(មូស្គូ)៖ រុស្ស៉ីបានចោទប្រកាន់អ៊ុយក្រែនថាមានផែនការវាយប្រហារលើតំបន់គ្រីមៀ ដោយប្រើមីស៊ីលរយៈចម្ងាយឆ្ងាយផ្ដល់ដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ហើយក៏បានព្រមានដែរថាទីក្រុងមូស្គូនឹងសងសឹក ប្រសិនបើរឿងបែបនេះកើតឡើងមែននោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣។
ថ្លែងប្រាប់ក្រុមមន្ត្រីយោធារុស្ស៉ី នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ បានអះអាងថាទីក្រុងមូស្គូ ទទួលបានព័ត៌មានថាអ៊ុយក្រែនមានផែនការវាយប្រហារលើតំបន់គ្រីមៀ នៅក្នុងប្រតិបត្តិការវាយបករបស់ខ្លួន ដោយប្រើមីស៊ីល HIMARS ផ្ដល់ដោយ សហរដ្ឋអាមេរិក និងមីស៊ីលគ្រូស Storm Shadow ផ្ដល់ដោយចក្រភពអង់គ្លេស។
លោក សយហ្គូ បានគូសបញ្ជាក់ដូច្នេះថា «ការប្រើប្រាស់មីស៊ីលទាំងនេះវាយប្រហារលើតំបន់ខាងក្រៅនៃប្រតិបត្តិការយោធាពិសេសរបស់យើង នឹងត្រូវបាន ចាត់ទុកថាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស លូកដៃចូលរួមក្នុងជម្លោះទាំងស្រុង ហើយនឹងជំរុញឱ្យមានការបើកការវាយប្រហារសងសឹកភ្លាមៗលើ មជ្ឈមណ្ឌលធ្វើសេចក្ដីសម្រេចក្នុងប្រទេសអ៊ុយក្រែន»។
គួរបញ្ជាក់ថា តំបន់គ្រីមៀ ត្រូវបានរុស្ស៉ីក្រសោបយកពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤ និងបានចាត់ទុកថាដែនដីរបស់ខ្លួន នៅក្រៅសង្រ្គាមអ៊ុយក្រែន ខណៈ កងទ័ពរុស្ស៉ីកំពុងផ្ដោតលើការឈ្លានពានលើតំបន់ភាគខាងត្បូង និងភាគខាងកើតប្រទេសអ៊ុយក្រែន ជាទីដែលកងទ័ពអ៊ុយក្រែនកំពុងបើកប្រតិបត្តិការ វាយបកដណ្ដើមទឹកដីរបស់ខ្លួនមកវិញ៕