសញ្ញាវិជ្ជមានស្តីពីការបញ្ឈប់ការធ្លាក់ចុះនិ ងស្វែងរកស្ថិរភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
អំពីដំណើរទស្សនកិច្ចរបស់លោក Antony Blinken លើកនេះ លោក Joe Biden ប្រធានាធិបតីអាមេរិកបានឆ្លើយតប កាលពីថ្ងៃទី១៩ខែមិថុនាថា យើងកំពុងដើរតាមផ្លូវដ៏ត្រឹមត្រូវ ។ មតិអន្តរជាតិបាននាំគ្នាយកចិត្តទុកដាក់ចំពោះ ការផ្លាស់ប្តូរយ៉ាងស្មោះត្រង់ រវាងភាគីទាំងពីរចិននិងអាមេរិក ដោយសម្គាល់ថា នេះនឹងមានអំណោយផលដល់ការគ្រប់គ្រងការខ្វែងគំនិត និងទប់ស្កាត់ការប៉ះទង្គិច ។ បើចង់កែលម្អទំនាក់ទំនងរវាងចិននិងអាមេរិក មុនដំបូងគួរតែស្វែងរកនូវមូលហេតុពីឬសគល់ ។
ពេលជួបសន្ទនាជាមួយលោក Antony Blinken ភាគីចិនបានបង្ហាញពីមតិយោបល់យ៉ាងស្មោះត្រង់ថា ទំនាក់ទំនងរវាងចិននិងអាមេរិកធ្លាក់ចុះដល់កម្រិតទាប មូលហេតុពីឬសគល់គឺដោយមកពីភាគីអាមេរិក ប្រកាន់ខ្ជាប់ការយល់ដឹងដ៏ខុសឆ្គងចំពោះប្រទេសចិន បណ្តាលឱ្យមានគោលនយោបាយដ៏ខុសឆ្គងចំពោះប្រទេសចិន ដូច្នេះ "ភាគីអាមេរិកចាំបាច់ត្រូវពិចារណាពីកំហុសរបស់ខ្លួនឱ្យបានស៊ីជម្រៅ" ។ បើចង់ឱ្យទំនាក់ទំនងឈប់ធ្លាក់ចុះនិងវិវឌ្ឍទៅមុខដោយនឹងនរ ភារកិច្ចជាបន្ទាន់គឺត្រូវអនុវត្តជាក់ស្តែង នូវគំនិតឯកភាពរួមរវាងប្រមុខរដ្ឋរបស់ប្រទេសទាំងពីរយ៉ាងពិតប្រាកដ ។
កាលពីខែវិចិ្ឆកាឆ្នាំ២០២២ លោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនាជាមួយលោក Joe Biden ប្រធានាធិបតីអាមេរិកនៅកោះបាលី ហើយបានឈានដល់គំនិតឯកភាពគ្នាដ៏សំខាន់មួយចំនួន ដែលបានបង្កើតបរិយាកាសសម្រាប់ កិច្ចសន្ទនានិងការផ្លាស់ប្តូរថែមមួយកម្រិតទៀតរវាងចិននិងអាមេរិក ។ ប៉ុន្តែបន្ទាប់ពីនេះ ទង្វើមួយចំនួនរបស់ភាគីអាមេរិក បានបញ្ឈប់ដំណើរសន្ទនាគ្នា រវាងភាគីទាំងពីរចិននិងអាមេរិក ។ ដូច្នេះភាគីចិនបានគូសបញ្ជាក់ម្តងហើយម្តងទៀតថា រំពឹងទុកភាគីអាមេរិកប្រកាន់ខ្ជាប់នូវអាកប្បកិរិយា ប្រកបដោយវិចារណញ្ញាណនិងភាពប្រាកដប្រជា ដើម្បីអនុវត្តជាក់ស្តែងនូវអាកប្បកិរិយាវិជ្ជមាន ពាក់ព័ន្ធទៅលើសកម្មភាព ។
ក្នុងនាមជាទំនាក់ទំនងទ្វេភាគីមួយគូដ៏សំខាន់បំផុតលើពិភពលោក ទំនាក់ទំនងរវាងចិននិងអាមេរិក វាពាក់ព័ន្ធនឹងអនាគត និងជោគវាសនារបស់មនុស្សជាតិ ពោលគឺមិនត្រឹមតែត្រូវផ្តោតលើពេលបច្ចុប្បន្ននេះប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវដើរកាន់តែឆ្ងាយ និងកាន់តែរឹងមាំផងដែរ ។ បើចង់សម្រេចបាននូវចំណុចនេះ សំខាន់បំផុតគឺត្រូវអនុវត្តជាក់ស្តែងនូវគោលការណ៍ ដែលគោរពគ្នាទៅវិញទៅមក រួមរស់នៅដោយសន្តិសហវិជ្ជមាន និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះដែលលើកឡើង ដោយលោកប្រធានរដ្ឋចិន Xi Jinping ។
