(យូអិន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានអំពាវនាវឱ្យអ៉ីស្រាអែល បញ្ឈប់ជាបន្ទាន់នូវការសកម្មភាពតាំងទីលំនៅ ខុសច្បាប់ នៅក្នុងដែនដីប៉ាឡេស្ទីនដែលខ្លួនកំពុងគ្រប់គ្រង ដោយចាត់ទុកផែនការសាងសង់លំនៅឋានបន្ថែមសម្រាប់ជនជាតិអ៉ីស្រាអែលគឺជាកត្តាជំរុញឱ្យមាន ភាពតានតឹង និងអំពើហិង្សាដែលជាឧបសគ្គធំរារាំង ដល់ការស្វែងរកសន្តិភាពយូរអង្វែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ​ ទី២០ ខែមិថុនា ឆ្នាំ២០២៣។

ការកត់សម្គាល់ខាងលើរបស់លោកប្រមុខ UN កើតមានឡើង បន្ទាប់ពីជនជាតិប៉ាឡេស្ទីន ៥នាក់ ក្នុងនោះរួមមានកុមារម្នាក់អាយុ១៥ឆ្នាំ ត្រូវបានសម្លាប់ និងជាង ៩០នាក់ផ្សេងទៀតរងរបួស នៅក្នុងការប៉ះទង្គិចគ្នាដ៏ហិង្សាមួយដែលបានកើតឡើង អំឡុងទាហានអ៉ីស្រាអែលបើកប្រតិបត្តិការវាយឆ្មក់មួយលើជំរំជនភៀសខ្លួន ក្នុងទីក្រុង Jenin នៃតំបន់ West Bank កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យរងម្នាក់របស់លោកប្រមុខ UN គឺលោក ហា្វហាន់ ហាក (Farhan Haq) បានឱ្យដឹងថាលោក Antonio Guterres បានបញ្ជាក់ឡើងវិញថាការតាំងទីលំនៅរបស់អ៉ីស្រាអែល នៅក្នុងដែនដីប៉ាឡេស្ទីនដែលខ្លួនកំពុងគ្រប់គ្រង គឺជាទង្វើបំពានលើច្បាប់អន្តរជាតិ ហើយជាកត្តាមួយ ដែលបង្កឱ្យមានអំពើហិង្សា និងភាពតានតឹង។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានអនុម័តលើផែនការសាងសង់លំនៅឋានរាប់ពាន់ខ្នង បន្ថែមសម្រាប់ជនជាតិអ៉ីស្រាអែល នៅក្នុងតំបន់ West Bank ជាមួយការផ្ដល់អំណាចឱ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក បេហ្សាលែល ស្មូទ្រីស (Bezalel Smotrich) ដែលមាននិន្នាការស្ដាំនិយមជ្រុល ជាអ្នកទទួលខុសត្រូវលើគម្រោងសាងសង់លំនៅឋានទាំងនោះ ដែលត្រូវបានចាត់ទុកថាខុសច្បាប់នៅក្រោមច្បាប់អន្តរជាតិ៕