(ស៉ីដនី)៖ ការស្ទង់មតិថ្មីមួយបានឱ្យដឹងថាប្រជាជនអូស្ត្រាលី នឹងគាំទ្រឱ្យមានការចាត់វិធានការឆ្លើយតបប្រឆាំងនឹងចិន តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ការផ្គត់ផ្គង់អាវុធ ឬប្រើនាវាចម្បាំងរារាំងការបិទខ្ទប់ ក្នុងករណីដែលទីក្រុងប៉េកាំងប្រើកម្លាំងយោធាលើតៃវ៉ាន់។ ប៉ុន្តែ ពួកគេមិនគាំទ្រឱ្យបញ្ជូនកងទ័ពអូស្ត្រាលី ឱ្យទៅជួយតៃវ៉ាន់ដោយផ្ទាល់នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣។
បើតាមការស្ទង់មតិខាងលើ ធ្វើឡើងដោយវិទ្យាស្ថាន Lowy Institute មានមូលដ្ឋានក្នុងប្រទេសអូស្ត្រាលី និងគ្រោងចេញផ្សាយជាផ្លូវការនៅថ្ងៃពុធសប្ដាហ៍នេះ ប្រជាជនអូស្ត្រាលី ៨០ភាគរយគាំទ្រការទទួលយកជនភៀសខ្លួនតៃវ៉ាន់ ៧៦ភាគរយគាំទ្រការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការទូតប្រឆាំងនឹងចិន ខណៈ ៦៤ភាគរយ គាំទ្រឱ្យរដ្ឋាភិបាលអូស្ត្រាលីបញ្ជូនអាវុធ និងបរិក្ខារយោធាឱ្យតៃវ៉ាន់ និង៦១ភាគរយគាំទ្រការប្រើប្រាស់នាវាចម្បាំងរបស់អូស្ត្រាលី ដើម្បីរារាំងចិន ពីការបិទខ្ទប់តៃវ៉ាន់។ ប៉ុន្តែ ការស្ទង់មតិនេះក៏បានរកឃើញដែរថាប្រជាជនអូស្ត្រាលីតែ ៤២ភាគរយប៉ុណ្ណោះគាំទ្រដល់ការបញ្ជូនកងទ័ពអូស្ត្រាលីឱ្យទៅជួយ តៃវ៉ាន់ដោយផ្ទាល់។
គួរបញ្ជាក់ថា ការស្ទង់មតិប្រចាំឆ្នាំរបស់វិទ្យាស្ថាន Lowy Institute ធ្វើឡើងដោយផ្អែកលើការស្ទាបស្ទង់មតិពីមនុស្ស ២,០០០នាក់ កាលពីខែមីនា និង៤,០០០នាក់ កាលពីខែមេសាកន្លងទៅនេះ៕