(ហែលស៉ិនគី)៖ សភានៃប្រទេសហ្វាំងឡង់នៅថ្ងៃអង្គារនេះ បានបោះឆ្នោតគាំទ្រ មេដឹកនាំគណបក្ស National Coalition Party លោក ប៉េតឺរី អ័រប៉ូ (Petteri Orpo) ឱ្យក្លាយជានាយករដ្ឋមន្រ្តីថ្មី ជំនួសលោកស្រី សានណា ម៉ារីន (Sanna Marin) ដែលគណបក្ស​បានទទួលបរាជ័យ ក្នុងការបោះឆ្នោតនាពេលកន្លងមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣។

រយៈពេលប៉ុន្មានខែមកនេះ ក្រោយគណបក្សរបស់លោក បានទទួលជ័យជម្នះក្នុងការបោះឆ្នោត កាលពីខែមេសាកន្លងទៅ លោក Orpo បានស្ថិតក្នុងដំណើរការយ៉ាងមមាញឹក ដើម្បីចរចាបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សមួយចំនួនទៀត។ ទីបំផុតរូបលោកស្វែងរកបាន​គណបក្សដៃគូចំនួន៣ រួមមាន Finns Party, Swedish People's Party និង Christian Democrats។ លោក Orpo ត្រូវ​បានសភាស៊ុយអែតបោះឆ្នោតគាំទ្រក្នុងសំឡេង១០៧ ខណៈ៨១សំឡេងប្រឆាំង និង១១សំឡេងអនុបវាទ។

គួរបញ្ជាក់ថា លោក Orpo នឹងត្រូវតែងតាំងជានាយករដ្ឋមន្រ្តីជាផ្លូវការ ក្នុងថ្ងៃអង្គារដដែលនេះ ដោយប្រធានាធិបតីហ្វាំងឡង់ លោក សាវលី នីនីស្តូ (Sauli Niinisto) ដើម្បីជំនួសលោកស្រី Marin ដែលគណបក្ស Social Democrats របស់លោកស្រី ទទួលបាន​ត្រឹមចំណាត់ថ្នាក់លេខ៣ ក្នុងការបោះឆ្នោត គឺក្រោយគណបក្ស National Coalition Party និងគណបក្ស Finns Party។ លោកស្រី Marin បានកាន់តំណែងជានាយករដ្ឋមន្រ្តីហ្វាំងឡង់ កាលពីឆ្នាំ២០១៩៕