(វ៉ាស៊ីនតោន)៖ នាវា និងយន្ដហោះជាច្រើនគ្រឿងរបស់សហរដ្ឋអាមេរិក និងកាណាដា នៅថ្ងៃចន្ទសប្ដាហ៍នេះ បានដឹកនាំប្រតិបត្តិការតាមស្វែងរក នាវាមុជទឹកមួយគ្រឿងដែលបានបាត់ខ្លួនកាលពីប៉ុន្មានថ្ងៃមុននេះ នៅឯតំបន់ឆ្នេរភាគអាគ្នេយ៍នៃប្រទេសកាណាដា ខណៈកំពុងនាំភ្ញៀវទេសចរ រុករកបំណែកកប៉ាល់ Titanic។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣។

ឆ្មាំសមុទ្រអាមេរិកបានឱ្យដឹងថានាវាមុជទឹកដែលបាត់ខ្លួនខាងលើមានផ្ទុកអ្នកបើកបរម្នាក់ និងអ្នកដំណើរ៤នាក់ ហើយនាវាមុជទឹកនេះទៀតសោត មានសមត្ថភាពអាចមុជទឹកបាន ៩៦ម៉ោង។ ប៉ុន្តែ គេមិនទាន់ដឹងច្បាស់ថាតើនាវាមុជទឹកនេះកំពុងស្ថិតនៅក្រោមទឹក ឬក៏ឡើងមកលើផ្ទៃទឹកហើយ ឬក៏យ៉ាងណានោះទេ ព្រោះការទំនាក់ទំនងត្រូវបានកាត់ផ្ដាច់។

នាវាមុជទឹកដែលបានបាត់ខ្លួនខាងលើ ត្រូវបានរាយការណ៍ថាជាកម្មសិទ្ធិក្រុមហ៊ុនឯកជនមួយមានឈ្មោះថា OceanGate Expeditions ហើយ ក្រុមហ៊ុនក៏បានសន្យាដែរថានឹងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីជួយដល់ប្រតិបត្តិការតាមស្វែងរក និងជួយសង្រ្គោះមនុស្សដែល នៅលើនាវាមុជទឹកនោះ។

គួរបញ្ជាក់ថា កប៉ាល់យក្ស Titanic បានលិចចូលសមុទ្រក្នុងឆ្នាំ១៩១២ អំឡុងការធ្វើដំណើរកម្សាន្តមួយ ក្រោយបុកទង្គិចទៅនឹងផ្ទះទឹកកក ដោយ បណ្ដាលឱ្យមនុស្សច្រើនជាង ១,៥០០នាក់បានស្លាប់៕