(ប៊ុយដាប៉ែស)៖ ប៉ូលិសហុងគ្រី បាននិយាយនៅថ្ងៃអង្គារនេះថា អាជ្ញាធរបានចាប់ខ្លួនបុរសជនជាតិន័រវេសអាយុ ៤៥ឆ្នាំម្នាក់ នៅក្នុងទីក្រុងប៊ុយដាប៉ែស (Budapest) ដែលសង្ស័យរៀបចំផែនការសម្លាប់រង្គាល ក្នុងគោលបំណងបំបែកកំណត់ត្រា ការសម្លាប់រង្គាលឆ្នាំ២០១១ ដោយបុគ្គលស្តាំនិយមជ្រុលន័រវែសម្នាក់ទៀត ឈ្មោះ អាន់ឌឺស ប៊ែរីង ប្រៃវ៉ីក (Anders Behring Breivik)។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣។

បុគ្គល ប្រៃវ៉ីក បានសម្លាប់មនុស្សចំនួន ៧៧នាក់ ដោយការបំផ្ទុះគ្រាប់បែកលើរថយន្ត នៅឯទីក្រុងអូស្លូ (Oslo) ហើយបន្ទាប់មក បានបាញ់សម្លាប់មនុស្ស ៦៩នាក់ ដោយភាគច្រើនជាក្មេងជំទង់ ដែលជាអំពើដ៏ឃោរឃៅបំផុត កើតឡើងក្នុងប្រទេសន័រវេស នៅក្នុងខែកក្កដា ឆ្នាំ២០១១។ ប៉ូលិសហុងគ្រីនិយាយថា បុរសដែលមិនត្រូវបានគេបញ្ចេញអត្តសញ្ញាណរូបនោះ បានបង្ហោះសារ និងវីដេអូជាច្រើននៅលើអ៉ីនធើណេត ដោយរៀបរាប់ពីផែនការធ្វើឃាតដ៏ធំមួយ។ ជនសង្ស័យនិយាយជាភាសាន័រវែសភាគច្រើន និងភាសាអង់គ្លេសខ្លះ ដោយថាខ្លួនចង់ធ្វើឲ្យលើសពីការសម្លាប់របស់ ប្រៃវ៉ីក។

គួរបញ្ជាក់ថា បុរសខាងលើនេះ ត្រូវបានរកឃើញដោយកងកម្លាំងប្រឆាំងភេរវកម្មកាលពីថ្ងៃពុធសប្តាហ៍មុន និងត្រូវបានចាប់ខ្លួន កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍ដដែល ហើយធ្លាប់ត្រូវបានកាត់ទោសពាក់ព័ន្ធករណីប្រព្រឹត្តអំពើហិង្សា និងបទឧក្រិដ្ឋផ្លូវភេទផ្សេងៗ នៅក្នុងប្រទេសន័រវែស៕