(ហ្សឺណែវ)៖ ម្ចាស់ជំនួយអន្តរជាតិ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានសន្យាផ្តល់នូវជំនួយជិត ១.៥ពាន់លានដុល្លារសម្រាប់ប្រទេសស៊ូដង់ និងតំបន់ជុំវិញ ដែលស្មើ នឹងប្រហែលពាក់កណ្តាលនៃតម្រូវការប៉ាន់ស្មានសម្រាប់វិបត្តិមនុស្សធម៌ ដែលបានបង្ខំឲ្យមនុស្សប្រមាណ ២.២លាននាក់ភៀសខ្លួន ចេញពីផ្ទះសម្បែង របស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣។

សន្និសីទមួយដើម្បីរៃអង្គាសប្រាក់ បានធ្វើឡើងនៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស ដែលរៀបចំដោយអាល្លឺម៉ង់ អារ៉ាប៊ីសាអូឌីត កាតា អេហ្ស៉ីប និងអង្គការសហប្រជាជាតិ (UN) សំដៅសន្យាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ដែលត្រូវបានរារាំងដោយការរំលោភបំពានបទឈប់បាញ់ ការលួចប្លន់ និងការគ្រប់គ្រងបែបការិយាល័យធិបតេយ្យក្នុងសង្គមរបស់ស៊ូដង់។

ប្រធានទីភ្នាក់ងារជំនួយរបស់ UN លោក ម៉ាទីន ហ្រ្គីហ្វហ្វីត (Martin Griffiths) បានឲ្យដឹងថា ម្ចាស់ជំនួយបានប្រកាសពីការសន្យាជិត ១.៥ពាន់លានដុល្លារ ទោះបីជាវាមិនច្បាស់ភ្លាមៗថាតើថវិកាទាំងអស់ជាកញ្ចប់ជំនួយថ្មី ឬក៏ថាតើនៅពេលណាដែលនឹងត្រូវបញ្ចេញថវិកាទាំងនោះ ក៏ដោយ។ ថវិកា ២១៨លានដុល្លារ បានមកពីអាល្លឺម៉ង់ និង ១៧១លានដុល្លារពីសហរដ្ឋអាមេរិក។ ចំណែក សហភាពអឺរ៉ុបបានសន្យាផ្តល់ថវិកាជាង ២០៧លានដុល្លារ និងកាតាចំនួន ៥០លានដុល្លារ។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នារវាងកងទ័ពរបស់ប្រទេសស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា (RSF) បានប្រែក្លាយរដ្ឋធានីខាទុំ (Khartoum) ទៅជាតំបន់សង្រ្គាម ហើយបានបង្កឲ្យមានការវាយប្រហារដ៍សាហាវម្តងហើយម្តងទៀត និងការផ្លាស់ទីលំនៅដ៏ធំនៅក្នុងតំបន់ដាហ៊្វួរ (Darfur) ស្ថិតនៅភាគខាងលិចនៃប្រទេស ក៏ដូចជាផ្នែកផ្សេងទៀតនៃប្រទេសស៊ូដង់។

ទោះបីជាមានបទឈប់បាញ់រយៈពេល ៧២ម៉ោង ចាប់តាំងពីថ្ងៃអាទិត្យចុងសប្តាហ៍មុនក៏ដោយ តែអ្នកស្រុកបានរាយការណ៍ថា ការលួចប្លន់បានកើនឡើង នៅពេលដែលការប៉ះទង្គិចថយចុះ ហើយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និយាយថាការបាញ់ប្រហារដាក់គ្នា បានបង្អាក់ដល់ការផ្ទេរ ទាហានដែលរងរបួសទៅកាន់មន្ទីរពេទ្យ៕