(កៀវ)៖ អ៊ុយក្រែន នៅថ្ងៃចន្ទសប្តាហ៍នេះបាននិយាយថា ប្រទេសហុងគ្រី បានព្រងើយកន្តើយ ចំពោះការស្នើសុំទំនាក់ទំនងជាមួយឈ្លើយសឹក ដែលត្រូវបានផ្ទេរ ដោយសម្ងាត់ពីរុស្ស៉ី ហើយហៅទង្វើនេះថាជាសកម្មភាពបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន របស់រដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី វ៉ិចទ័រ អ័របាន (Viktor Orban)។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣។
ហុងគ្រី ក្រោមការដឹកនាំរបស់លោក Orban បានពង្រឹងទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចយ៉ាងរឹងមាំជាមួយរុស្ស៉ី បានឱ្យដឹងកាលពីថ្ងៃទី៩ ខែមិថុនាកន្លងទៅ ថាខ្លួនបានទទួលឈ្លើយសឹកអ៊ុយក្រែន ១១នាក់ ដែលត្រូវបានផ្ទេរមកពីរុស្ស៉ី។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក អូឡិក នីកូលិនកូ (Oleg Nikolenko) បានគូសបញ្ជាក់ថា «រាល់ការប៉ុនប៉ងរបស់អ្នកការទូតអ៊ុយក្រែន ដើម្បីបង្កើតទំនាក់ទំនងផ្ទាល់ជាមួយពលរដ្ឋអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗ នេះបានបរាជ័យ»។ លោក នីកូលិនកូ បានបន្ថែមថា «ករណីនេះ ក៏ដូចជាព័ត៌មានដែលយើងទទួលបានពីសាច់ញាតិរបស់ពួកគេមួយចំនួន បង្ហាញថា ការធានារបស់អាជ្ញាធរហុងគ្រីលើសេរីភាពឈ្លើយសឹកអ៊ុយក្រែន គឺមិនមែនជាការពិតនោះទេ»។
គួរបញ្ជាក់ថា បើតាមការដកស្រង់សម្តីរបស់ប្រធានការិយាល័យប្រធានាធិបតីហុងគ្រី របស់ប្រព័ន្ធផ្សព្វផ្សាយរបស់ហុងគ្រី និងអន្តរជាតិ ទាហានអ៊ុយក្រែន បានមកដល់ហុងគ្រី ដោយឆន្ទៈរបស់ពួកគេ ដូច្នេះពួកគេក៏អាចចាកចេញពីហុងគ្រីនៅពេលណាក៏បានដោយសេរី និងមិនមានការត្រួតពិនិត្យឡើយ ហើយ ទីក្រុងកៀវ ក៏ត្រូវបានជូនដំណឺងអំពីការផ្ទេរនេះដែរ។ ក្រសួងការបរទេសហុងគ្រី នៅមិនទាន់ឆ្លើយតបចំពោះសំណើរសុំការបំភ្លឺនោះទេ៕