(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថាលោកផ្ទាល់បានស្នើឱ្យរដ្ឋាភិបាលចិនមាន ការប្រុងប្រយ័ត្ន ចំពោះបណ្ដាក្រុមហ៊ុនឯកជនចិនមួយចំនួនដែលអាចនឹងផ្គត់ផ្គង់ឱ្យរុស្ស៉ី នូវបច្ចេកវិទ្យាដែលអាចនឹងត្រូវបានប្រើប្រាស់ប្រឆាំងអ៊ុយក្រែន បើទោះជាលោកមើលមិនឃើញមានភស្ដុតាងបញ្ជាក់ថាទីក្រុងប៉េកាំង កំពុងផ្ដល់ជំនួយអាវុធឱ្យទីក្រុងមូស្គូក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣។

ការអត្ថាធិប្បាយរបស់លោក Blinken ធ្វើឡើងអំឡុងបញ្ចប់ដំណើរទស្សនកិច្ចដ៏កម្រមួយក្នុងទីក្រុងប៉េកាំង ជាទីដែលចិន និងអាមេរិក បានព្រមព្រៀងគ្នា ក្នុងការរក្សាស្ថិរភាពទំនាក់ទំនងរវាងប្រទេសទាំង២ ដើម្បីបញ្ចៀសកុំឱ្យជម្លោះណាមួយផ្ទុះឡើង បើទោះជាដំណើរទស្សនកិច្ចរបស់លោក រដ្ឋមន្ត្រីការបរទេសអាមេរិក មិនអាចសម្រេចបាននូវលទ្ធផលផ្លែផ្កាជាដុំកំភួនអ្វីក៏ដោយ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Blinken បានគូសបញ្ជាក់ដូច្នេះថា «អ្វីដែលយើងកំពុងព្រួយបារម្ភ នោះគឺក្រុមហ៊ុនចិនមួយចំនួនប្រហែលជាអាច នឹងផ្គត់ផ្គង់បច្ចេកវិទ្យាដែលរុស្ស៉ីអាចនឹងយកទៅប្រើ ដើម្បីបំប៉នការឈ្លានពានរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន។ ដូច្នេះយើងបានស្នើឱ្យរដ្ឋាភិបាលចិន មានការប្រុងប្រយ័ត្នពាក់ព័ន្ធនឹងបញ្ហានេះ»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក រួមទាំងសម្ព័ន្ធមិត្តលោកខាងលិច បាន និងកំពុងបន្តផ្ដល់អាវុធឱ្យអ៊ុយក្រែន ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ដើម្បី ការពារខ្លួនពីការឈ្លានពានពីសំណាក់រុស្ស៉ី ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក។ ក្នុងពេលជាមួយគ្នា ចិនក៏កំពុងប្រឈមនឹងការចោទប្រកាន់ផងដែរថា មានបំណងផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ី។ ប៉ុន្តែ ទីក្រុងប៉េកាំងបានច្រានចោលការចោទប្រកាន់នេះ៕