(វែលីងតោន)៖ លទ្ធផលនៃការស្ទង់មតិមួយរបស់អង្គការ Asia New Zealand Foundation ដែលចេញផ្សាយនៅថ្ងៃពុធនេះ បានបង្ហាញថា ចំនួនប្រជាជននូវែលសេឡង់ ដែលមើលឃើញចិនជាការគំរាមកំហែងចំពោះប្រទេសរបស់ពួកគេ មានការថយចុះបើធៀបទៅនឹងឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣។
ការស្ទង់មតិខាងលើ ដែលអង្គការ Asia New Zealand Foundation បានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ អស់រយៈពេលប្រមាណ២៦ឆ្នាំ មកហើយនោះ បានរកឃើញថា ត្រឹមតែ៣៧ភាគរយប៉ុណ្ណោះនៃប្រជាជននូវែលសេឡង់ដែលបានចូលរួមស្ទង់មតិ ចាត់ទុកប្រទេសចិនជាការគំរាមកំហែង ខណៈចំនួននេះ គឺជាការថយចុះពីអត្រា៥៨ភាគរយ ក្នុងលទ្ធផលស្ទង់មតិកាលពីឆ្នាំ២០២២។ លោក សាយម៉ុន ដ្រេផឺ (Simon Draper) ដែលជានាយកអង្គការ Asia New Zealand Foundation បាននិយាយថា ប្រជាជននូវែលសេឡង់ យល់ដឹងពីការអភិវឌ្ឍនៃភូមិសាស្រ្តនយោបាយ នៅក្នុងតំបន់អាស៉ី ហើយពួកគេភាគច្រើនមានការព្រួយបារម្ភ អំពីលទ្ធភាពនៃការផ្ទុះឡើង នូវជម្លោះរវាងមហាអំណាច ជុំវិញបញ្ហាកោះតៃវ៉ាន់។
នូវែលសេឡង់ ដែលស្ថិតក្នុងសម្ព័ន្ធភាពចារកម្ម ភ្នែកប្រាំ ឬ Five Eyes Alliance ដែលរួមមានអូស្រ្តាលី ចក្រភពអង់គ្លេស កាណាដា និងសហរដ្ឋអាមេរិក គឺតាំងពីដើមមក បានប្រកាន់យកជំហរបែបសុះស្រួលគ្នា ចំពោះប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន ប៉ុន្តែមួយរយៈចុងក្រោយនេះ ក៏បានចាប់ផ្តើមបង្ហាញក្តីកង្វល់កាន់តែខ្លាំងផងដែរ ជុំវិញកិច្ចប្រឹងប្រែងការទូតរបស់ចិ ននៅតាមប្រទេសដែនកោះប៉ាស៉ីហ្វិក តាំងតែពីពេលទីក្រុងប៉េកាំងសម្រេចបានកិច្ចព្រមព្រៀងសន្តិសុខ ជាមួយប្រទេសសូឡូម៉ុន (Solomon Islands)។ អាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងតែព្យាយាមរារាំងប្រទេសដែនកោះប៉ាស៉ីហ្វិកដទៃទៀត ពីការបង្កើតចំណងទាក់ទងផ្នែកសន្តិសុខជាមួយចិន។
គួរបញ្ជាក់ថា ការស្ទង់មិតរបស់អង្គការ Asia New Zealand Foundation កាលពីឆ្នាំមុនត្រូវបានធ្វើឡើង បន្ទាប់ពីលោក វ៉ាង យី ដែលកាលនោះនៅជារដ្ឋមន្រ្តីការបរទេសចិន បានបំពេញទស្សនកិច្ចទៅកាន់សូឡូម៉ុន។ ដោយឡែក ការស្ទង់មតិលើកនេះត្រូវបានចេញផ្សាយ មុនពេលនាយករដ្ឋមន្រ្តីនូវែលសេឡង់ លោក គ្រីស ហ៉ីបគីន (Chris Hipkins) ត្រូវដឹកនាំបេសកកម្មពាណិជ្ជកម្មមួយទៅកាន់ប្រទេសចិន នាចុងសប្តាហ៍នេះ។ ដំណើរទស្សនកិច្ចរបស់លោក ហ៉ីបគីន ទៀតសោត គឺកើតមានឡើង បន្ទាប់ពីការបំពេញទស្សនកិច្ចកម្រមួយ ទៅកាន់ទីក្រុងប៉េកាំង ដោយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខិន (Antony Blinken) ដែលកំលុងពេលនោះ ចិននិងសហរដ្ឋអាមេរិក បានឯកភាពគ្នាស្វែងរកស្ថិរភាព សម្រាប់ការប្រកួតប្រជែងដ៏តានតឹង របស់ប្រទេសមហាអំណាចទាំងពីរ៕