(អូតាវ៉ា)៖ នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានឱ្យដឹងថា ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង របស់កងទ័ពអាកាសកាណាដា បានធ្លាក់ចូលក្នុងទន្លេអូតាវ៉ា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលជាហេតុធ្វើឱ្យទាហាន២នាក់ត្រូវបាត់បង់ជីវិត ខណៈ២នាក់ផ្សេងទៀតបានរងរបួស និងកំពុងស្ថិតនៅមន្ទីរពេទ្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣។
លោក ទ្រូដូ បានប្រាប់ថា លោកបាននិយាយជាមួយប្រមុខកងទ័ពកាណាដា ដើម្បីផ្ញើការចូលរូមរំលែកទុក្ខទៅកាន់ គ្រួសារក៏ដូចជាមិត្តរួមការងារនៃសមាជិកកងកម្លាំងយោធា ដែលបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រខាងលើ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងរាជធានីអូតាវ៉ា លោកនាយករដ្ឋមន្រ្តីកាណាដា បានអះអាងថា នឹងមានការស៉ើបអង្កេតយ៉ាងល្អិតល្អន់ជុំវិញករណីនេះ ហើយនឹងមានការផ្តល់ចម្លើយច្បាស់លាស់ ប៉ុន្តែអ្វីដែលសំខាន់នាពេលឥឡូវ គឺត្រូវផ្តោតទៅលើ ការជូនដំណឹងនិងផ្តល់ការគាំទ្រ ដល់គ្រួសាររបស់អ្នកដែលបានជួបគ្រោះថ្នាក់។
គួរបញ្ជាក់ថា ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រប្រភេទ CH147 Chinook របស់កងទ័ពអាកាសកាណាដា បានកើតឡើងកំលុងការហោះហើរហ្វឹកហ្វឺន នៅក្បែរមូលដ្ឋានយោធាមួយកន្លែង ក្នុងក្រុងផេតាវ៉ាវ៉ា (Petawawa) ដែលនៅភាគពាយព្យទីក្រុងអូតាវ៉ា ក្នុងខេត្តអនតារីយ៉ូ (Ontario) កាលពីវេលាយប់រំលងអធ្រាត្រថ្ងៃអង្គារសប្តាហ៍នេះ៕