(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះបានហៅប្រធានាធិបតីចិន លោក ស៊ី ជិនពីង ថាជា «ជនផ្ដាច់ការម្នាក់» ហើយថាលោក ស៊ី រងភាពអាម៉ាស់ នៅពេលដែលបាឡុងចិនមួយត្រូវបានយោធាអាមេរិកបាញ់ទម្លាក់កាលពីដើមឆ្នាំកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣។
លោក បៃដិន ធ្វើការកត់សម្គាល់ខាងលើនៅឯកម្មវិធីរៃអង្គាសប្រាក់មួយសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត ក្នុងកាលីហ្វ័រញ៉ា និងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពី រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ជួបជាមួយលោក ស៊ី ជិនពីង អំឡុងបំពេញទស្សនកិច្ចដ៏កម្រមួយទៅកាន់ប្រទេសចិន ក្នុងគោលបំណងបញ្ចុះកម្ដៅ នៃភាពតានតឹងរវាងប្រទេសទាំង២។
ថ្លែងនៅចំពោះមុខក្រុមអ្នកឧបត្ថម្ភ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ហេតុផលដែលលោក ស៊ី ជិនពីង មិនសប្បាយចិត្ត នៅពេលដែលខ្ញុំបាញ់ទម្លាក់បាឡុងនោះ ដែលមានភ្ជាប់ជាមួយបរិក្ខារស៊ើបការណ៍ នោះគឺលោកមិនបានដឹងអ្វីទេ...នេះគឺជារឿងអាម៉ាសបំផុតសម្រាប់ជនផ្ដាច់ការ នៅពេលដែលពួកគេមិនបានដឹងពីអ្វីដែល បានកើតឡើង»។
គួរបញ្ជាក់ថា លោក Antony Blinken និងលោក ស៊ី ជិនពីង កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ បានព្រមព្រៀងគ្នាក្នុងការរក្សាស្ថិរភាពនៃទំនាក់ទំនងរវាងប្រទេសទាំង ២ ដើម្បីបញ្ចៀសកុំឱ្យជម្លោះណាមួយផ្ទុះឡើង។ ប៉ុន្តែ ដំណើរទស្សនកិច្ច ២ថ្ងៃ របស់លោក Blinken មិនអាចស្វែងរកច្រកចេញ ឬក៏សម្រេចបានលទ្ធផលផ្លែផ្កាធំដុំ អ្វីឡើយ៕