(បែរឡាំង)៖ ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ ដឺ ស្ពីហ្គែល (Der Spiegel) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានរាយការណ៍ថា កងកម្លាំងយោធាអាល្លឺម៉ង់ នៅសល់គ្រាប់កាំភ្លើងធំ តែប្រមាណជា ២០,០០០គ្រាប់ប៉ុណ្ណោះ ក្រោយការផ្តល់ជំនួយដល់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣។

សេចក្តីរាយការណ៍ខាងលើធ្វើឡើង ដោយផ្អែកលើឯកសារដែលក្រសួងការពារជាតិអាល្លឺម៉ង់ ត្រៀមដាក់ជូនគណៈកម្មាធិការកញ្ចប់ថវិកា ក្រោមគោលដៅសង្កត់ធ្ងន់ ពីតម្រូវការចាំបាច់ក្នុងការទិញគ្រាប់កាំភ្លើងធំបន្ថែមជាបន្ទាន់ ដើម្បីស្តារស្តុកឡើងវិញ។ បណ្តាប្រទេសលោកខាងលិច ដូចជាអាល្លឺម៉ង់ជាដើម បាននាំគ្នាសម្រុកជួយផ្គត់ផ្គង់ គ្រាប់កាំភ្លើងធំប្រភេទ១៥៥មីលីម៉ែត្រ ទៅកាន់ប្រទេសអ៊ុយក្រែន ក្រោយរុស្ស៉ីបានបើក​ការឈ្លានពានលើប្រទេសជិតខាងខ្លួនមួយនេះ កាលពីខែកុម្ភៈ ឆ្នាំមុន។ ជាលទ្ធផល ប្រការនេះបានធ្វើឱ្យចំនួនអាវុធនៅក្នុងស្តុករបស់ពួកគេ មានការ​ថយចុះទៅតាមនោះដែរ។

គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍ដដែល យោធាអាល្លឺម៉ង់គឺត្រូវការបង្កើនគ្រាប់កាំភ្លើងធំ នៅក្នុងឃ្លាំងរបស់ខ្លួនឱ្យដល់ប្រហែល ២៣០,០០០គ្រាប់ នៅត្រឹមឆ្នាំ២០៣១ ដើម្បីឱ្យស្របទៅតាមគោលដៅរបស់អង្គការណាតូ (NATO) ដែលតម្រូវឱ្យសមាជិកទាំងឡាយ ត្រូវមាន​គ្រាប់កាំភ្លើងធំគ្រប់គ្រាន់ ដើម្បីប្រើប្រាស់ក្នុងស្ថានភាពប្រយុទ្ធដ៏តានតឹង សម្រាប់រយៈពេល៣០ថ្ងៃ៕