(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាការគំរាមកំហែងរបស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ពាក់ព័ន្ធនឹងការប្រើប្រាស់ អាវុធនុយក្លេអ៊ែរតាក់ទិក ក្នុងសង្រ្គាមនៅអ៊ុយក្រែន គឺជាការពិត ប៉ុន្មានថ្ងៃ បន្ទាប់ពីរូបលោកបានថ្កោលទោសការដាក់ពង្រាយអាវុធនុយក្លេអ៊ែរប្រភេទនេះ ក្នុងប្រទេសបេឡារុស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣។

កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន លោក បៃដិន បានចាត់ទុកការប្រកាសរបស់លោក ពូទីន ដែលថារុស្ស៉ីបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិករបស់ខ្លួនជាលើក ដំបូង នៅលើទឹកដីបេឡារុស គឺជាទង្វើគ្មានការទទួលខុសត្រូវទាល់តែសោះ។ ជាថ្មីម្ដងទៀត នៅថ្ងៃចន្ទសប្ដាហ៍នេះ លោក បៃដិន បានគូសបញ្ជាប់ប្រាប់ម្ចាស់ ជំនួយមួយក្រុមក្នុងរដ្ឋកាលីហ្វ័រញ៉ា ដូច្នេះថា «...នៅពេលដែលខ្ញុំបង្ហាញក្ដីបារម្ភថាទន្លេនៃរដ្ឋ Colorado អាចនឹងរីងស្ងួត មនុស្សគ្រប់គ្នាមើលមកខ្ញុំដូចជាមនុស្ស ឆ្កួត ហើយពួកគេនៅតែមើលមកខ្ញុំក្នុងន័យបែបនេះ នៅពេលខ្ញុំនិយាយថាបារម្ភពីលោក ពូទីន អាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិក។ វាគឺជាការពិត»

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ បានអះអាងថាប្រទេសរបស់លោកបានចាប់ផ្ដើមទទួលបាន ក្បាលគ្រាប់នុយក្លេអ៊ែរតាក់ទិកពីរុស្ស៉ី ដែលមានក្បាលគ្រាប់មួយចំនួនត្រូវបានមេដឹកនាំរូបនេះបញ្ជាក់ថាមានអនុភាពខ្លាំងជាង ៣ដង បើធៀបទៅនឹង គ្រាប់បែកនុយក្លេអ៊ែរដែលសហរដ្ឋអាមេរិកបានទម្លាក់លើទីក្រុង Hiroshima និងទីក្រុង Nagasaki ប្រទេសជប៉ុន កាលពីឆ្នាំ១៩៤៥៕