(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃពុធនេះបានរិះគន់ដំណើរទស្សនកិច្ចថ្មីៗនេះរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដោយចាត់ទុកថាជា «ដំណើរទស្សនកិច្ចសុំទាន» ដើម្បីបន្ធូរបន្ថយភាពតានតឹង ដែលទីក្រុងព្យុងយ៉ាងហៅថាជាគោលនយោបាយបរាជ័យមួយក្នុងការដាក់សម្ពាធលើចិន។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣។
ប្រតិកម្មរបស់កូរ៉េខាងជើង កើតមានឡើង បន្ទាប់ពីលោក Blinken កាលពីថ្ងៃចន្ទដើមកន្លងទៅនេះ បានឱ្យនៅក្រោយកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំចិនថាលោក បានអំពាវនាវឱ្យចិនជំរុញកូរ៉េខាងជើងបញ្ឈប់ការបាញ់សាកល្បងមីស៊ីល ពីព្រោះចិនតែមួយគត់មានអំណាចដាក់សម្ពាធឱ្យទីក្រុងព្យុងយ៉ាង ត្រឡប់មករកកិច្ចសន្ទនា ឡើងវិញ។
ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក នៅក្នុងបទអត្ថាធិប្បាយមួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក ជុង យ៉ុង ហាក់ (Jong Yong Hak) ដែលជាអ្នកជំនាញខាងកិច្ចការអន្តរជាតិរបស់កូរ៉េខាងជើង បានកត់សម្គាល់ថាដំណើរទស្សនកិច្ចដ៏កម្ររបស់លោក Blinken គឺប្រៀបដូចជាដំណើរទស្សនកិច្ចសុំទាន ដើម្បីបន្ធូរបន្ថយភាពតានតឹង ខណៈការប៉ុនប៉ងដាក់សម្ពាធ និងគាបសង្កត់បាននឹងកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច អាមេរិក។ អ្នកជំនាញរូបនេះក៏បានចោទប្រកាន់ដែរថាសហរដ្ឋអាមេរិកគឺជាអ្នកទទួលខុសត្រូវលើភាពតានតឹងនៅក្នុងតំបន់នាពេលបច្ចុប្បន្ន ដោយសារតែការបង្កើត បក្ខពួកប្រឆាំងនឹងចិន ដូចជាក្វាដ ដែលមានសមាជិកដូចជាជប៉ុន ឥណ្ឌា អូស្ត្រាលី និងសហរដ្ឋអាមេរិក រួមទាំង AUKUS មានអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី។
គួរបញ្ជាក់ថា លោក ដានីញែល គ្រីធិនប្រ៊ីន (Daniel Kritenbrink) ដែលជាឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងដែល បានអមដំណើរលោក Blinken ទៅកាន់ទីក្រុងប៉េកាំងដែរនោះ ត្រូវបានគេរំពឹងថានឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង នៅថ្ងៃពុធសប្ដាហ៍នេះ ក្នុងគោលបំណង ធ្វើបទបង្ហាញខ្លីៗដល់ក្រុមមន្ត្រីកូរ៉េខាងត្បូង ពីដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោក Blinken៕