(ប្រ៊ុចសែល)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសនានាត្រូវតែដោះស្រាយ «លក្ខខណ្ឌមូលដ្ឋានដែលអាចនាំឱ្យមានអំពើភេរវកម្ម» ដូចជាភាពក្រីក្រ ដើម្បីការពារអំពើហឹង្សាបែបនេះមិនឱ្យរីករាលដាល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣។
លោកបានប្រាប់សន្និសីទស្តីមួយនៅទីក្រុងញូវយ៉កយ៉ាងដូច្នេះថា «ខណៈពេលដែលយើងមានការវិវឌ្ឍគួរឱ្យកត់សម្គាល់មួយចំនួន ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ អំពើភេរវកម្ម និងអំពើជ្រុលនិយមដ៏ឃោរឃៅក៏នៅតែបន្តចាក់ឬស និងរីកចម្រើន»។
លោក Guterres បានអំពាវនាវឱ្យប្រទេសនានា រួបរួមគ្នាដើម្បីប្រឈមមុខនឹងការគំរាមកំហែងជាសកលនេះ។ លោកបាននិយាយថា «សាខារបស់ ក្រុម Al Qaeda និង Daesh នៅក្នុងទ្វីបអាហ្រ្វិក កំពុងធ្វើការវាយលុកដណ្តើមបានយ៉ាងរហ័សដូចជានៅតំបន់ Sahel និងឆ្ពោះទៅឈូងសមុទ្រហ្គីណេ...»។
លោក Guterres បានបន្ថែមថា «ក្រុមណាស៊ីថ្មី និងចលនាអ្នកស្បែកសនិយមជ្រុល កំពុងក្លាយជាការគំរាមកំហែងសន្តិសុខផ្ទៃក្នុងយ៉ាងរហ័សនៅក្នុងប្រទេសជាច្រើន»។
ដោយសង្កត់ធ្ងន់ថា ភាពជ្រុលនិយមជាដើមហេតុដែលបង្កឱ្យមានវិបត្តិជាច្រើន ដល់ពិភពលោក រាប់ពីវិបត្តិអាហារ និងថាមពល រហូតដល់ការប្រែប្រួលអាកាសធាតុ លោក Guterres បាននិយាយថា «យើងត្រូវតែផ្តោតលើមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ដើម្បីបញ្ចប់ការគំរាមកំហែងនេះ នោះគឺការទប់ស្កាត់ជាមុន»។
ការទប់ស្កាត់ត្រង់នេះ លោកចង់សំដៅលើដោះស្រាយលក្ខខណ្ឌមូលដ្ឋាន ដែលអាចនាំឱ្យមានអំពើភេរវកម្មតាំងពីដំបូង ដូចជាភាពក្រីក្រ ការរើសអើង ហេដ្ឋារចនាសម្ព័ន្ធ និងស្ថាប័នទន់ខ្សោយ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាដើម។
លោក Guterres ក៏បានទទូចថា ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មត្រូវតែគោរពសិទ្ធិមនុស្ស រួមទាំងការធ្វើមាតុភូមិនិវត្តន៍របស់ភេរវករបរទេស និងក្រុមគ្រួសាររបស់ពួកគេផងដែរ ដែលនៅតែឃុំខ្លួនក្នុងជំរំបន្ទាប់ពីការបរាជ័យរបស់ក្រុម Daesh៕