(មីនស្កិ៍)៖ បេឡារុសដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី បានឱ្យដឹងនៅថ្ងៃពុធនេះថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនកំពុងចាប់ផ្តើម ការធ្វើសមយុទ្ធកែនកងទ័ព ដែលតែងរៀបចំឡើងជារៀងរាល់ឆ្នាំ ខណៈវានឹងមានរយៈពេលសរុប១០ថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣។

ក្រសួងការពារជាតិបេឡារុសបាននិយាយថា សមយុទ្ធខាងលើមានគោលដៅ វាយតម្លៃចំពោះកម្រិតត្រៀមលក្ខណៈរបស់ស្ថាប័នរដ្ឋនានា ដើម្បីកែនកងទ័ពបម្រុង។ យោងតាមគោលការណ៍កំណត់ ប្រជាជនបេឡារុសទាំងអស់ដែលជាបុរស ចាំបាច់ត្រូវតែចូលបំពេញកាតព្ចកិច្ចយោធា ហើយត្រូវបន្តស្ថិតនៅក្នុងកងកម្លាំងទ័ពបម្រុង ក្រោយបញ្ចប់ការបំពេញកាតព្វកិច្ចយោធា។

បេឡារុសដែលមានព្រំប្រទល់ជាប់ភាគខាងជើងប្រទេសអ៊ុយក្រែន បានអនុញ្ញាតឱ្យរុស្ស៉ីប្រើប្រាស់ទឹកដីខ្លួន ដើម្បីបើកការឈ្លានពានចូល​អ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។ ចាប់តាំងតែពីពេលនោះមក ទីក្រុងមីនស្កិ៍បានធ្វើសមយុទ្ធយោធាជាញឹកញាប់ជាមួយទីក្រុងមូស្គូ ហើយអនុញ្ញាតឱ្យកងទ័ពរុស្ស៉ីប្រើមូលដ្ឋានរបស់ខ្លួន សម្រាប់ការហ្វឹកហាត់ថែមទៀត។ រីឯក្នុងខែមិថុនានេះវិញ បេឡារុសក៏បានចាប់ផ្តើមទទួល​អាវុធនុយក្លេអ៊ែរតាក់ទិចពីរុស្ស៉ី ដើម្បីដាក់ពង្រាយផងដែរ ជាសកម្មភាពដែលប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន អះអាងថា គឺជាការព្រមានចំពោះក្រុមលោកខាងលិច។

គួរបញ្ជាក់ថា ទោះជាបែបនេះក្តី កងកម្លាំងយោធាបេឡារុស មិនបានចូលរួមជួយរុស្ស៉ីប្រយុទ្ធដោយផ្ទាល់ ក្នុងសង្រ្គាមនៅអ៊ុយក្រែនឡើយ ប៉ុន្តែប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាសិនកូ (Alexander Lukashenko) ធ្លាប់បាននិយាយថា ប្រទេសលោកច្បាស់ជា​នឹងចូលជួយរុស្ស៉ីធ្វើសង្រ្គាមមិនខាន ប្រសិនបើមានការឈ្លានពាន ឬការវាយប្រហារពេញទំហឹង មកលើប្រទេសបេឡារុសមុន៕