(ញូវដែលី)៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ ក្នុងដំណើរទស្សនកិច្ចមួយដែលត្រូវបានពិពណ៌នាថា ជាចំណុចរបត់ដ៏សំខាន់មួយ សម្រាប់ទំនាក់ទំនងទ្វេភាគី ក្នុងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនៅក្នុងឧស្សាហកម្មការពារជាតិ និងការចែករំលែកបច្ចេកវិទ្យាខ្ពស់។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣។

ដំណើរទស្សនកិច្ចនេះត្រូវបានគេរំពឹងថា នឹងផ្តល់ឱ្យឥណ្ឌានូវលទ្ធភាពទទួលបានបច្ចេកវិទ្យាសំខាន់ៗរបស់សហរដ្ឋអាមេរិក ដែលទីក្រុងវ៉ាស៊ីនតោនកម្រចែករំលែកជាមួយមិនមែនសម្ព័ន្ធមិត្តណាស់ ដោយជំរុញទំនាក់ទំនងថ្មីដែលគាំទ្រមិនត្រឹមតែដោយនយោបាយពិភពលោកប៉ុណ្ណោះទេ ថែមទាំងពាណិជ្ជកម្ម និងសេដ្ឋកិច្ចផងដែរ។

ទីក្រុងវ៉ាស៊ីនតោន និងញូវដេលី ដែលទំនាក់ទំនងរបស់ពួកគេត្រូវបានសម្គាល់ ដោយការសង្ស័យគ្នាទៅវិញទៅមកក្នុងអំឡុងសង្គ្រាមត្រជាក់ បានផ្តើមជិតស្និទ្ធគ្នាជាងពីរទសវត្សរ៍មកនេះ ខណៈដែលប្រធានាធិបតីអាមេរិកជាបន្តបន្ទាប់បានបង្ហាញពី ការគាំទ្រកិច្ចសហប្រតិបត្តិការទរទ្វេភាគីជាមួយ​នឹងប្រទេសអាស៊ីមួយនេះ។

ប្រធានាធិបតីអាមេរិក លោក Joe Biden បានពង្រឹងកេរ្តិ៍ដំណែលនេះ និងពង្រីកកិច្ចសហប្រតិបត្តិការ ខណៈដែលសហរដ្ឋអាមេរិកមើលឃើញថា ឥណ្ឌាជាដៃគូដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីទប់ទល់នឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិននៅជុំវិញពិភពលោក និងពង្រឹងសន្តិសុខនៅឥណ្ឌូប៉ាស៊ីហ្វិក។

វ៉ាស៊ីនតោន​ក៏​ចង់​ផ្តាច់​ឥណ្ឌា​ចេញ​ពី​ដៃគូ​ការពារ​ប្រពៃណី​របស់​ខ្លួន​គឺ​រុស្ស៊ីផងដែរ ខណៈទីក្រុងញូវដែលីបន្តធ្វើជំនួញជាមួយទីក្រុងមូស្គូ ហើយបានបង្កើនការទិញប្រេងពីរុស្សីដែលមានតំលៃថោក បន្ទាប់ពីការលុកលុយអ៊ុយក្រែន ដែលធ្វើអោយលោកខាងលិចមានការខកចិត្តយ៉ាងខ្លាំង៕