(ខាទុំ)៖ ជនស៉ីវិលជាច្រើននាក់ដែលរត់ភៀសខ្លួនចេញពីទីក្រុង អាល់ ជូណៃណា (El Geneina) នៃតំបន់ដាហ្វួរ (Darfur) ត្រូវបានបាញ់សម្លាប់ ឬរងរបួស ខណៈពួកគេព្យាយាមរត់គេចដោយថ្មើរជើង ចូលទៅកាន់ប្រទេសឆាដ ចាប់តាំងពីសប្តាហ៍មុនមក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣។

សាក្សី និងសកម្មជននិយាយថា អំពើហិង្សានៅ El Geneina ក្នុងរយៈពេលពីរខែកន្លងមកនេះ ត្រូវបានជំរុញដោយកងជីវពលមកពីកុលសម្ព័ន្ធ Arab nomadic និងសមាជិកកងកម្លាំងទាហានប៉ារ៉ា (RSF) ដែលជាគូជម្លោះប្រយុទ្ធដណ្តើមអំណាចជាមួយកងទ័ពស៊ូដង់ក្នុងរដ្ឋធានីខាទុំ (Khartoum)។ អង្គការសប្បុរសធម៌ ផ្នែកវេជ្ជសាស្រ្តមួយ បានឲ្យដឹងកាលពីថ្ងៃចន្ទសប្តាហ៍នេះថា មនុស្សប្រហែល ១៥,០០០នាក់បានភៀសខ្លួនចេញពីរដ្ឋ West Darfur ក្នុងរយៈពេល ៤ថ្ងៃមុន ហើយអ្នកដែលមកដល់ជាច្រើនបានរាយការណ៍ថា មានមនុស្សត្រូវគេបានបាញ់សម្លាប់ ខណៈដែលពួកគេព្យាយាមរត់គេចខ្លួន។

គួរបញ្ជាក់ថា បើតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិ សង្រ្គាមដែលបានផ្ទុះឡើងកាលពីខែមេសា បានបង្ខំឱ្យមនុស្សជាង ២.៥លាននាក់ ភៀសខ្លួន ចេញពីផ្ទះសម្បែង ដើម្បីគេចចេញពីការវាយប្រយុទ្ធគ្នា ហើយក្នុងនោះភាគច្រើននៃអ្នកទាំងនេះមកពីរដ្ឋធានីខាទុំ និងពីតំបន់ដាហ្វួរ ដែលកំពុងរងទុក្ខ រួចទៅហើយ ដោយជម្លោះរយៈពេលពីរទសវត្សរ៍ និងការផ្លាស់ទីលំនៅដ៏ធំ។ ចំណែក មនុស្សជិត ៦០០,០០០នាក់ បានឆ្លងចូលទៅក្នុងប្រទេសជិតខាង ក្នុងរួមបញ្ចូលទាំងមនុស្ស ១៥៥,០០០នាក់ បានភៀសខ្លួនចេញពីតំបន់ដាហ្វួរ ទៅកាន់ប្រទេសឆាដ៕