(ម៉ូស្គូ)៖ ទីភ្នាក់ងារព័ត៌មាន Interfax បានរាយការណ៍ឱ្យដឹងនៅថ្ងៃអង្គារ ទី២០ ខែមិថុនានេះថា ក្រុមហ៊ុនដែលនៅពីក្រោយកម្មវិធីផ្ញើសារ Telegram និង Viber ត្រូវបានពិន័យ ដោយតុលាការក្រុងម៉ូស្គូ សម្រាប់ការខកខានក្នុងការលុបចេញនូវអ្វីដែលរុស្ស៊ីចាត់ទុកថា ជាខ្លឹមសារខុសច្បាប់ ពាក់ព័ន្ធនឹងសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។
Interfax បាននិយាយថា Telegram ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ត្រូវបានបញ្ជាឱ្យបង់ប្រាក់ចំនួន ៤៧,៥២៥ដុល្លារ (៤លានរូប្លិ៍) ខណៈក្រុមហ៊ុនជប៉ុនដែលនៅពីក្រោយកម្មវិធី Viber ក៏ត្រូវបានផាកពិន័យចំនួន ១លានរូប្លិ៍ផងដែរ។
កម្មវិធី Telegram ដែលបង្កើតឡើងដោយបងប្អូនបង្កើតជនជាតិរុស្សី លោក Pavel និង លោក Nikolai Durov ក្នុងឆ្នាំ ២០១៣ គឺមានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសរុស្ស៊ី ដែលវាត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃដោយវិមានក្រឹមឡាំង និងក្រសួងការពារជាតិ ក៏ដូចជាដោយអ្នកសារព័ត៌មាន ឥស្សរជនប្រឆាំង ក្រុមសិទ្ធិមនុស្ស និងប្រជាជនសាមញ្ញរាប់រយលាននាក់នៅទូទាំងពិភពលោក។
ទីភ្នាក់ងារសារព័ត៌មាន Tass បាននិយាយថា ការផាកពិន័យដែលដាក់លើកម្មវិធី Telegram ធ្វើឡើងក្រោមមូលហេតុថា ក្រុមហ៊ុនមួយនេះបានបដិសេធក្នុងការដកចេញនូវមាតិកាចំនួន៣២ ដែលផ្សព្វផ្សាយព័ត៌មានមិនពិតអំពីអ្វីដែលរុស្ស៊ីហៅថា «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។
TASS បានរាយការណ៍ផងដែរថា តុលាការទីក្រុងមូស្គូដូចគ្នាកំពុងស៊ើបអង្កេតករណីមួយប្រឆាំងនឹងក្រុមហ៊ុន Apple ដែលត្រូវបានចោទប្រកាន់ផងដែរ ពីបទបរាជ័យក្នុងការលុបមាតិកាខុសច្បាប់៕