ក្នុងនោះ បញ្ហាតៃវ៉ាន់ជាគន្លឹះ នៃផលប្រយោជន៍ស្នូលរបស់ចិន ហើយក៏ជាបញ្ហាដ៏ធំនិងសំខាន់បំផុតក្នុងទំនាក់ទំនង រវាងចិននិងអាមេរិកផងដែរ ។ ភាគីចិនដាស់តឿនឱ្យភាគីអាមេរិកប្រកាន់ខ្ជាប់យ៉ាងពិតប្រាកដ នូវគោលការណ៍ប្រទេសចិនតែមួយ ដែលត្រូវកំណត់ក្នុងសេចក្តីប្រកាសរួមចំនួនបីរវាងចិននិងអាមេរិក គោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ចិន ការប្រឆាំងយ៉ាងច្បាស់លាស់នូវ “ការចង់ឱ្យតៃវ៉ាន់ឯករាជ្យ” គឺជាខ្សែបន្ទាត់ក្រហមនៃបញ្ហាផលប្រយោជន៍ស្នូលបំផុត ។
ក្រៅពីនេះ ភាគីចិនទាមទារយ៉ាងច្បាស់លាស់ឱ្យភាគីអាមេរិក បញ្ឈប់ឃោសនាបំប៉ោងពី “ការគំរាមកំហែងរបស់ប្រទេសចិន” លុបចោលការដាក់ទណ្ឌកម្មខុសច្បាប់ ដោយឯកតោភាគីទៅលើប្រទេសចិន និងលះបង់ចោលការទប់ស្កាត់ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ចិន ។
នៅពេលមុននិងក្រោយការបំពេញទស្សនកិច្ច នៅប្រទេសចិន លោក Antony Blinken បានថ្លែងជាច្រើនលើកថា ប្រទេសទាំងពីរអាមេរិកនិងចិនមានទំនួលខុសត្រូវ និងកាតព្វកិច្ចគ្រប់គ្រងទំនាក់ទំនងទ្វេភាគីឱ្យបានល្អ នេះគឺសមស្របនឹងផលប្រយោជន៍ របស់អាមេរិកនិងចិន ក៏ដូចជាពិភពលោកផងដែរ ។ លោកបានបង្ហាញយ៉ាងច្បាស់លាស់ថា ភាគីអាមេរិកនឹងធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីវិលត្រឡប់ទៅរករបៀបវារៈដែលកំណត់ដោយកិច្ចជំនួបកោះបាលី រវាងប្រមុខរដ្ឋប្រទេសទាំងពីរ និងគោរពកិច្ចសន្យាស្តីពី “បួនចំណុចមិនធ្វើនិងគ្មានបំណងចំនួនមួយ”ដូចដែលលោក Joe Biden ប្រធានាធិបតីអាមេរិកបានសន្យានោះ ។
បើមើលពីអតីតកាល ភាគីអាមេរិកមិនខ្វះការបង្ហាញឥរិយាបថ ស្តីពីការកែលម្អទំនាក់ទំនងរវាងចិននិងអាមេរិកនោះទេ តែគឺខ្វះសកម្មភាពជាក់ស្តែង ។ សង្ឃឹមថា លើកនេះភាគីអាមេរិក អាចធ្វើតាមកិច្ចសន្យារបស់ខ្លួនយ៉ាងដាច់ខាត បង្ហាញពីរូបភាពជាប្រទេសមហាអំណាចមួយ គួរតែមានតាមរយៈភាពស្មោះត្រង់និងសកម្មភាព ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងចិននិងអាមេរិក វិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ៕
អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន